សៀមរាប ៖ មនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាលដោយសារតែរថយន្តកូរ៉េបើកដឹកគ្នាទៅបង់សំណាញ់ ហើយក៏ជួបឧប្បត្តិហេតុក្រឡាប់មួយត្រឡប់ផ្ងារទ្បើងវិញនៅលើកំណាត់ផ្លូវលេខ២៦០ម៉ែត្រកាលពីវេលាម៉ោង១២និង៣០នាទីក្នុងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិសាលា ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញមានរថយន្តកូរ៉េ ម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ 3A0449 បើកបរពីទិសខាងកើតត្បូងឆ្ពោះមកទិសខាងជើង ហើយបានបើកយ៉ាងលឿន លុះមកដល់កន្លែងក៏ជ្រុលចង្កូតយកមិនទាន់ក៏ធ្លាក់ផ្លូវក្រឡាប់មួយត្រឡប់ក៏ងើបទ្បើងឈរវិញទើបធ្វើឲ្យមនុស្សដែលជិះនៅលើរថយន្តនោះបានរងរបួសចំនួន៦នាក់ក្នុងនោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ តូច សាកល អធិការស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ ជៀន ជួន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបានបន្តថា ចំណែកអ្នករងរបួសទាំង៥នាក់នោះគឺម្នាក់ដែលជាតៃកុងឡាននោះរងរបួសធ្ងន់មានឈ្មោះ ថង់ ភ័ណ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្ពានត្នោត ឃុំ កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ តូច សាកល អធិការស្រុកជីក្រែងបានបន្តទៀតថា ក្រោយពីធ្វើការវាសវែងរួចហើយនោះ សមត្ថកិច្ចរបស់លោកបានយករថយន្តនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរង់ចាំការដោះស្រាយជាក្រោយ ហើយសពដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះបានប្រគល់ឲ្យក្រុមគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ក្នុងនាមអាជ្ញាធរខេត្តក៏ដូចសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបើកបរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងជួបនូវឧប្បត្តិហេតុដោយចៃដន្យបាននោះ ព្រោះអ្នករួមដំណើរសង្ឃឹមលើតែកុងរថយន្តដែលជាអ្នកបញ្ជាប៉ុណ្ណោះ៕
តៃកុងឡានស្ទើរភ្លើងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងស្លាប់ និងរបួស៦នាក់
0 Comments