សៀមរាប ៖ អ្នកកាសែតប្រុស/ស្រីចំនួន៩នាក់ មកពីអង្គភាពចំនួន៣ គឺសេរីភាពកម្ពុជា កម្ពុជាសន្តិភាព និងកិត្តិបណ្ឌិតខ្មែរ បានត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់សកម្មភាព បន្ទាប់ពីពួកគេតាមថតរូបថ្នាក់ដឹកនាំដើម្បីទាមទារប្រាក់នៅក្នុងព្រឹត្តិការបុណ្យអុំទូកក្នុងខេត្តសៀមរាប។
ហេតុការណ៍នាំខ្លួនអ្នកកាសែតនោះបានកើតឡើងនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅបរិវេណគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំងខាងលិចស្ទឹងសៀមរាប ក្បែរវេទិកាអុំទូក។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា អ្នកកាសែតប្រុស/ស្រីទាំង៩នាក់នេះ ទី១-ឈ្មោះ មាស ដាវី ភេទស្រី អាយុ២៨ឆ្នាំ។ ទី២-ឈ្មោះ ហេង ដានី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន។ ទី៣-ឈ្មោះ ហេង ផល្លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ។ ទី៤-ឈ្មោះ មាស រ៉ានុត ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី៥-ឈ្មោះ ហ៊ាម ស្រ៊ីនួន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៦-ឈ្មោះ មាស ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកសារព័ត៌មានគតិបណ្ឌិតខ្មែរ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៧-ឈ្មោះ មាស ដារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកសារព័ត៌មានកម្ពុជាសន្តិភាព រស់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទី៨-ឈ្មោះ ហេង វ៉ាន់ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកាសែតសេរីភាពកម្ពុជា មានទីលំនៅភូមិកោះធំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី៩-ឈ្មោះ ហេង វណី្ណ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ្នកកាសែតសេរីភាពកម្ពុជា រស់នៅភូមិកោះធំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពបន្តថា មូលហេតុដែលឈានដល់ការនាំខ្លួនអ្នកទាំង៩យកទៅសាកសួរ គឺដោយសារពួកគេតាមថតរូបថ្នាក់ដឹកនាំខេត្ត ដោយគ្មានការអនុញ្ញាត។ ក្រោយពេលថត និងផ្តិតរូបចេញជាសន្លឹកហើយ ពួកគេបានយករូបនោះទៅឲ្យម្ចាស់ខ្លួន ហើយទាមទារប្រាក់ ដោយយករូបដដែលទៅឲ្យម្ចាស់ខ្លួនម្នាក់ម្តង ហើយទារប្រាក់ម្នាក់ម្តង ទោះបីម្ចាស់រូបនោះចូលបន្ទប់ទឹក គឺពួកគេនាំគ្នាចាំមាត់ទ្វារបន្ទប់ដែរ។
ក្នុងពេលនាំខ្លួនយកទៅសាកសួរ ក្នុងចំណោម៩នាក់ មានប័ណ្ណសម្គាល់ខ្លួនតែ៤នាក់ប៉ុណ្ណោះ។ សមត្ថកិច្ចបញ្ជាក់ថា ទង្វើ និងសកម្មភាពរបស់ពួកគេ គឺផ្ទុយពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយទង្វើនេះនៅខេត្តសៀមរាបមិនធ្លាប់មានទេ ទាំងបច្ចុប្បន្ន ទាំងពេលដែលកន្លងហួស។
លោកវរសេនីយ៍ទោ ភឹង ចិន្តា រ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយពីបានសាកសួរ ពួកគេប្រុស/ស្រីចំនួន៩នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចថតរូបគណៈប្រតិភូ នៃសាលាខេត្តសៀមរាប ហើយយកទៅបង្ហាញឲ្យម្ចាស់សាមីខ្លួនវិញ ដើម្បីបានលុយចែកគ្នាមែន។
លោកបន្តថា ក្រោយពីបានសួរនាំ និងធ្វើកិច្ចសន្យា គឺបានឲ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងខ្លួនវិញហើយ។ សូមរំលឹកថា បច្ចុប្បន្ននេះត្រូវបានគេរាយការណ៍មកថា នៅតំបន់ស្រែណូយ និងស្វាយលើនៃខេត្តសៀមរាប មានអ្នកកាសែត និងមន្ត្រីអង្គការបរិស្ថានមួយចំនួនបានយកតួនាទីទៅប្រព្រឹត្តិទង្វើខុសក្រមសីលធម៌ ដែលធ្វើឲ្យវិស័យព័ត៌មានមានការធ្លាក់ចុះ ដូច្នេះករណីនេះក្រុមអ្នកសារព័ត៌មានក្នុងខេត្តបានសំណូមពរឲ្យលោកអភិបាលខេត្តមេត្តាចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើក្រុមឆ្លៀតឱកាសទាំងនេះផង៕
ក្រុមអ្នកកាសែត៩នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ
0 Comments