Ad Code

ល្ងាច​ថ្ងៃអាទិត្យ​នេះ បឹងកេត ជួប វេ​ស្ទើ​ន ដើម្បី​ត្រៀម​រក្សា​កៅអី​កំពូល​តារាង​មុន​បញ្ចប់ MCL 2015

ក្រុមបាល់ទាត់​បឹងកេត​អង្គរ ដែល​កំពុង​ឈរ​កំពូល​តារាង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ (Metfone Cambodian League 2015) ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​អែ​ហ្វ​ស៊ី ក្នុង​ជើង​ទី​២ ប្រចាំ​សប្ដាហ៍​ទី ២១ នៅ​វេលា​ម៉ោង ៣និង៣០ នាទី​រសៀល​ថ្ងៃអាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្ដា​ត​ចាស់​)។


កាលពី​ជើង​ទី​១ ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ៩ ទល់ ៥ លើ​ទីលាន​ស្មៅ​សប្ប​និមិត្ត​លើទឹក​ដី​ខណ្ឌ​សែន​សុខ​។ ៤ គ្រាប់​របស់​វេ​ស្ទើ​នរក​បាន​ដោយ Okoro Mathew Osa ២ គ្រាប់ កីឡាករ Mohammed Tijani, Maguire Joshua James និង នុត ស៊ីនួន រកបាន​ម្នាក់​១ គ្រាប់​ឲ្យ​វេ​ស្ទើ​ន​។ ចំណែក ៩ គ្រាប់​របស់​បឹងកេត​អង្គរ រកបាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ៤ គ្រាប់​, ឃួន ឡា​ប៊ូ​រ៉ាវី ២, សុខ ផេង​, Esoh Omogba និង សុខ សុវណ្ណ ម្នាក់​១​គ្រាប់។


ពេលនេះ​សម្រាប់​បឹង​កេត​អង្គរ កំពុង​ត្រូវការ​ពិន្ទុ​ដើម្បី​ស្វែងរក​កៅអី​បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់ MCL 2015 ក៏ដូចជា​ស្វែងរក​ឱកាស​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​អន្តរជាតិ Toyota Mekong Championship 2015 ជាមួយ​ក្រុម​ជើង​ខ្លាំង​មកពី​ប្រទេស​ឡាវ និង មី​យ៉ាន់​ម៉ា។


បឹងកេត ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា កំពុង​ឈរ​លេខ​១ បណ្ដោះអាសន្ន ដោយ​សល់​២​ប្រកួត​ក្នុង​ដៃ​មុន​ចប់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​២​នៃ​ពានរង្វាន់ MCL 2015​។ ២០ ប្រកួត​មកនេះ​បឹងកេត ធ្លាប់​ឈ្នះ​បាន​រហូតដល់ ១៦ លើក ស្មើ ៣ លើក​និង​ចាញ់ ១ លើក​មាន ៥១ ពិន្ទុ​ក្នុង​ដៃ​។ កីឡាករ សំខាន់ៗ​មួយចំនួន​ដូចជា រស់ សំអឿន​, ស៊ូ យ៉ា​ទី​,​ហុង ផេង​, ចាន់ វឌ្ឍនាកា​, ឃួន ឡា​បូ​រ៉ាវី​, សុខ សុវណ្ណ សុទ្ធតែ​ត្រឡប់​មកពី​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ពិភពលោក​2018 FIFA World Cup Russia ជុំ​ទី​២ ក្នុង​ពូ​ល E ប្រចាំ​ទ្វីបអាស៊ី ជាមួយ​សិង្ហ​បុរី កាលពីពេល​ថ្មីៗ។


លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់​លើកឡើង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​ចង់​ដឹកនាំ​បឹងកេត ឲ្យ​បាន​បាល់​ល្អ​ដូច​កាលពី​ឆ្នាំ ២០១២ ពោល​គឺ​លើក​ពាន MCL​។ នៅ​ពេល​នេះ​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹង​កេត​អង្គរ កំពុង​ឈរ​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន គិត​ត្រឹម​សប្ដាហ៍​ទី ២០ កន្លង​ទៅ​នេះ​ដោយ​រកបាន ៣០ គ្រាប់​ម្នាក់ឯង។


ចំណែក​ក្រុម​វេ​ស្ទើ​ន​អែ​ហ្វ​ស៊ី វិញ​ក្រោម​ការដឹកនាំ​ដោយ​លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា កាលពី​ទសវត្ស​ទី ៦០ កំពុងតែ​ត្រូវការ​ពិន្ទុ​ជា​ចាំ​ចាប់​ដើម្បី​ឆ្លង​ផុត​ពី​តំបន់​ដែល​ត្រូវ​កាត់ចេញ ត្រង់​បាត​តារាង​។ ២០ ប្រកួត​មកនេះ​វេ​ស្ទើ​ន ធ្លាប់​ឈ្នះ​បានតែ ៤ លើក​ទេ ហើយ​ធ្លាប់​ស្មើគ្នា​បាន ១​លើក​និង​ចាញ់​រហូតដល់ ១៥ លើក​មាន ១៣ ពិន្ទុ​ក្នុង​ដៃ ឈរ​ចំណាត់ថ្នាក់​លេខ ១១ ក្នុងចំណោម​ក្រុម​ទាំង​១២​។ ប្រកួត​ចុងក្រោយ​វេ​ស្ទើ​ន បាន​ចាញ់​ក្រុម​បៀ​ល​ប្រាយ ២ ទល់ ១។


លោក ប៉ែន ផាត ធ្លាប់​លើកឡើង​ពី​ចំណុចខ្សោយ​របស់​កូនក្រុម​ថា កីឡាករ​ទាំងនោះ​នៅ​ខ្វះ​បទពិសោធន៍​លើ​ទីលាន និង​មាន​ភាគ​ច្រើនជាង​កីឡាករ​វ័យក្មេង បើ​ធៀប​នឹង​ក្រុម​ដទៃ​ក្នុង​ពាន MCL 2015 ដូចគ្នា។


កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Mathew Osa Okoro ជាតា​រា​ជើង​ស៊ុត​ប្រចាំ​ក្រុម​វេ​ស្ទើ​ន ដោយ​ធ្លាប់​រក​គ្រាប់​បាល់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន ១៣ គ្រាប់​ម្នាក់ឯង​ក្នុងចំណោម ២០ លើក​មកនេះ ខណៈ​មិត្ត​រួម​ជាតិ Tijani Mohammed រកបាន ៨ គ្រាប់​តាម​ពីក្រោយ។


រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ទាំង​បឹងកេត និង វេ​ស្ទើ​ន ឡើង​មកលេង​ក្នុង​ពានរង្វាន់ MCL ត្រឹម​រដូវ​កាល ២០១២ ដូចគ្នា ប៉ុន្ដែ​នៅ​ឆ្នាំ​នោះ​ដែរ បឹងកេត ដណ្ដើម​បាន​ជើងឯក ស្រប​ពេល​វេ​ស្ទើ​ន ត្រូវ​ធ្លាក់​ទៅលេង​ក្នុង​ក្របខណ្ឌ​ក​១ វិញ។


បើ​និយាយ​ពី​ប្រវត្តិ​ជួបគ្នា​ក្នុង​ពានរង្វាន់ MCL វិញ​ក្រុម​ទាំង​២​ធ្លាប់​ប៉ះ​គ្នា ៥ លើក​មក​ហើយ ដោយ​ជ័យជម្នះ​ទាំង​៥​លើក​បាន​ទៅ​បឹងកេត ទាំងអស់។


នៅ​ថ្ងៃអាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០១៥ នេះ​ក្រៅ​បឹងកេត​អង្គរ ជួប​ក្រុម​វេ​ស្ទើ​ន ពានរង្វាន់ MCL 2015 សប្ដាហ៍​ទី ២១ នេះ​ក៏មាន​គូប្រកួត​១​គូ​ទៀត​ដែរ ដោយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) នៅ​វេលា​ម៉ោង ៣និង៣០ នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេស្ទើ​ន​៕


T-10-17-15-i-fullT-10-17-15-ii-full



ល្ងាច​ថ្ងៃអាទិត្យ​នេះ បឹងកេត ជួប វេ​ស្ទើ​ន ដើម្បី​ត្រៀម​រក្សា​កៅអី​កំពូល​តារាង​មុន​បញ្ចប់ MCL 2015

Post a Comment

0 Comments

Close Menu