Ad Code

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បារម្ភ​ពី​ជំនួយ​របស់​សហភាព​អឺរ៉ុប​ផ្តល់​មិនទាន់​ពេលវេលា

*ថវិកា​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កើនឡើង​ជាង​៧០០ ភាគរយ​សម្រាប់​ឆ្នាំ​២០១៦

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​សម្តែង​ក្តី​បារម្ភ​ពី​ជំនួយ​របស់​សហភាព​អឺរ៉ុប ដែល​ផ្តល់​មិនទាន់​ពេលវេលា ពីព្រោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ ប៉ុន្តែ​មកដល់ពេលនេះ នៅ​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា អំពី​ការ​ផ្តល់​ជំនួយ​នៅឡើយ​ទេ ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​សម្រាប់​ធ្វើ​ការងារ។


ការ​បារម្ភ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប ពិភាក្សា​ការងារ​រវាង​តំណាង គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ​.​ជ​.​ប ជាមួយ​តំណាង​សហភាព​អឺរ៉ុប កញ្ញា ហ្វី​អូ​ណា រ៉ា​ម​ស៊ី (Ms. Fiona RAMSRY) ប្រធាន​ផ្នែក​សហប្រតិបត្តិការ កញ្ញា វៀជី​នី ឡា​ផ្លី ថា​យ (Miss Virginie LAFALEUR TIGHE) អនុព័ន្ធ​ផ្នែក​អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស និង​ជំនាញការ​ពីរ​រូប​ដែល​ត្រូវ​ចូល​មក​ធ្វើការ​នៅ​ទីស្តីការ គ​.​ជ​.​ប គឺ លោក​រ៉ូ​ណាន ម៉ាក​ឌឺ​ម៉ត (Mr. Ronan McDermott) ផ្នែក IT និង​កញ្ញា ម៉ា​រី​យ៉ា (Ms. Maria Macchiaverna) ផ្នែក​បណ្តុះបណ្តាល និង​អប់រំ​អ្នកបោះឆ្នោត កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥។


លោក គួ​យ ប៊ុន​រឿន បាន​លើក​ឡើង​ពី​ការ​ផ្តល់​ជំនួយ​របស់​ភាគី​សហភាព​អឺរ៉ុប និង​មានការ​ព្រួយបារម្ភ​ចំពោះ​ជំនួយ​អាច​មក​មិនទាន់​ពេល​ព្រោះថា មក​ទល់​ពេលនេះ​ពុំ​ទាន់​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​អំពី​ការ​ផ្តល់​ជំនួយ​ទេ ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន និង​សម្ភារៈ​ដែល​ត្រូវ​ផ្តល់​ជូន គ​.​ជ​.​ប នឹង​ត្រូវ​មកដល់​នៅ​ពេល​ណា​។


លោក​បន្ត​ថា បើ​ពិនិត្យ​ទៅលើ​ផែនការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​បង្កើត​បញ្ជី​បោះឆ្នោត​ថ្មី ដែល​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ និង​ពិនិត្យ​ទៅលើ​នីតិវិធី​នៃ​ការ​ផ្តល់​ជំនួយ​របស់​សហភាព​អឺ​រ៉ុប អាច​មាន​ការ​យឺត​ពេល។


ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ភាគី គ​.​ជ​.​ប នេះ កញ្ញា ហ្វី​អូ​ណា រ៉ា​ម​ស៊ី បាន​មានប្រសាសន៍ថា សហភាព​អឺ​រ៉ុប មានការ​ពេញចិត្ត​ចំពោះ​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ សហភាព​អឺ​រ៉ុ​ប នឹង​ធ្វើ​ការសម្រេច​លើ​ថវិកា​សម្រាប់​ជួយ​ដល់​គ​.​ជ​.​ប បន្ទាប់​ពី​នេះ​នឹង​មាន​នីតិវិធី​ទាក់ទង​នឹង​ការ​ទទួល​ជំនួយ​ពី​សហភាព​អឺ​រ៉ុប​។


កញ្ញា ហ្វី​អូ​ហា រ៉ា​ម​ស៊ី បាន​បន្ត​ថា នៅ​ដើមឆ្នាំ​២០១៦ ជំនួយ​នេះ​អាច​នឹង​មកដល់។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ យោង​តាម​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ដែល​បាន​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ថវិកា ទៅដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដល់​ទៅ​ជាង​២៨ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦ ដែល​ចំនួន​នេះ មាន​កំណើន​ជាង​៧០០ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥។


បើ​តាម​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ថវិកា​សម្រាប់ គ​.​ជ​.​ប មាន​ចំនួន​១១៤៨៣៩​លាន​រៀល​ដែល​ស្មើនឹង​ជាង​២៨,៣ លាន​ដុល្លារ​អាមេរិក មាន​សមាមាត្រ​ស្នើ​នឹង​១ ភាគរយ​នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ​។ ទំហំ​ថវិកា​នេះ​មាន​កំណើន​៧៦៣,៥​ភាគរ​យ ធៀប​នឹង​ឆ្នាំ​២០១៥​។


បើតាម​សេចក្តី​ព្រាងច្បាប់ ការ​បង្កើន​ថវិកា​ដល់ គ​.​ជ​.​ប គឺ​សម្រាប់​ការ​គាំទ្រ​ទៅដល់​ការកែទម្រង់​ការបោះឆ្នោត ជាពិសេស​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័​រ។


ទាក់ទង​បញ្ហា​នេះ លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប មាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា ការ​បង្កើន​ថវិកា​របស់ គ​.​ជ​.​ប ដោយសារ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត ហើយ គ​.​ជ​.​ប បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​មន្ត្រី​ច្រើនជាង​មុន រហូតដល់​ជាង​៧០០០ នាក់។ លោក​បន្ត​ថា ក្រុមការងារ គ​.​ជ​.​ប ប្រមាណ​២៤០០​ក្រុម ដែល​ក្នុង​មួយ​ក្រុម​មាន​គ្នា​៣ នាក់ នឹង​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។


បើ​តាម​លោក គួ​យ ប៊ុន​រឿន អះអាង​ថា ការងារ​ចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​៣ ខែ​សម្រាប់​ប្រជាពលរដ្ឋ​ទៅដល់​ជាង​១០ លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ លោក​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ឆ្នាំក្រោយៗ​ទៀត គ​.​ជ​.​ប នឹង​ពិនិត្យមើល​ជាក់ស្តែង ថា​តើ​នឹង​ត្រូវ​បង្កើន​ថវិកា​ទៀត ឬ​យ៉ាងណា អាស្រ័យ​ទៅតាម​គម្រោង​ជាពិសេស​ការអប់រំ​ប្រជាពលរដ្ឋ និង​ការ​ផ្សព្វផ្សាយ​ពី​ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​៕



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បារម្ភ​ពី​ជំនួយ​របស់​សហភាព​អឺរ៉ុប​ផ្តល់​មិនទាន់​ពេលវេលា

Post a Comment

0 Comments

Close Menu