ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ថ្លែងថា ឆន្ទៈ សមត្ថភាព សុខភាព ភាពស្មោះត្រង់គឺជាលក្ខណសម្បត្តិរបស់កងទ័ពដើម្បីពង្រឹងប្រៀបការពារប្រទេសជាតិ និងរក្សាសន្តិភាពទុកសម្រាប់យើងទាំងអស់គ្នា។
លោកហ៊ុន ម៉ាណែត លើកឡើង បែប នេះក្នុងឱកាស ថ្លែងទៅកាន់នាយ ទាហាន ពលទាហាន ក្រុមគ្រួសារទ័ព និងនិវត្តជននៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនាយទាហាន ពលទាហាន និងក្រុមគ្រួសារ និងនិវត្តជននៃ អង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គនាយកដ្ឋានរតនាគារជាតិ និងកងពលតូចថ្មើរជើងលេខ៥៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចម្រុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោកបានមានប្រសាសន៍ថា ឆន្ទៈ សមត្ថភាព សុខភាព ភាពស្មោះត្រង់គឺជាលក្ខណសម្បត្តិរបស់កងទពដើម្បីពង្រឹងការពារប្រទេសជាតិនិងរក្សាសន្តិភាពដែលបានដោយលំបាកទុកសម្រាប់ប្រជាពលរដ្ឋជំនាន់នេះ និងប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត។
លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ចំពោះកម្រិតជីវភាពរស់នៅកងទ័ពតាមរយៈការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់របបផ្សេងៗនៅតាមបណ្តាអង្គភាពនានាសំដៅលើកកម្ពស់ជីវភាពរស់នៅនិងកិត្តិយសរបស់កងទ័ព និងនិវត្តជន។ ជាក់ស្ដែងការផ្តល់សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគ និងកសាងសមិទ្ធផលនានានៅក្នុងអង្គភាពនេះគឺជាការបំពេញសេចក្តីត្រូវការរបស់កងទ័ព ក្រុមគ្រួសារ និងនិវត្តជននៅអង្គភាពនេះ និងនៅបណ្តាអង្គភាពនានា។
នាយទាហាន ពលទាហាន ក្រុមគ្រួសារទ័ព និងនិវត្តជននៅកងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ក្រុមគ្រួសារទ័ព និងនិវត្តជននាពេលនេះក៏ដូចជានាពេលកន្លងមក។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានអញ្ជើញសម្ពោធម៉ាស៊ីនផលិតទឹកស្អាត និងបញ្ចុះបឋមសិលាសាងសង់អាគារបណ្ណាល័យដែលជាអំណោយរបស់អគ្គនាយកដ្ឋានរតនាគារជាតិ និងបានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់នាយទាហាន និងសប្បុរសជន ដែលបានចូលរួមកសាងសមិទ្ធផលនានានៅក្នុងកងពលតូចថ្មើរជើងលេខ៥៣ និងបានប្រគល់អំណោយជា គ្រឿងឧបភោគ បរិភោគ កងពល តូចថ្មើរជើងលេខ៥៣ គ្រួសារ កងទ័ព និងនិវត្តជនផងដែរ៕
ឆន្ទៈសមត្ថភាព សុខភាព ភាពស្មោះត្រង់គឺជាលក្ខណសម្បត្តិរបស់កងទ័ព
0 Comments