ភ្នំពេញ ៖ អតីតតារាសម្តែងដែលមានទេពកោសល្យនិងសមត្ថភាពអ្នកនាង ស្វែង សុជាតា ដែលបានបាត់មុខពីសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះមានឱកាសបង្ហាញមុខជាថ្មីនៅលើកញ្ចក់ទូរទស្សន៍វិញតាមរយៈការសម្តែងភាពយន្ត។
តារាសម្តែងធ្លាប់គ្រងតំណែងជាតួកាចឆ្នាសឆ្នើម ស្វែង សុជាតា កន្លងទៅបានបាត់មុខពីសង្គមសិល្បៈស្ទើរទាំងស្រុងបន្ទាប់ពីនាងធ្លាក់ខ្លួនឈឺរហូតធ្វើវិស័យសិល្បៈរបស់នាងចាប់ផ្តើមធ្លាក់ចុះតាំងពីពេលនោះមក។
កត្តានេះទើបនាំឲ្យមានការលើកឡើងថា អ្នកនាងស្វែង សុជាតា ទំនងជាបោះបង់ចោលអាជីពសិល្បៈទាំងស្រុងហើយដោយសារតែនាងគ្មានឱកាសក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់ស្ទើរតែមិនមានជីវិតដើម្បីរស់នៅកាលពីរយៈពេល១ឆ្នាំមុន។ ត្រង់ចំណុចនេះមានអ្នកសិល្បៈករខ្មែរជាច្រើនបានបង្ហាញក្តីបារម្ភចំពោះការអវត្តមានឃ្លាតឆ្ងាយពីពិភពសិល្បៈរបស់អ្នកនាង ស្វែង សុជាតា ព្រមទាំងភាពក្ដុកក្ដួលអាណិតអាសូរលើជីវិតតារាស្រីម្នាក់នេះ។
ប៉ុន្តែយ៉ាងណាក្រោយពីការបាត់មុខនិងបាត់ឈ្មោះក្នុងសង្គមសិល្បៈអស់ពេលជិត២ឆ្នាំកន្លងមកនេះទីបំផុតតារាសម្តែងអ្នកនាង ស្វែង សុជាតា បានទទួលពន្លឺជាថ្មីលើវិថីសិល្បៈដោយមានឱកាសបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ My TV ក្នុងកម្មវិធីតុបំភ្លឺកាលពីថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗមានដំណឹងថា កំពុងមានឱកាសបញ្ចេញទេពកោសល្យម្តងទៀតនៅក្នុងខ្សែភាពយន្តរឿងថ្មី បណ្តាសាអថ័ន។
ក្រោយពីការលេចឭដំណឹងបង្ហាញមុខសម្តែងជាថ្មីរបស់អ្នកនាង ស្វែង សុជាតា ពេលនេះបានធ្វើឲ្យមិត្តភក្តិសិល្បៈមួយចំនួននិងបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងការត្រេកអរគាំទ្រចំពោះនាងមិនតិចទេព្រោះពួកគេយល់ថា ការផ្តើមជីវិតសិល្បៈជាថ្មីនេះគឺជាតម្រុយមួយដ៏ល្អរបស់អ្នកនាង ស្វែង សុជាតា ដែលអាចធ្វើឲ្យដំណើរការលើវិស័យសិល្បៈរបស់នាងចាប់ផ្តើមមានពន្លឺឡើងវិញ។
ស្របពេលជាមួយគ្នានេះគេសង្កេតឃើញមានការសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្ដែងដែលទទួលបានពានអាណាចក្រតារា២ឆ្នាំជាប់ៗគ្នាគឺ”អ្នកនាង ស្វែង សុជាតា”គាត់គឺជាតារាដែរមិនអាចខ្វះបាន….ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ គាត់មិនមានវត្តមានលើវិស័យភាពយន្តទេ….ដោយសារតែគាត់មានជំងឺ….រហូតមានព័ត៌មានមួយចំនួនបានចុះផ្សាយថា….ជំងឺរបស់គាត់ធ្ងន់អាចនឹងបាត់បង់ជីវិតផងដែរ….។
ប្រភពដដែលបានបន្ថែមថា ប៉ុន្តែពេលនេះគាត់បានបង្ហាញនៅទេពកោសល្យម្តងទៀតនៅក្នុងរឿង “បណ្ដាសាអថ័ន”….ពុក-ម៉ែ បងប្អូន បណ្ដាលអ្នកដែរនិយមគាំទ្រទេពកោសល្យរបស់គាត់នោះ ចង់ដឹងថា តើគាត់សម្ដែងជាតួអង្គអ្វីដែរ ? មកដល់ក្នុងពេលឆាប់ៗៗនេះហើយ…..សូមគាំទ្រគាត់សាជាថ្មីនៅរឿងនេះផង….។
ជួបជាមួយកម្ពុជាថ្មីតាមទូរស័ព្ទនារសៀលម៉ោង៤ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥នេះអ្នកនាង ស្វែង សុជាតា បាននិយាយបង្ហាញអារម្មណ៍សប្បាយថា ខ្ញុំពិតជាទទួលបានការថតសម្តែងរឿងនេះមែន។ ម្យ៉ាងទៀតកំពុងត្រៀមនឹងចាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
រឿងនេះខ្ញុំនៅតែរក្សាបានតំណែងតួធ្វើម្តាយដូចមុន។ ចំណែកពីររឿងក្រោយទៀតអ្នកដឹកនាំតម្រូវឲ្យគ្រងតំណែងធ្វើជាតួឯក។
តាមរយៈការលេចមុខសម្តែងរឿងជាថ្មីឡើងវិញពេលនេះអ្នកនាងស្វែង សុជាតា ក៏បាននិយាយបង្ហាញក្តីសង្ឃឹមថា ខ្ញុំជឿជាក់ថាអ្វីៗនឹងមានភាពប្រសើរឡើងវិញនៅពេលខាងមុខព្រោះពេលនេះជំងឺរបស់ខ្ញុំបានជាសះស្បើយវិញហើយ។ បើទោះបីជាពេលនេះខ្ញុំគ្មានទ្រព្យធន់ដូចមុនក៏ពិតមែនតែខ្ញុំនឹងព្យាយាមខំប្រឹងរកវាមកវិញ។ ខ្ញុំសូមអរគុណផងដែរសម្រាប់បងប្អូនមិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ដែលតែងបារម្ភនិងទូរស័ព្ទមកសួរនាំពីសុខភាពខ្ញុំតាំងពីដើមរហូតមកទល់ពេលនេះ៕
ស្វែង សុជាតា បង្ហាញក្តីសង្ឃឹមចំពោះវត្តមានសម្តែងជាថ្មីក្នុងរឿងបណ្តាសាអថ័ន
0 Comments