Ad Code

នៅ​សប្ដាហ៍​ក្រោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ បិទ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​សហគមន៍​អ្នក​បឹង​កក់​

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស គ្រោង​នឹង​ប្រកាស​បញ្ចប់​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅក្នុង​សហគមន៍​អ្នក​បឹង​កក់ ​នៅ​សប្តាហ៍​ក្រោយនេះ រួម​នឹង​ការប្រកាស​អោយ​សាធារណ​ជន និង​ពិភពលោក​បានដឹង​ពី​បំណងប្រាថ្នា​របស់​អាជ្ញាធរ​ ក្នុង​ការ​ដោះស្រាយ រួម​ជាមួយនឹង​មូល​ហេតុ​និង​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​ព្រម​ទទួលយក​សំណង ខណៈ​ដែល​អ្នក​មិនទាន់​ទទួលយក​គោលនយោបាយ​សំណង់​នៅសល់​ចំនួន​៧​គ្រួសារ​ទៀត។


ការ​លើកឡើង​របស់​លោក​ប៉ា សុជាតិ​វង្ស​ខាងលើ​ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​អ្នកភូមិ​បឹង​កក់​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​បឹង​កក់​ទាំងស្រុង។


លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា បញ្ហា​វិវាទ​ដីធ្លី​នៅក្នុង​សហគមន៍​បឹង​កក់​មិនអាច​អូស បន្លាយ​តទៅ​មុខ​បាន​ទៀត​ទេ ពោលគឺ​ទោះបី​ការដោះស្រាយ​យ៉ាងណាក៏ដោយ​នឹង​ត្រូវ​តែ​បញ្ចប់​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា ការ​ឈាន​ទៅ​បញ្ចប់​ដូច្នេះ​ដោយសារ​ទំនាស់​ កាន់តែ​រួម​តូច​ពី​ជាង​៤​ពាន់​គ្រួសារ នៅសល់​ចំនួន​ត្រឹមតែ​៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំង​៧​គ្រួសារ​នេះ​នៅតែ​ទាមទារ​សំណង​ខ្ពស់ ហួស​ពី​លទ្ធភាព​ដែល​អាជ្ញា​ធរមាន​សម្រាប់​ផ្តល់​ជូន​។


តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​បាន​បញ្ជាក់​បន្ថែម​ថា ចាប់​ពី​ពេលនេះ​រហូតដល់​សប្ដាហ៍​ក្រោយ​អ្នក​នៅ​សេសសល់​ទាំងនោះ នៅ​តែមាន​ឱកាស​ចរចា​រលើក​ ជា​សំណូមពរ​ជាមួយ​គណៈកម្មការ​ដោះស្រាយ ដើម្បី​ទទួល​បាន​គោលការណ៍​រួម​មួយ​សម្រាប់​យក​មក​ពិភាក្សា​ចុងក្រោយ ហើយនឹង​ប្រកាស​អោយ​សាធារណជន និង​ពិភពលោក​បានដឹង​ពី​បំណងប្រាថ្នា​របស់​អាជ្ញាធរ ​ក្នុង​ការ​ដោះស្រាយ រួម​ជា​មួយនឹង​មូលហេតុ​និង​ការ​ទាមទារ​បស់​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួលយក​សំណង។


អ្នកស្រី​លី ចាន់ណា​រី ជា​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​មិនទាន់​ទទួលយក​សំណង់​ពី​អាជ្ញាធរ​បាន​បញ្ជាក់​ថា សាលាក្រុង​ពុំ​អាច​បិទ​ការ​ដោះស្រាយ​សុំណុំរឿង​នេះ​ បានទេ ប្រសិនបើ ការ​ដោះ​ស្រាយ​មិនទាន់​ចប់​គ្រប់​នោះ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​អ្នកស្រី​ថា អាជ្ញាធរ​បាន​ខិតខំ​ចូលរួម ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​យ៉ាងសកម្ម​ហើយ។ អ្នកស្រី​បន្ថែម​ថា ការដែល​មិនទាន់​ទទួលយក​សំណង​នេះ ដោយ​ការ​រដោះ​ស្រាយ​ពុំ​មាន តម្លាភាព​និង​សមធម៌ ខណៈ​ដែល​ដី​មាន​ទំហំ​ធំ​ចាប់ពី​ជាង​1​ពាន់​ការ៉េ​ឡើង​ទៅ ដូច្នេះ​ដើម្បី​ដោះ​ស្រា យ​បាន​អាជ្ញាធរ​គួរ​ផ្តល់​សំណង​ដី​ចំនួន​៥៣​ភាគរយ​ស​មាត្រ​ទៅ​នឹង​ទំហំ​ដី​ដែល​បាត់បង់។


គួរ​បញ្ជាក់​ផងដែរ​ថា ទំនាស់​ដីធ្លី​របស់​អ្នកភូមិ​បឹង​កក់​ បានកើត​ឡើង​តាំងពី​ឆ្នាំ​២០០៧​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ធ្វើការ​វិនិយោគ​តំបន់​បឹងកក់​រយៈពេល​៩៩​ឆ្នាំ ដើម្បី​ប្រែក្លាយ​ទឹកដី​ដែល​ធ្លាប់​បង្ហាញ​នូវ​ភាព​កខ្វក់​ និង​ភាព​អនាធិបតេយ្យ​តាំងពី​យូរ​មក​ហើយ​នោះ ឱ្យ​ទៅជា​គ្រាប់ពេជ្រ ជា​តំបន់​សេដ្ឋកិច្ច​និង​ទេសចរណ៍​ដ៏​ទាក់ទាញ។ តាមរយៈ​ការ​អភិវឌ្ឍ​តំបន់ នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់ ចំនួន​៤២៥២​គ្រួសារ ក្នុង​នោះ​ជាង​៣០០០​គ្រួសារ​បាន​ទទួល​គោលនយោបាយ​ទៅ​រស់នៅ​កន្លែង​ថ្មី ហើយ​ចំណែក​ជាង​១០០០​គ្រួសារ​ទៀត​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍​នៅ​នឹង​កន្លែង ហើយ​រហូត​មកទល់ ពេលនេះ​នៅ​សល់តែ​៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ទទួលយក​គោលនយោបាយ​ពី​រដ្ឋ៕


 



នៅ​សប្ដាហ៍​ក្រោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ បិទ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​សហគមន៍​អ្នក​បឹង​កក់​

Post a Comment

0 Comments

Close Menu