ស្វាយរៀង ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១និង៥០នាទីរសៀល មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ជាប់មងគួរឲ្យសង្វេគ។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានបញ្ជាក់ ដោយយោងតាមសម្ដីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះសៀវហឿន អាយុ៦៤ឆ្នាំបានទៅដាក់មងយកត្រីនៅចំណុចព្រែកអូរខាងកើតបង្គោលសីមាព្រំដែនលេខ១៣៦(១)ប្រហែល៥០ម៉ែត្រ(ខាងកម្ពុជា)ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក។ ក្រោយពីទៅដាក់មងរួចនៅម៉ោងប្រមាណជិត១រសៀល មិនឃើញប្ដីត្រឡប់មកផ្ទះហូបបាយ ប្រពន្ធរបស់គាត់បានរកបងប្អូនទៅតាមរហូតដល់ម៉ោង១រសៀលនៅតែមិនឃើញ ហើយអ្នកភូមិមានការសង្ស័យថាជនរងគ្រោះលង់ទឹកស្លាប់ទើបនាំគ្នាចុះរាវរុករកក្នុងទឹកព្រែកដែលជនរងគ្រោះធ្លាប់ចុះដាក់មងរហូតដល់ម៉ោង១និង៥០នាទីរសៀលក៏បានរកឃើញសពរុំជាប់មងស្លាប់ក្នុងទឹកជម្រៅ១,៨០ម៉ែត្រត្រង់ចំណុចព្រែកអូរជិតបង្គោលសីមាព្រំដែនលេខ១៣៦(១)ខាងកម្ពុជា-វៀតណាម។ ក្រោយមកបងប្អូន និងអ្នកភូមិបាននាំគ្នាស្រង់សពពីទឹករួចសែងមកផ្ទះ និងបានប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យសព។ ក្រោយពីសមត្ថកិច្ចនគរបាលស្រុកពិនិត្យរួចមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតមែន មូលហេតុគឺជនរងគ្រោះហែលទឹកដាក់មងក្នុងទឹកជ្រៅ ហើយវាន់ជើងដៃជាប់ក្នុងមងបណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង។ បន្ទាប់ពីពិនិត្យសពរួចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ភ្ញាក់ផ្អើលមនុស្សជាប់មងស្លាប់ក្នុងទឹកព្រែក ជិតព្រំដែនស្រុករមាសហែក
0 Comments