ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋចំនួន៣.១៥៦នាក់នៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលសកម្មភាពមនុស្សធម៌នេះដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមានការអញ្ជើញចូលរួមសំណាក់ឯកឧត្ដម គុណ ញឹម អនុប្រធានក្រុមការងារចុះជួយស្រុកខ្សាច់កណ្តាល អាជ្ញាធរស្រុក/ខេត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីផ្តល់ការពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមទីជនបទនៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនាអ្វីឡើយ ក្នុងគោលបំណងបំពេញតម្រូវការជូនដល់ប្រជាពលរដ្ឋ និងជួយសម្រាលបន្ទុកក្នុងការចំណាយទៅលើការព្យាបាលសុខភាពប្រចាំថ្ងៃ ដែលនេះគឺការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការប្រមូលកម្លាំងស្ម័គ្រចិត្ត ដោយសហការជាមួយផ្នែកដែលពាក់ព័ន្ធដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាមួយគ្នានេះ អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យ និងព្យាបាលបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឲ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធ្វើសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ និងមានតម្លៃសម្រាប់សង្គម។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥នេះ គឺជាបេសកកម្មលើកទី១៦ ប្រចាំឆ្នាំ២០១៥របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងអង្គការផ្សេងៗ៕
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកខ្សាច់កណ្តាល
0 Comments