ព្រះសីហនុ ៖ ជនបរទេសជាជនជាតិរុស្ស៊ីម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងការិយាល័យជនអន្តោប្រវេសន្តខេត្តព្រះសីហនុធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ។
លោកវរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា បុរសជនជាតិរុស្ស៊ីម្នាក់នេះ ត្រូវបានកម្លាំងជំនាញបានឆ្មក់ចុះបង្ក្រាបកាលពីម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៨ ខែតុលា ដោយជាប់សង្ស័យក្នុងករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននៅចំណុចក្រុម១១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក សាន់ ប៊ុនថន បានឲ្យដឹងថា ជនសង្ស័យជនជាតិរុស្ស៊ីមានឈ្មោះ Alexander Ageen ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកទេសចរណ៍ បានមកស្នាក់នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កាន់លិខិតឆ្លងដែនលេខ ៧១១៣១៤១១០ អស់សុពលភាព ឆ្នាំ២០២០។
លោក សាន់ ប៊ុនថន បានឲ្យដឹងបន្តថា វត្ថុតាង ដែលដកហូតបានរួមមានម្សៅពណ៌សចំនួន០២កញ្ចប់ ស្មើនឹង១.៩ក្រាម និងសម្ភារៈមួយចំនួនទៀត។
នៅព្រឹកថ្ងៃទី២៩តុលានេះ នគរបាលខេត្តបានបញ្ជូនជនជាតិរុស្ស៊ី និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
បញ្ជូនជនជាតិរុស្ស៊ីម្នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន
0 Comments