Ad Code

ទស្សនៈ ​៖​ "មេ"​បាត់​អាវក្រោះ!

កន្លង​មក​ថ្មីៗនេះ​ក្រោយ​ពី​ព្យុះ​សង្ឃរា​បក់បោក​អោយមាន​គ្រោះថ្នាក់​ ដល់មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ក៏លេចចេញព័ត៌មាន​ពី “មេរង ស្តីទី” នៃគណបក្សនេះ​ដែលបាន​រកច្រក​ចេញមួយ​គឺសង្ឃឹម​ទៅលើ​វប្បធម៌សន្ទនាដែល​អាច​មានប្រសិទ្ធ​ភាពក្នុង​ការស្តារ​ពីគ្រោះ​មហន្តរាយនោះអោ​យបាន​ប្រសើរមកវិញ។ ប៉ុន្តែ​ចំពោះ​”មេ”ដែលកំពុង​ត្រូវ​ទទួល​រងនូវ​ការបក​អាវក្រោះចេញនោះតើ​បានអាវ​នោះមកវិញ​ដែរ ឬទេ? តើអ្វីទៅជាអាវក្រោះ?


យើងនិយាយទៅតាម​ភាសារបស់​សមាជិក​រដ្ឋ​សភា​​​​ដែល​គេចំណាំតែ​និយាយថា “អភ័យឯកសិទ្ធិ”​គឺពាក្យ​​​នេះហើយ​ដែលគេយល់តាមរយៈការប្រៀប​ប្រដូច​ទៅនឹង​អាវក្រោះនោះ។ ចំពោះ​ការបាត់​បង់នូវ​អភ័យឯកសិទ្ធិ​នេះ​ហើយដែល​ហៅថា ជាការ​បាត់បង់​អាវក្រោះជាអាវសម្រាប់​ការពារ​ខ្លួននោះហើយ។ ជាក់​ស្តែង​ដូចលោកសម រង្ស៊ីជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយដែល​មានតួនាទី​ជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម នោះត្រូវ​បានសំឡេង​សភា​ភាគច្រើន​បាន​បកអាវក្រោះ​ចេញ​គឺត្រូវ​បានសភា​ជាតិ​ដកអភ័យឯកសិទ្ធិ​រួច​អស់​ហើយ កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៥។​ ឥឡូវនេះ​លោកសម រង្ស៊ីលែង​មាន​អាវក្រោះ​ការពារ​ខ្លួនទៀតហើយ។ មានន័យថា ជាការ​ងាយស្រួល​បំផុត​ក្នុងការ​ទទួល​រងនូវគ្រោះថ្នាក់​ប៉ះពាល់​ដល់ខ្លួននោះ។


គប្បី​បញ្ជាក់ថា ពាក្យអភ័យឯកសិទ្ធិ មានន័យដ៏​ស័ក្តិសិទ្ធិប្រែថា ជាអំណាច​ផ្ទាល់ខ្លួនដែលធ្វើមិនអោយ​មានការ​ភ័យព្រួយនោះទេ។ ប៉ុន្តែ​សម្រាប់​ពេលនេះការ​បកស្បែក​នៃអាវ​ក្រោះនោះបាន​រួចរាល់អស់​ហើយដែល​ធ្វើអោយ​មេបក្សនោះ​ត្រូវ​ទទួល​នូវការ​ភ័យ​ព្រួយនិង​ការខ្លាច​ញាប់ញ័រ​ជាអចិន្ទ្រៃយ៍បំផុត។ បានសេចក្តី​ថា បើមាន​ឧបសគ្គ ឬមានការ​ប្រយុទ្ធ​តាមរយៈការបាញ់​ព្រួញណាមួយ​បានប៉ះចំនោះ​ប្រាកដ​ជាមានការ​មុត​ធ្លុះ​ធ្លាយ​បណ្តាល​អោយ​របួស​និងមាន​គ្រោះថ្នាក់​យ៉ាង​ដំណំប្រកបដោយ​ទុក្ខទោស​គួរអោយ​បារម្ភដែល​មិន​អាច​គេចផុតនោះទេ។


ទន្ទឹមនឹងការ​ភ័យព្រួយស្រៀវឆ្អឹង​ខ្នងនេះគេយល់​ឃើញថា ក្រុម​ការងារ​នៃគណបក្ស​សង្គ្រោះជាតិ​បានប្រជុំ​រិះរកមធ្យោបាយ​នានា ដើម្បី​អោយមេរបស់​ខ្លួន​បានទទួល​ភ្ជាប់​សាជាថ្មី​វិញចំពោះ​ការទទួល​បាន​អាវ​ក្រោះមកពាក់​ការពារខ្លួន​ដូច​ពីមុន​គឺ អោយ​បានទទួល​នូវអភ័យឯកសិទ្ធិ​នៃសមា​ជិកសភាជាមួយ​នឹងគេ​ជាធម្មតា។​ ជាការ​ពិតណាស់​អ្វីដែល​បាត់​បង់ទៅ​នោះទើប​វាជា​ប្រការដែល​គួរអោយ​ស្តាយជាទី​បំផុត។ ប៉ុន្តែ​កាលពី​របស់​នោះ​នៅមិន​ទាន់​បាត់បង់​នោះ គឺអ្នក​ម្ចាស់​នៃអភ័យឯកសិទ្ធិ​នោះ មិន​ចេះប្រើ​សិទ្ធិ​នោះអោយបាន​ត្រឹមត្រូវចំពោះមុខច្បាប់​ឡើយ។ តែនៅ​ពេលដែល​អាវក្រោះ​នោះ​ឃ្លាតឆ្ងាយ​ពីខ្លួន​ទើប​មានការ​សោកស្តាយ​ប្រកបដោយ​ភាព​រងាព្រឺឆ្អឹងខ្នង​ដោយ​ចង់​ទាមទារ​យកអាវ​ក្រោះនោះមកវិញ។ ពេល​នេះគេ​និយាយថា អ្វីៗវាហួស​ពេល​ទៅហើយ ឬជា​ឱកាស​​ដ៏កម្របំផុត​ដែល​របស់បាន​បាត់​ទៅហើយ​បែរ​ជា​ត្រឡប់​មករកឃើញវិញនោះ។


ទន្ទឹម​នឹងក្តីសង្ឃឹម​តាមរយៈ​វប្បធម៌​សន្ទនា​នោះគឺ​មានមតិអ្នក​វិភាគ​២យ៉ាង​ដែល​មតិទី១យល់ថា អាច​ធ្វើ​អោយលោកសម រង្ស៊ី​បានរួចខ្លួនពី​ការចោទប្រកាន់​នៃតុលាការ​ផង និង​បានទទួល​នូវអភ័យសិទ្ធិ​ជាអ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាមវិញផង។ ដ្បិត​គេចំណាំតែបាន​ដឹង​កន្លងមកពី​បញ្ហានៃ​ការផ្តន្ទាទោស​ទៅលើលោកសម រង្ស៊ីមានច្រើន​ដងមកហើយតែពុំមាន​ប្រសិទ្ធភាព​ទាល់តែសោះ ឬមេបក្ស​នេះមិន​ដែល​ជាប់​ពន្ធនាគារនោះទេ។ ចំណែក​ឯមតិទី២​វិញតែងយល់ថា ឥទ្ធិពលនៃ​វប្បធម៌សន្ទនា​វាឋិត​នៅលើ​ដំណោះស្រាយ​រវាង​គណបក្សនយោបាយ​ទាំងពីរ​ចំពោះការ​ការងារ​នយោបាយ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ទោសពៃរ៍​របស់លោកសម រង្ស៊ី​ជារឿង​បុគ្គល​ដែលមានករណី​ល្មើសច្បាប់​ដែល​មិនអាចមានការ​ឡូកឡំជាមួយគោល​ដៅវប្បធម៌សន្ទនានោះទេ។ ឯប្រការ​ដែលរឹតតែ​មិនអាច​ទៅរួច​ទៀតនោះ​គឺបញ្ហា​ដកអភ័យឯកសិទ្ធិ​លោកសម រង្ស៊ី​ហើយនោះ​វាមិនមែន​ជារឿង​ក្មេង​លេង​បាយឡុកបាយឡនោះទេ។ ហេតុ​នេះហើយ​ទើប​ក្តី​សង្ឃឹម​ថា លោកសម រង្ស៊ីបាន​អាវក្រោះ​មកវិញនោះ​ក៏វាពិបាក​ហួសនិស្ស័យនោះដែរ។


សរុបសេចក្តីមកក្នុងន័យនៃ​”មេ”បាត់អាវក្រោះ​នោះ​ក៏មិន​អាច​សង្ឃឹម​ថា បាន​មកវិញ​នោះឡើយនៅ​ក្នុង​អាណត្តិនេះ។ តែ​ក៏អាច​មានសង្ឃឹម​នៅអាណត្តិក្រោយ​ ឬជា​យូរទៅទៀត​ដែល​គេមិន​អាច​ធ្វើ​ការទស្សន៍ទាយ​បាន​នោះទេ៕


 



ទស្សនៈ ​៖​ "មេ"​បាត់​អាវក្រោះ!

Post a Comment

0 Comments

Close Menu