ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកArnaud Darc អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានចុះអនុស្សរណៈយោបល់ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តឲ្យកាន់តែប្រសើរឡើង ដើម្បីទាក់ទាញវិនិយោគិនអឺរ៉ុបបន្ថែមទៀតឲ្យមកវិនិយោគទុននៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុលបានសម្ដែងការកោតសរសើររបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងកំពុងបន្តរវាងសភាពាណិជ្ជកម្មអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមថា ការចុះអនុស្សរណៈយោគយល់លើកដំបូងនេះគឺជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តទៅវិញទៅមករបស់ខ្លួនក្នុងការកសាងវប្បធម៌នៃកិច្ចសហប្រតិបត្តិការដើម្បីធ្វើឲ្យប្រសើរឡើងដល់បរិយាកាសពាណិជ្ជកម្មទូទៅ ពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា សហភាពអឺរ៉ុប និងដើម្បីទាក់ទាញវិនិយោគិនអឺរ៉ុបបន្ថែមទៀតឲ្យមកវិនិយោគទុននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជាដៃគូយុទ្ធសាស្ត្រមួយនៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
លោក Darc អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានសម្ដែងនូវការគាំទ្រពេញលេញពីសភាពាណិជ្ជកម្មអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញផ្សព្វផ្សាយបរិយាកាសពាណិជ្ជកម្មដែលមានស្ថិរភាពមួយដែលអាចជួយកសាងទំនុកចិត្តសម្រាប់វិនិយោគិនបរទេស និងកាន់តែមានអំណោយផលដល់កំណើនចេរភាពយូរអង្វែងទៀតផង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបជួយបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឲ្យទទួលស្គាល់ហត្ថលេខាអេឡិចត្រូនិក(E-Signature)របស់កម្ពុជា ដើម្បីជួយដល់ដំណើរការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) សម្រេចបាននូវស្វ័យប្រវត្តិកម្មទាំងស្រុង និងពេញលេញ៕
ក្រសួងពាណិជ្ជកម្មចុះអនុស្សរណៈយោបល់ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប
0 Comments