Ad Code

រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​

ភ្នំពេញ ៖ មួយ​សប្ដាហ៍​បាន​កន្លង​ផុត​ទៅ រឿងរ៉ាវ​សំខាន់ៗ​មួយចំនួន​ក្នុង​ស្ថាប័ន​តុលាការ ត្រូវ​បាន​សាធារណជន​មួយចំនួន​ចាប់​អារម្មណ៍​និង​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​បំផុត ។ ជន​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ត្រូវ​តុលាការ​ឃុំខ្លួន គឺជា​រឿងរ៉ាវ​សំខាន់​បំផុត​ក្នុង​សប្ដាហ៍​នេះ ។ ក្រៅ​ពី​នេះ មាន​ករណី​ផ្សេងទៀត ដូចជា សាលាឧទ្ធរណ៍​កាត់ក្តី​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រឿង​ឆបោក​ប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ ជាដើម។


ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍ ៖

ទី​១ ៖ បុរស​ម្នាក់ ដែល​បាន​សរសេរ​និង​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក  មាន​ខ្លឹមសារ​ប្រមាថ​អាយុជីវិត លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភា​កម្ពុជា ត្រូវ​បាន​លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពី​បទ គំរាមកំហែង​ថា​នឹង​សម្លាប់។


មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា “ ការ​គំរាមកំហែង​ថា ​នឹង​សម្លាប់ កាលបើ​ការ​គំរាមកំហែង​នេះ​ធ្វើឡើង​ម្តង​ហើយ​ម្តង​ទៀត ឬ សម្ដែង​ចេញ​តាម​លិខិត ឬ វត្ថុ​អ្វីមួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល។ បុរស​រូប​នេះ ឈ្មោះ ផង់ សីហា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវ​បាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​បុរស​រូប​នេះ បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលក្នុង​ទឹកដី​កម្ពុជា​វិញ។


ទី​២ ៖ ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក ហួន រាជ​ចំរើន ដែល​ចូលរួម​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ តែ​ពុំ​ទទួល​បាន​លទ្ធផល នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​តុលាការ​ឃុំខ្លួន​ពី​បទ​ឆបោក​ប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​រឿង​ជំនួញ​ដីធ្លី នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ សាលាឧទ្ធរណ៍ បាន​បើកសវនាការ​សំណុំ​រឿង​នេះ​សាជាថ្មី ដោយ​ផ្តោត​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក្រោយ​ការ​សួរដេញដោល​ជិត​មួយ​ម៉ោង លោក​ចៅក្រម ប្លង់ សំណាង បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥  ៕


ទី​៣ ៖ បុរស​ម្នាក់ បាន​លបចូល​ចាប់រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​លោកយាយ​អាយុ​៧៤​ឆ្នាំ​យ៉ាង​សាហាវព្រៃផ្សៃ ។ ទោះ​បី​យ៉ាង​ណា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់ ។


ជនសង្ស័យ​ឈ្មោះ ថា​ត់ ភឿន អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​ខេត្តកំពត និង សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ  ពីបទ ” ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត។


​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ តុលាការ​កំពូល​បាន​បើកសវនាការ​សំណុំ​រឿង​នេះ​សាជាថ្មី។ ក្រោយ​ការ​សួរដេញដោល តុលាការ​បាន​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥។


​ទី​៤ ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង  នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​លោក អ៊ឹម វ​ណ្ណះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ ដោយ​ចោទប្រកាន់​បី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង បទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស យោង​តាម​មាត្រា​២១៨ និង មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ ។​


​កាល​ពីពេល​ថ្មីៗ​នេះ លោក អ៊ុក ពេជ្រ​សំណាង  ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​៧​ឆ្នាំ ក្នុង​រឿង​ចូលរួម​កុបកម្ម​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ផង​ដែរ៕


Nita-12-A-11-Full


Nita-12-A-12-Full


Nita-12-A-13-Full


Nita-12-A-14-Full


Nita-12-A-15-Full




រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​

Post a Comment

0 Comments

Close Menu