*ម៉ៅ រិទ្ធ ជួបគឿន សុខហេង
ប្រដាល់ ៖ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ និងម៉ន ចៅក្របី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវគេផ្គូផ្គងឲ្យជួបគ្នាម្តងទៀតនៅយប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លើសង្វៀនBlack Cat របស់SEA-TV។
ពីរនាក់នេះធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមកនេះ ក្នុងការប្រកួតជម្រុះដណ្ដើមប្រាក់លាន ហើយ សោភ័ណ្ឌ ចាញ់ចៅក្របីក្នុងទឹកទី២។ ភុន សោភ័ណ្ឌ ជាអ្នកប្រដាល់ជើងចាស់ដែលមានបច្ចេកទេស និងល្បិចកលប្រកួតច្រើន។ តែសម្រាប់ពេលបច្ចុប្បន្ននេះ សោភ័ណ្ឌ មិនខ្លាំងដូចពីមុននោះទេ ដោយសារគេមានអាយុច្រើន កម្លាំងថមថយជាងមុន និងមួយទៀតគេមិនសូវបានឡើងប្រកួតញឹកញាប់ដូចពីមុនឡើយ។
ម៉ន ចៅក្របី ជាអ្នកប្រដាល់ស្រករក្រោយ។ គេមានស្នៀតប្រដាល់មិនជាល្អប៉ុន្មានទេ តែអ្នកប្រដាល់រូបនេះមានកម្លាំងស៊ុហ្វខ្លាំង និងស៊ូចំពោះការប្រកួត។ អ្នកណាជួបប្រកួតជាមួយគេ បើមិនដឹងពីទម្លាប់របស់គេនោះ ច្បាស់ជាត្រូវបាក់មិនខាន ព្រោះ ចៅក្របី គេវាយសម្លុតដើម្បីបំបាក់ស្មារតីតែម្ដង។ កម្លាំងមានប៉ុន្មានគេបញ្ចេញមកសឹងតែទាំងអស់ ដើម្បីបំបាក់គូប្រកួត ប៉ុន្តែបើគេដឹង និងទប់ជាប់ ក្នុងរវាង២ ឬ៣ទឹកដំបូងនោះ គឺលែងអីហើយ ព្រោះ ចៅក្របី អស់ស៊ុហ្វ និងវាយខ្សោយវិញហើយក្នុង២ទឹកចុងក្រោយនោះ។
គេនៅចាំបានថា កាលពីប្រកួតគ្នាលើកមុននោះ ដែលតម្រូវឲ្យប្រកួតតែបីទឹកនោះ ភុនសោភ័ណ្ឌ ប្រហែលជាភ្លេចខ្លួនថាប្រកួត៥ទឹកហើយ ទើបក្នុងទឹកទី១គេមិនបានខំប្រឹងដែលផ្ទុយពីចៅក្របី គេសម្រុកវាយតាំងពីទឹកទី១ទៅ ហើយក្នុងទឹកទី២បានផ្ដួលយកឈ្នះ សោភ័ណ្ឌ តែម្តង។ ដូច្នេះអាចថា សោភ័ណ្ឌ គេចាញ់ទាំងមិនអស់ចិត្ត។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ ជាការផ្តល់ឱកាសឲ្យ ភុន សោភ័ណ្ឌ អស់ចិត្ត។ ចៅក្របី ពេលជួបជាមួយ ភុន សោភ័ណ្ឌ លើកនេះ ក៏រាងយ៉ាប់ដែរហើយ ព្រោះ សោភ័ណ្ឌ គេដឹងពីស្នៀតរបស់ចៅក្របី ហើយមួយទៀត សោភ័ណ្ឌ វាយខ្លាំងជាងគេទៅទៀត។ ចាំមើល ការជួបគ្នាលើកនេះ តើ ភុន សោភ័ណ្ឌ មានលទ្ធផលយកឈ្នះ ម៉ន ចៅក្របី បានឬអត់?
ម៉ៅ រិទ្ធី អ្នកប្រដាល់ជើងចាស់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង នឹងជួបជាមួយ គឿន សុខហេង អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍។ ពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ អ្នកប្រដាល់ ម៉ៅ រិទ្ធី ឡើងប្រកួតតាំងពីឆ្នាំ២០០៥មកម្ល៉េះ គិតមកដល់ឥឡូវ១០ឆ្នាំហើយ ប៉ុន្តែការប្រកួតរបស់គេមិនមានការរីកចម្រើនទៅមុខឡើយ។
គឿន សុខហេង ជាអ្នកប្រដាល់ស្រករក្រោយ។ តាមពិតគេមានស្នៀតប្រដាល់ល្អមិនចាញ់ម៉ៅ រិទ្ធីទេ និងមានប្រៀបខាងកម្ពស់ទៀតផង តែ សុខ ហេង នៅមានចិត្តប្រដាល់តូច ល្មមៗគេលែងតស៊ូហើយ។ ដោយសារតែបែបនេះ ក្រុមអ្នកវិភាគប្រដាល់មិនសូវមានជំនឿទុកចិត្តលើរូបគេថាវាយឈ្នះ ម៉ៅ រិទ្ធី នោះឡើយ នៅក្នុងការជួបគ្នានេះ។
ម៉ៅ រិទ្ធី ខានឡើងប្រកួតបីខែហើយ ក្រោយពីគេវាយចាញ់ យុគ យក្សផ្លែ ក្នុងទឹកទី២នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ ចំណែកការប្រកួតចុងក្រោយរបស់ គឿន សុខហេង វិញ គេខកខានប្រកួតប្រមាណ៤ខែដែរហើយ ក្រោយពីវាយឈ្នះ គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងមកនោះ។ សុខហេង ឡើងប្រកួត១០ដង ឈ្នះម្តងតែប៉ុណ្ណោះ។
អ្នកប្រដាល់ជើងថ្មី លីន ប្រាកា ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ គៀន បញ្ញា ក្លិបរស្មីកុមាកំព្រាដែលជាអ្នកប្រដាល់ជើងថ្មីដូចគ្នា។ ពួកគេទាំងពីរនាក់នេះពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។
លីន ប្រាកា គេទើបតែឃើញប្រកួតលើសង្វៀនក្នុងឆ្នាំ២០១៥នេះប៉ុណ្ណោះ ដោយប្រកួតប្រហែលមិនដល់ដប់ដងផងទេ ដែលការប្រកួតចុងក្រោយនេះ គេវាយចាញ់ ឡុង ផល្លា ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ។
ចំពោះ គៀន បញ្ញា គេក៏ប្រហាក់ប្រហែលនឹង លីន ប្រាកា ដែរ។ ការប្រកួតចុងក្រោយរបស់គេ គឺវាយចាញ់ គឹម វាសនា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ។ ចាំមើល តើ លីន ប្រាកា និងគៀន បញ្ញា តើនរណាជាអ្នកទទួលបានជ័យជំនះនោះ?
អ្នកប្រដាល់ គួច វណ្ណា ក្លិបអេភូថងកីឡា នឹងជួបប្រកួតជាមួយ សិទ្ធ សុវណ្ណដេត។ ពីរនាក់នេះ ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក។ រវាងគូនេះ គេមិនមានជំនឿថា សិទ្ធ សុវណ្ណដេត ឈ្នះ គួច វណ្ណា សិស្សអេភូថងនោះឡើយ? ចំណែក ម៉ន ស៊ីម៉ាក់ ក្លិបអមតៈគុនខ្មែរ ត្រូវប្រកួតជាមួយ នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១៕
ភុន សោភ័ណ្ឌ និងម៉ន ចៅក្របី ជួបគ្នាម្តងទៀតលើសង្វៀនBlack Cat
0 Comments