Ad Code

លោក​មេធាវី​ជា ហៃ​ ត្រូវ​ប៉ូលិស​ឡោមព័ទ្ធ​ចាប់​ខ្លួន​ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​ពាក់ព័ន្ធ​លួច​សហាយ​ស្មន់​ប្រពន្ធ​គេ

ព្រះសីហនុ​ ៖ ​លោក​មេធាវី​ជា ហៃ ដែល​គេ​អះអាង​ថា​ជា​កូនប្រសា​លោក​គង់ ស្រី​វ ​អនុប្រធាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​​នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​តុលា ​ឆ្នាំ​២០១៥​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឡោមព័ទ្ធ​ចាប់​ខ្លួន​នៅ​ក្នុង ហាង​រកស៊ី​ទិញ​​ លក់​ និង​បញ្ចាំ​មួយ​កន្លែង​ត្រង់​ចំណុច​ខាង​មុខ​ក្លិប​កម្សាន្ត​(៣៣៣)​ តំបន់​ជាប់​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​(​ពេទ្យ​ចំការ​ចេក​)​ស្ថិតនៅ​ក្នុង​ភូមិ​លេខ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ ​រួច​​​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​ពាក់ព័ន្ធ​បណ្ដឹង​ចោទ​ប្រកាន់​ប្រើ​អំពើ​​ហិង្សា ​និង​លួច​សហាយស្មន់​ ប្រពន្ធ​អ្នកដទៃ។ ក្នុង​ហេតុការណ៍​ចាប់​ខ្លួន​នេះ​បាន​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​មនុស្សម្នា​ស្ទើរ​មួយ​ក្រុងព្រះសីហនុ។


លោក​ម៉ែន វ​ន្នី​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​​​ឲ្យ​ដឹង​ថា លោក​ជា ហៃ ជា​មេធាវី​​ ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ គុណ ប៊ុន​ថា ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់​ចំនួន​២​ករណី គឺ​ករណី​ប្រើ​អំពើ​ហិង្សា​ និង​ករណី​លួច​សហាយ​ស្មន់​ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ឯម រ៉ានី។


សមត្ថកិច្ច​ប៉ូលិស​ក្រោយពី​ទទួល​បាន​​​ពាក្យ​បណ្តឹង ក៏បាន​ចុះទៅ​ធ្វើ​ការ​ភ្លាមៗ​​ ​ខណៈ​ពេល​រូប​គាត់​(​លោក​មេធាវី​ឈ្មោះ​ ជា ហៃ)​កំពុង​មាន​វត្តមាន នៅ​ក្នុង​ហាង​រកស៊ី​ សេវាកម្ម​បញ្ចាំ​ខាងលើ​ ក្នុង​គោលបំណង​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​តាម​សម្រួល​ ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​ព្រះសីហនុ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ចោទប្រកាន់​​ខាង​លើ។ ប៉ុន្តែ​​ដោយសារ​រូប​គាត់​មិន​ព្រម​ទៅតាម ការ​​អញ្ជើញ​ ​សមត្ថកិច្ច​​ក៏​បង្ខំចិត្ត​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​បង្ក​​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ក្នុង​ពេល​នោះ​តែ​ម្តង។


នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​លោក​មេធាវី​ ជា ហៃ ​បាន​ធ្វើ​ការ​បដិសេធ​​ទាំងស្រុង​ទៅ​នឹង​បណ្តឹង​ចោទ​ប្រកាន់​ខាង​លើ ដោយ​លោក​បាន​ធ្វើ​ការ​បញ្ជាក់​ថា រវាង​លោក​ និង​ស្ត្រី​ឈ្មោះ ឯម រ៉ានី គឺជា​ដៃគូ​​រកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា​ក្នុង​ហាង​សេវាកម្ម​ ទិញ លក់​ និង​បញ្ចាំ​(​យីហោ​អា​នី​) នៅ​កន្លែង​កើតហេតុ​ខាង​លើ ហើយ​ក៏​គ្មាន​ទំនាក់ទំនង​អ្វី​ពាក់ព័ន្ធ​រឿង​ស្នេហា​នោះ​ទេ។ ក្រោយពី​ប៉ូលិស​ធ្វើការ​សាកសួរ​ចប់​ លោកជា ហៃ​ត្រូវ បាន​ដោះលែង​វិញ​ភ្លាមៗ ​បន្ទាប់​ពី​មាន​មេធាវី​របស់​គាត់​ឈ្មោះ​ឈុន ជ្រា បំពេញបែបបទ​សុំ​ធ្វើការ​ធានា។


លោក​គុណ ប៊ុន​ថា ដែល​ជា​ដើម​បណ្តឹង​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ឯម រ៉ានី និង​ឈ្មោះ​ជា ហៃ​ជា​មេធាវី នេះ​គឺជា​អ្នករកស៊ី​បើក​សេវាកម្ម​ហាង ទិញ លក់​ និង​បញ្ចាំ​ដាក់​ហ៊ុន​ជាមួយ​គ្នា។


លោក​បាន​បន្ត​​​ថា​ ក្រោយ​ពី​ប្រពន្ធ​របស់​លោក​​​រកស៊ី​ដាក់​ហ៊ុន​ជាមួយ​ឈ្មោះ ជា ហៃ ​រួច​មក រូប​​គាត់ ​និង​ប្រពន្ធ​តែងតែ​មាន​បញ្ហា​​រកាំរកូស​ជាប្រចាំ​គឺ​មិនបាន​យកចិត្តទុកដាក់​ក្នុង​គ្រួសារ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​ប្រពន្ធ​គាត់​បែរ​ទៅជា​ទៅ​យកចិត្តទុកដាក់​ជាមួយ ឈ្មោះ​ជា ហៃ យ៉ាង​ល្អូកល្អើន​ យ៉ាង​ស៊ី​សង្វាក់ ហាក់​ដូចជា​ប្តី​យ៉ាងដូច​ច្នេះ​ដែរ ហើយ​ទៅ​ណា​មក​ណា​គឺ​ទៅ​ជាមួយគ្នា​ ត្រសង និង​នៅ​ជាមួយគ្នា​ក្នុង​បន្ទប់​ តែមួយ​គ្នា​(​ក្នុង​ហាង​បញ្ចាំ​)​ជាហេតុ​ធ្វើ​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​យ៉ាង​ចាស់ដៃ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​បុគ្គល​ឈ្មោះ​ជា ហៃ នេះ តែងតែ​មកពី​ក្រុងភ្នំពេញ​ មក​ដេក​ស្នាក់​នៅ​ក្នុង​បន្ទប់ ក្នុង​ហាង​បញ្ចាំ​ក្នុង​មួយ​សប្ដាហ៍​៣​ទៅ​៤​ថ្ងៃ ព្រមទាំង​មាន​អង្គរក្ស​មក​ជាមួយ​២​ទៅ​៣​នាក់​​ផង​ដែរ។ ក្រោយ​ពីរ​ពិនិត្យ​ឃើញ​ទង្វើ​បែប​ផិត​ក្បត់​របស់​ប្រពន្ធ​គាត់​ និង​ឈ្មោះ​ជា ហៃ​ រូប​លោក ​និង​ក្រុម​គ្រួសារ​បាន​ព្យាយាម​និយាយ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ឯម រ៉ានី ឲ្យ​ឈប់​រកស៊ី​ដាក់​ហ៊ុន ជាមួយ​ឈ្មោះ​ជា ហៃ​តទៅទៀត។ ប៉ុន្តែជា​លទ្ធផល​ប្រពន្ធ​គាត់​ និង​ឈ្មោះ​ជា​ហៃ​ នៅតែ​មិន​ព្រម និង​នៅតែ​បន្ត​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្នា​លើស​ដើម។ អ្វី​ដែល​គួរ​ឲ្យ​ឈឺចាប់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ពួកគេ​ទាំង​ពីរ​នាក់​ បាន​រួម​គ្នា​បង្ក​​ហិង្សា​មក​លើ​រូបលោក​(​គុណ ប៊ុន​ថា​)​ទាំង​កម្រោល ​ខណៈ​ពេល​រូប​លោក​ឃើញ​ពួកគេ​នៅ​ជាមួយគ្នា ដោយ​គ្រាន់តែ​រូប​លោក​ធ្វើការ​សួរនាំ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ជា​ចុងក្រោយ​រូប​លោក​គ្មាន​ជម្រើស​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​សូម​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង ដោយ​សង្ឃឹមថា​រូប​លោក​ ​នឹង​ទទួល​បាន​ភាព​យុត្តិធម៌ និង​កិត្តិយស​ក្នុងនាម​ជា​ប្តី​ស្របច្បាប់៕



លោក​មេធាវី​ជា ហៃ​ ត្រូវ​ប៉ូលិស​ឡោមព័ទ្ធ​ចាប់​ខ្លួន​ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​ពាក់ព័ន្ធ​លួច​សហាយ​ស្មន់​ប្រពន្ធ​គេ

Post a Comment

0 Comments

Close Menu