សៀមរាប ៖ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា របស់ប្រទេសជប៉ុន បានចាប់ផ្តើមជួសជុលប្រាសាទតុបខាងលិច តាំងពីឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញានេះ បានបញ្ចប់ជំហានទី១ ដោយបានបិទបញ្ចប់ការជួសជុលប្រាង្គខាងត្បូងនៃប្រាសាទនេះនិងបន្តជួសជុលប្រាង្គប្រាសាទតុបខាងជើងទៀត។
ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់ លោក រស់ បូរ៉ាត់ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក Kamoshida Naoki ទីប្រឹក្សាអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជាអ្នបើកកម្មវិធី វគ្គជួសជុលប្រាង្គខាងត្បូង និងបើកការដ្ឋានជួសជុលប្រាង្គខាងជើង កាលពីព្រឹកថ្ងៃទី២៣ខែកញ្ញានេះនៅបរិវេណប្រាសាទតុប។
លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលប្រាសាទតុបខាងលិច បានប្រាប់ថា ការជួសជុលប្រាង្គខាងត្បូងបានបញ្ចប់ជាស្ថាពរ ហើយចាប់ពី ពេលនេះដល់ឆ្នាំ២០២០ វិទ្យាស្ថានណារ៉ាចាប់ផ្តើមជំហានទី២ ដោយជួសជុលប្រាង្គខាងជើងវិញម្តង។ ក្នុងជំហានទី៣ ចាប់ពីឆ្នាំ២០២០តទៅ នឹងចាប់ផ្តើមជួសជុលតួប្រាង្គកណ្តាល។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោកបណ្ឌិត លី វណ្ណា បានរៀបរាប់អំពីបេសកកម្មសំខាន់ៗនៃវិទ្យាស្ថានណារ៉ាថា តាំងពីឆ្នាំ១៩៩៣មក វិទ្យាស្ថាននេះបានចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងសិស្សបុរាណវិទ្យាមួយចំនួនចេញពីមហាវិទ្យាល័យបុរាណវិទ្យា ទៅសិក្សាបន្តនៅប្រទេសជប៉ុន និងចូលរួមស្រាវជ្រាវជាបន្តបន្ទាប់ដូចជានៅប្រាសាទបន្ទាយក្តី ឡតានី និងចូលរួមកសាងសារមន្ទីរឡតានីជាដើម។
សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ត្រូវបានកសាងឡើងក្នុងរវាងសតវត្សរ៍ទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រីហើយ ប្រាសាទនេះត្រូវបានកសាងឡើងឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ លុះចូលដល់សម័យកណ្តាល (ស.វទី១៥ឬ១៦) គឺពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនា ថេរវាទវិញ ប្រាសាទនេះត្រូវបានគេកសាងប្រាង្គពីរអមសងខាង ព្រមទាំងរានហាលខាងមុខប្រាសាទបន្ថែមទៀត។ រានហាលនេះ ត្រូវបានរៀបចំជារោងឧបោសថ សម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទ៕
វិទ្យាស្ថានណារ៉ាបន្តជួសជុលប្រាសាទប្រាង្គប្រាសាទតុបខាងជើងទៀត
0 Comments