ភ្នំពេញ ៖ កីឡាករវ័យក្មេង យុគ យក្សផ្លែ សិស្សគុនរបស់ក្លិបអប់រំកាយ និងកីឡា ប្រចាំនៅខេត្តបាត់ដំបង បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងស្ញប់ស្ញែងនៃស្នៀតប្រយុទ្ធលើសង្វៀន ហើយក៏កំពុងដើរតាមគន្លងចាស់របស់បងប្រុសរបស់គេគឺយុគ យក្សគីល អតីតជាកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីជាង៥ឆ្នាំមុននោះ។
មួយរយះចុងក្រោយនេះក្នុងពិភពប្រដាល់ គ្មានអ្នកណាមិនស្គាល់ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់កីឡាករយុគ យក្សផ្លែ នោះឡើយ បើទោះជាសមត្ថភាពរបស់លោកនៅមិនទាន់ដូចកីឡាករ យុគ យក្សគីល ដែលជាបងប្រុសក្នុងពេលលោកឡើងកូដខ្លាំងប្រមាណជាង៥ឆ្នាំកន្លងមកក៏ដោយ។
នៅលើសង្វៀនតាមស្ថានីយទូរទស្សន៍នានាក្នុងក្រុងភ្នំពេញ កីឡាករយុគ យក្សផ្លែ ត្រូវគេទទួលស្គាល់ថាជាកីឡាករដែលមានកណ្ដាប់ដៃខ្លាំងមិនចាញ់បងប្រុសរបស់គេកាលពីមុននោះឡើយ។
ជាក់ស្ដែងនៅលើសង្វៀនស្ទើរគ្រប់ប៉ុស្តិ៍ យុគ យក្សផ្លែ បានឡើងប្រកួតឈានមកដល់គូឯកដែលជាគូទស្សន៍ទាយ និងជាគូដ៏សំខាន់ទៀតផង។ ស្របគ្នាដែលកីឡាករ យុគ យក្សផ្លែ ឡើងរេញពេលណាក៏បានបង្ហាញភាពខ្លាំងហើយដណ្ដើមបានជ័យជម្នះលើគូប្រកួតផងនោះ ទើបកាន់តែធ្វើឲ្យកីឡាកររូបនេះជាប់ឈ្មោះក្នុងបញ្ជីអ្នកខ្លាំងស្រករក្រោយជាច្រើនផងដែរ។
កីឡាករ យុគ យក្សផ្លែ អ្នកប្រដាល់នៅក្នុងក្លិបអប់រំកាយ និងកីឡា ប្រចាំនៅខេត្តបាត់ដំបងអះអាងថា តាំងពីចាប់ផ្តើមឡើងសង្វៀនដំបូងរហូតមកដល់ពេលនេះ មហិច្ឆតាចង់ក្លាយជាកីឡាករល្បីឈ្មោះឲ្យដូចបងប្រុស យុគ យក្សគិល កាលពីល្បីខ្លាំងនោះ គឺនៅមិនទាន់បានដល់គោលដៅនៅឡើយនោះទេ។
កីឡាកររូបនេះបន្តថា បច្ចុប្បន្នលោកកំពុងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និងកម្លាំងស៊ុហ្វដែលមិនអាចខ្វះបានគ្រប់ពេលត្រូវគេផ្គូផ្គងឲ្យឡើងសង្វៀន ព្រោះថាទាំងបងប្រុសទាំងរូបលោកមិនសូវមានកម្ពស់ខ្ពស់ឡើយ ដូច្នេះស្នៀតកណ្តាប់ដៃ និងស្នៀតជើងទាត់ ព្រមទាំងបច្ចេកទេសផ្សេងៗទៀតពិតជាសំខាន់ណាស់សម្រាប់យកឈ្នះលើគូប្រកួត ដែលមានកម្ពស់ខ្ពស់ជាងនោះ។
អ្នកវិភាគកីឡាប្រដាល់ជាច្រើនបានលើកឡើងថា បើ យុគ យក្សផ្លែ នៅតែបន្តយកឈ្នះលើគូប្រកួតដែលជាជើងខ្លាំងទៀតនោះ កីឡាកររូបនេះពិតជាក្លាយជាជើងខ្លាំងមួយរូបថ្មីក្នុងពិភពអ្នកប្រដាល់ក្បាច់ខ្មែរបុរាណជាច្រើនទៀតដែលមិនអាចមើលរំលងបាននោះឡើយ។ ចំណែកគណៈកម្មការរៀបចំប្រដាល់នៅប៉ុស្តិ៍ទូរទស្សន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ថា កីឡាករយុគ យក្សផ្លែ កំពុងក្លាយជាកីឡាករទទួលការចាប់អារម្មណ៍ក្នុងពេលបច្ចុប្បន្នពីស្រទាប់មហាជនជាច្រើន។ អញ្ចឹងហើយទើបក្រុមអ្នករៀបចំ នឹងគ្រោងផ្ដល់ឱកាសឲ្យគេឡើងរេញប្រកួតលក្ខណៈអន្តរជាតិ ឬមានមុខប្រកួតដើម្បីដណ្ដើមខ្សែក្រវាត់ណាមួយ ក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើកីឡាកររូបនេះនៅអាចរក្សាទម្រង់ការប្រកួតបានល្អទៀតនោះ៕
យុគ យក្សផ្លែ កំពុងបង្ហាញភាពខ្លាំងដើរតាមគន្លងចាស់ យុគ យក្សគិល កាលនៅល្បី
0 Comments