Ad Code

ស្ថាបនា​ផ្លូវ​បេតុង​មិនទាន់​បាន​ប៉ុន្មាន​ផង​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ

ភ្នំពេញ ៖ ដោយសារ​ផ្លូវ​បេតុង​ចំនួន​៤​ខ្សែ​នៅក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានការ​ខូចខាត​ខ្លាំងពេក​ទើប​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ខណ្ឌ​ខណ្ឌ​បាន​រៀប​ចំ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ចំនួន​៤​ខ្សែ​ទៀត​និង​ស្តារ​ប្រព័ន្ធ​លូ​ចាស់​ចំនួន​៤​ខ្សែ រួម​និង​ស្តារ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​ផង​ដែរ។


ការ​ជួសជុល​នេះ​ត្រូវ​បាន​មតិ​ប្រជាពលរដ្ឋ​រិះគន់​ថា ស្ថាបនា​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​រង​ការខូចខាត​ទៅវិញ​ហើយ​ក្រុមហ៊ុន​ធ្វើ​មិន​សូវ​មាន​គុណភាព។


ពិធី​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​មានការ​ចូលរួម​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានការ​ចូលរួម​ពី​មន្ត្រី សាលា​ខណ្ឌ​ជា​ច្រើន​រូប​រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​កា​កាប​ជិត​៣០០​នាក់​ផង​ដែរ។


នៅក្នុង​ពិធី​នោះ​លោក ហែម ដា​រិ​ទ្ធិ បាន​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​ថា ដើម្បី​ឲ្យ​ផ្លូវ​ដែល​យើង​ស្ថាបនា​រួច​មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​អង្វែង យើង​ត្រូវតែ​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​លូ​តើ​វា​មានការ កកស្ទះ​ទឹក​ឬ​អត់ បើសិនជា​វា​កកស្ទះ​ទឹក គឺ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ជាមិនខាន ទើប​ពេលនេះ គឺ​យើង​ធ្វើ ទាំង​ផ្លូវ ដាក់​លូ ស្តារ​ប្រព័ន្ធ​លូ និង​ស្តា​ប្រឡាយ​ទឹក​ផង​ដែរ។ ហើយ​ចំពោះ​សង្កាត់​កា​កាប​នេះ គឺជា​សង្កាត់​មួយ​ដែល​រង​ការ​លិចលង់​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​គេ។


លោក​បាន​បន្ត​ថា ដើម្បី​ឲ្យ​ផ្លូវ​និង​ប្រព័ន្ធ​លូ​អាច​ប្រើប្រាស់​បាន​យូរ​នោះ គឺ​ក៏​ត្រូវការ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ជាមួយ​ផង​ដែរ ដូចជា​ការ​វេច​ខ្ចប់​សំរាម​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះ​ចូលក្នុង​លូ​វា​បង្ក​ឲ្យ​កកស្ទះ​ទឹក​ហូរ​មិនលឿន​ឬក៏​មិន​រួច​តែម្តង។


លោក​បាន​បន្ត​ថា ការ​ជួស​ជុល​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ ឬ​ស្តារ​ប្រព័ន្ធ​លូ នេះ គឺ​ត្រូវ​បាន​ក្រុមហ៊ុន សំ ស៊ី​វន ជា​អ្នកដេញថ្លៃ​បាន​ទទួល​គម្រោង​ជួសជុល​និង​ស្តារ ក្នុង​នោះ​ជួសជុល​ផ្លូវ​ចាក់​បេតុង​ឆ្អឹង​ដែក​ចំនួន​៤​ខ្សែ មាន​ផ្ទៃក្រឡា​សរុប​៤៧៥០​ម៉ែត្រការ៉េ នៅក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង​១​ខ្សែ​ប្រវែង​៤៦៥​ម៉ែត្រការ៉េ ភូមិ​តា​ងួន​១​ខ្សែ​ប្រវែង​៥២៥​ម៉ែត្រការ៉េ​ផ្លូវ​លេខ​៣០ ក្នុងភូមិ​ត្រពាំង​ល្វា​១​ខ្សែ​ប្រវែង​១.១០០​ម៉ែត្រការ៉េ និង​ផ្លូវ​លេខ​៥៦K ក្នុងភូមិ​ចំការឪឡឹក​និង​ភូមិ​តា​ងួន​១​ខ្សែ​ប្រវែង​២.៦៦០​ម៉ែត្រការ៉េ និង​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ចំនួន​៤​ខ្សែ ក្នុងភូមិ​តា​ងួន​ ភូមិ​ប៉ប្រក​ខាងជើង​និង​ប៉ប្រក​ខាងត្បូង​សរុប​ប្រវែង​៥.៦៤៥​ម៉ែត្រការ៉េ រួម​និង​គម្រោង​ស្តារ ប្រឡាយ​បង្ហូរទឹក​សំអុយ​ចំនួន​១​កន្លែង​ក្នុងភូមិ​ចំការឪឡឹក​ប្រវែង​៤៥០​ម៉ែត្រ។


លោក​បាន​បន្ត​ថា បន្ទាប់ពី​បើក​ការដ្ឋាន​រួច​ពេល​ក្រុមហ៊ុន​ចាប់​ដំណើរការ​ស្ថាបនា​នោះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ផង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទៅ​បាន​ដោយ​រលូន​នោះ ពីព្រោះ​ការស្ថាបនា​វា​តែងតែ​ប៉ះពាល់​បន្តិចបន្តួច​ចៀស​មិន​រួច​នោះ​ទេ។


ដោយឡែក​ពាក់ព័ន្ធ​និង​ការ​បើក​ការដ្ឋាន​ជួសជុល​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​កាកាប​បាន​ធ្វើ​ការរិះគន់​ចំពោះ​ក្រុមហ៊ុន សំ ស៊ី​វន ថា​នា​ពេល​កន្លងមក​ក្រុមហ៊ុន​១​នេះ​បាន​ស្ថាបនា​ផ្លូវ​បេតុង​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ប៉ុន្តែ​ពុំ​មាន​គុណភាព​ស្តង់ដារ​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ ពីព្រោះ​ផ្លូវ​ដែល ក្រុមហ៊ុន​១​នេះ​បាន​ស្ថាបនា​រួច​នោះ គឺ​វា​ហាក់បីដូចជា​បានតែ​១​រយៈខ្លី​ប៉ុណ្ណោះ គឺ​ផ្លូវត្រូវ​រង​ការខូចខាត​ជា​បណ្តើរៗ​ទៅវិញ ។​ប៉ុន្តែ​ពេលនេះ​ពួកគាត់​សង្ឃឹមថា ក្រុមហ៊ុន សំ ស៊ី​វន ធ្វើការ​ស្ថាបនា​ដោយ​យកចិត្តទុកដាក់​ជាមិនខាន​ហើយ​អាច​ធានា​បាន​គុណភាព​យូរអង្វែង ដើម្បី​កុំ​ឲ្យ​ខាតបង់​លុយកាក់​របស់​រដ្ឋ​និង​ប្រាក់​បដិភាគ​របស់​ប្រជាពលរដ្ឋ​បើសិនជា​ធ្វើ​ពីមុខ​ខូច​ពីក្រោយ​បែបនេះ​ការអភិវឌ្ឍន៍​មូលដ្ឋាន​មិនអាច​ដើរទៅ​មុខ​រួច​ទេ​៕



ស្ថាបនា​ផ្លូវ​បេតុង​មិនទាន់​បាន​ប៉ុន្មាន​ផង​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ

Post a Comment

0 Comments

Close Menu