Ad Code

ចាន់ តារា​ទី ៖ ខ្ញុំ​មិន​ចង់បាន​អ្វី​លើស​ពី​សំណង​នៃ​ការខូចខាត​រថយន្ត​ទេ​

ភ្នំពេញ ​៖ តារា​សម្តែង​ជើងចាស់​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​កាលពី​ជាង​១០​ឆ្នាំមុន ​អ្នកស្រី ចាន់ តារា​ទី ថ្មីៗ​នេះ​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​រវាង​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125 ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក់​លេខ 1CY-11 38 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើកបរ​ដោយ​ល្បឿន​លឿន ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ចំហៀង​ខាង​ស្តាំ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 របស់​នាង​ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-2133 ដែល​កំពុង​បើក​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​រថយន្ត​បាក់​កាង​ពីមុខ និង​បែក​ធុង​ទឹក។ ចំណែក​បុរស​ខាងលើ​ដួល​សន្លប់​ប្រមាណ​៥​នាទី​ទើប​ដឹងខ្លួន​ឡើងវិញ។​


អតីត​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​អ្នកស្រី ចាន់ តារា​ទី បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែ​តុលា​ថា ​អ្នកស្រី​ពិតជា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មែន​កាលពី​វេលា​ម៉ោង​៨​និង​៣០​​នាទី​យប់​ ថ្ងៃ​ទី​២០ ខែ​តុលា​នេះ ​ប៉ុន្តែ​សំណាង​ដែល​ខ្លួន​មិន​រងគ្រោះថ្នាក់​ ឬ​របួស​អ្វី​នោះ។​


តារា​សម្តែង​ដែល​ឧស្សាហ៍​លេច​មុខ​ជួយ​ការងារ​សង្គម ​អ្នកស្រី ចាន់ តារា​ទី បាន​និយាយ​រៀប​រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើនេះ ​គឺ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ​ហើយ​ចូល​មកដល់​ភ្នំពេញ​ក៏​ជិះ​កាត់​តាម​ផ្លូវ​៣៧១ (​បឹងទំពុន​) ក្នុង​គោលបំណង​ឆ្ពោះ​ទៅ​ផ្ទះ​នៅ​បុរី​ពិភព​ថ្មី​ចម្ការ​ដូង ​ប៉ុន្តែ​ស្រាប់​តែ​មកដល់​កន្លែង​កើតហេតុ ​ក៏​ត្រូវ​បុរស​ម្នាក់​ស្ថិតក្នុង​ភាពស្រវឹង​បាន​បើក​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្តនាង​តែម្ដង​។ ​បន្ទាប់ពី​កើតហេតុ​បែបនេះ​អ្នកស្រី​ក៏បាន​ចុះទៅ​សម្របសម្រួល​គ្នា​ជាមួយ​ភាគី​ម្ចាស់​ម៉ូតូ​ដើម្បី​សុំ​ឲ្យ​ជួយ​ចេញ​ថ្លៃ​សំណង​ជួស​ជុល​នៃ​ការខូចខាត​បន្តិចបន្តួច​ដែរ​ ប៉ុន្តែ​ខាង​បុរស​ម្ចាស់​ម៉ូតូ​មិន​ព្រម ​ក៏​សម្រេច​ឲ្យ​ប៉ូលិស​យក​ទៅ​ខណ្ឌ។​


អ្នកស្រី ចាន់ តារា​ទី បាន​បន្ថែម​ថា ​អ្វី​ដែល​ខ្ញុំ​ចង់បាន​ពេល​នោះ​គឺ​ចង់​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​ព្រម​ទទួល​កំហុស និង​សម្រួល​ជួយ​ចេញថ្លៃ​សំណង​នៃ​ការខូចខាត​រថយន្ត​ខ្លះ​តែប៉ុណ្ណោះ ​ព្រោះ​រថយន្ត​ខ្ញុំ ពេល​ហៅ​ជាង​ទៅ​មើល​ គឺ​ត្រូវ​ចំណាយ​លុយ​ធ្វើ​អស់​ដល់​៣៨០​ដុល្លារ​ក្នុង​ការ​ជួសជុល។ ​ម្យ៉ាងទៀត​កាលដែល​ខ្ញុំ​ធ្វើបែបនេះ​គឺ​ចង់​ព្រមាន​ទៅ​មនុស្ស​ដែល​បើកបរ​នៅ​ពេល​ស្រវឹង​មិន​គិត​អំពី​បញ្ហា​នៃ​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដែល​កំពុង​ប្រើប្រាស់​លើ​ផ្លូវ​ជាមួយ​សោះ ដូច​ករណី​នេះ​ជាដើម។​


ដោយឡែក ​បើ​យោង​តាម​សាក្សី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​របស់​តារា​សម្តែង​អ្នកស្រី ចាន់ តារា​ទី បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១(​បឹងទំពុន​)​ទិសដៅ​ឆ្ពោះ​មក​រក​ចំណុច​ស្ពានដែក​ចម្ការ​ដូង​ ប៉ុន្តែ​នៅ​ពេល​ធ្វើដំណើរ​មក​ជិត​ដល់​ស្ពាន ​ស្រាប់​តែ​រថយន្ត​របស់​តារា​សម្តែង​រូប​នេះ​បង្អង់​ល្បឿន​បម្រុង​បត់​ឆ្វេង​ ខណៈ​នោះ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​បើកបរក្នុង​ល្បឿន​យ៉ាងលឿន ​ទំនង​ដូចជា​ស្រវឹង​ផង​នោះ​ ក៏បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​របស់​អ្នក​ស្រី ចាន់ តារា​ទី ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្ដង។​


ប្រភព​បាន​បន្ត​ថា ​ក្រោយពេល​កើតហេតុ​ ភ្លាមៗ​នោះ​គេ​ឃើញ​តារា​សម្តែង​ ចាន់ តារា​ទី​ បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​មក​ធ្វើការ​សម្រុះសម្រួល​គ្នា​ជាមួយ​ភាគី​ខាង​ម៉ូតូ​ដែរ​ តែ​ដោយសារ​ការ​និយាយ​ចរចា​មិន​ត្រូវ​គ្នា​ ក៏​សម្រេច​ឲ្យ​ខាង​មន្ត្រី​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ធ្វើការ​ស្ទូច​នាំ​យក​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ។​


ចំពោះ​លទ្ធផល​នៃ​ដំណោះស្រាយ​គ្នា​រវាង​អ្នកស្រី ចាន់ តារា​ទី និង​ភាគី​ម្ចាស់​ម៉ូតូ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​យ៉ាងណា​នោះ​យើង​មិន​ដឹង​នៅឡើយ​ទេ ​ព្រោះ​ខាង​សមត្ថកិច្ច​កំពុង​ទាក់ទង​ហៅ​ខាង​បុរស​ម្ចាស់​ម៉ូតូ​ និង​អ្នកស្រី ចាន់ តារា​ទី ចូល​ទៅ​ដោះស្រាយ​គ្នា​នៅ​រសៀល​​ម៉ោង​២​ ឬ​៣​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា ប៉ុន្តែ​គេ​ក៏​មិន​ដឹង​ថា​ភាគី​ទាំងសងខាង​ចូលខ្លួន​ដោះស្រាយ​ឬមួយ​យ៉ាង​ណា​ទេ៕​
Pisey-2015-10-21-full-F50Pisey-2015-10-21-full-F51 Pisey-2015-10-21-full-F53 Pisey-2015-10-21-full-F55 Pisey-2015-10-21-full-F57



ចាន់ តារា​ទី ៖ ខ្ញុំ​មិន​ចង់បាន​អ្វី​លើស​ពី​សំណង​នៃ​ការខូចខាត​រថយន្ត​ទេ​

Post a Comment

0 Comments

Close Menu