Ad Code

រថយន្ត​តូរីស​ដឹក​អ្នកដំណើរ បើក​បុក​ម៉ូតូ​សេ​១២៥ ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​

កណ្ដាល ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​បើកបរ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ហើយ​ត្រូវ​រថយន្ត​តូរីស ​ដឹក​អ្នកដំណើរ បើក​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង ២៣​និង​៣០​នាទី យប់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ភូមិ កៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិ​លេខ​០៤​ចន្លោះ​គីឡូម៉ែត្រ​លេខ ២០.២១។


ប៉ូលិស​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​មាន​ម៉ាក ហ៊ី​យិន​ដាយ​ពណ៌ ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥១៩០ ជា​ប្រភេទ​រថយន្ត តូរីស ៤៥​កៅអី ហើយ​ក្រោយ​កើតហេតុ តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់។ ចំណែក​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ ម៉ុ​ល ឌៀប ភេទ​ប្រុស អាយុ​២២ នៅ​ភូមិ ដូង​ខ្វិត​ឃុំ វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​មុខ របរ​កម្មករ។


បើ​តាម​សាក្សី​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D-៦៩៤៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មាន​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មក​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ ប្រភេទ តូរីស​ដឹក​អ្នកដំណើរ បាន​បើក​បុក​ជាមួយ​ម៉ូតូ​សេ​១២៥ ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ រីឯ​តៃកុង​រថយន្ត​បង្ក ពេល​ឃើញ​មាន​មនុស្ស​ស្លាប់​បាន​ចុះ​ពីលើ​រថយន្ត​គេច​ខ្លួន​បាត់។


ប៉ូលិស​បាន​បញ្ជាក់​ថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​ដើម្បី​អង្កេត កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Nita-21-A-1-FullNita-21-A-2-FullNita-21-A-3-Full


 




រថយន្ត​តូរីស​ដឹក​អ្នកដំណើរ បើក​បុក​ម៉ូតូ​សេ​១២៥ ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​

Post a Comment

0 Comments

Close Menu