ភ្នំពេញ ៖ តាមការគ្រោងទុក ចៅក្រមតុលាការក្រុងភ្នំពេញនឹងធ្វើការជំនុំជម្រះទោសលោក ពេជ្រ ព្រហ្មមុនី អតីតជំនួយការផ្ទាល់របស់លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញដែលញៀនល្បែងស៊ីសងមិនលោះថ្ងៃមួយរូប។
លោកមេធាវី ផេង ស៊ីដេត មេធាវីការពារផ្លូវច្បាប់ឲ្យលោក ពេជ្រ ព្រហ្មមុនី បានប្រាប់ឲ្យដឹងថា សវនាការនាព្រឹកថ្ងៃ២៥កញ្ញានេះ ដឹកនាំដោយលោកចៅក្រម វេង ហ៊ត ចៅក្រមតុលាការក្រុងភ្នំពេញ និងតំណាងអយ្យការលោក លី សុផាណា ជាព្រះរាជអាជ្ញារង។
លោកមេធាវី ផេង ស៊ីដេត បានឲ្យដឹងទៀតថា សំណុំរឿងនេះតុលាការបានចោទកូនក្ដីរបស់លោកពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ និងបទប្រើប្រាស់ដោយគ្មានសិទ្ធនូវយានយន្តដែលមានស្លាកលេខសម្គាល់ប្រើប្រាស់ដោយយោធាកងនគរបាលតាមមរត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។
បើតាមការប្រាប់ឲ្យដឹងរបស់មេធាវីចំពោះបទល្មើសជំនួញអកម្មដែលព្រះរាជអាជ្ញាបានចោទសួរកូនក្ដីរបស់លោកកាលពីពេលថ្មីៗនេះ គឺពុំទាន់មានការចោទប្រកាន់ជាផ្លូវការទេ។
គួររំលឹកថា លោក ពេជ្រ ព្រហ្មមុនី ជានាយរងសេនាធិការកងទ័ពជើងគោក និងជាអ្នកជំនិតបំផុតរបស់លោក អាំង មាលតី ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ លោក ឡុង កេសភារម្យ សម្រេចចេញដីកាឃុំខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពីព្រះរាជអាជ្ញាអមតុលាការសាកសួរ៣ថ្ងៃ ពាក់ព័ន្ធករណីការដោះលែងឪពុកម្ដាយ ថោង សារ៉ាត់ កាលពីថ្ងទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែលក្រោយមកស្រាប់តែគេឃើញលោក ពេជ្រ ព្រហ្មមុនី បានចូលរួមក្នុងកម្មវិធីជប់លៀងមួយរបស់ក្រុមគ្រួសារលោក ថោង សារ៉ាត់។
ភាពប្រាកដប្រជានេះធ្វើឲ្យសាធារណជនមានការសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងធំមួយ ដោយសារតែគេដឹងថា លោក អាំង មាលតី ជាមនុស្សញៀនល្បែងស៊ីសងក្នុងកាស៊ីណូ ហើយការដោះលែងជនជាប់ចោទល្បីៗមួយចំនួនត្រូវបានរៀបចំដោយលោក ពេជ្រ ព្រហ្មមុនី ក្រុមចៅក្រមតុលាការដែលស្និតនឹងលោក អាំង មាលតី និងក្រុមមេធាវីបងប្អូនធម៌របស់លោក អាំង មាលតី តែម្ដង ដូចជាការដោះលែងឧក្រិដ្ឋជនគ្រឿងញៀន ការគាស់រំលើងរឿងក្ដីចាស់ៗ ដែលតុលាការបានដោះស្រាយចប់យកមកចាត់ការឡើងវិញ និងការដោះលែងឪពុកម្ដាយ ថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ជាដើម ៕
កាត់ទោសលោក ពេជ្រ ព្រហ្មមុនី នាព្រឹកនេះ
0 Comments