ប្រទេសទុយនេស៊ី បានប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្នបន្ទាន់មួយដែលមានរយៈពេល៣០ថ្ងៃ ហើយក៏បានចាប់ផ្ដើមបិទបម្រាមគោចរ បន្ទាប់ពីមានការសង្ស័យថា ជាការវាយប្រហារដោយគ្រាប់បែកអត្ដឃាតទៅលើរថយន្ដ Bus មួយគ្រឿងដែលដឹកជញ្ជូនអង្គរក្សប្រធានាធិបតីបណ្ដាលឲ្យមនុស្សយ៉ាងហោច១២នាក់ស្លាប់នោះ។
ប្រធានាធិបតីទុយនេស៊ី លោក Beji Caid Essebis មិនស្ថិតនៅជាមួយក្រុមអង្គរក្សនោះទេ ពេលដែលការវាយប្រហារបានកើតមានឡើងនៅត្រង់កន្លែងឈប់សម្រាករបស់រថយន្ដ bus ដែលដឹកជញ្ជូនពួកអង្គរក្សនោះ។
នៅតែមិនទាន់ច្បាស់ការណ៍ទេថា អ្វីទៅដែលបានបណ្ដាលឲ្យមានការផ្ទុះនៅក្បែរអតីតទីស្នាក់ការរបស់គណបក្ស Socialist Destourian Party របស់ប្រធានាធិបតី Zine EL Abidine Ben Ali ដែលត្រូវរងការទម្លាក់ចេញពីតំណែងនោះ។
ប្រភពមួយបានប្រាប់ Reuters ថា អាចជាគ្រាប់បែកមួយគ្រាប់ដែលពន្យារពេលផ្ទុះឈ្នួន។ នៅមានប្រភពមួយទៀតបានប្រាប់ Bloomberg ថា ករណីផ្ទុះនៅកណ្ដាលក្រុង Tunis ស្ថិតនៅតាមដងរុក្ខវិថី Avenue Mohamed V ដែលតាមមើលទៅគឺជាប្រភេទគ្រាប់បែកអត្ដឃាតមួយដែលសំដៅទៅលើរថយន្ដ bus នោះតែម្ដង។
ប្រភពមួយខាងផ្នែកសន្ដិសុខវិញ នៅឯកន្លែងកើតឧប្បត្ដិហេតុនោះនៅពេលជាមួយគ្នាផងដែរបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ស្ទើរតែក្រុមភ្នាក់ងារអង្គរក្សទាំងអស់ដែលស្ថិតនៅលើរថយន្ដ bus ស្លាប់ទាំងអស់។
ក្រសួងមហាផ្ទៃបានហៅការបំផ្ទុះគ្រាប់បែកនោះថា ជាសកម្មភាពភេរវកម្ម ប៉ុន្ដែនៅមិនទាន់មានក្រុមណាប្រកាសអះអាងពីការទទួលខុសត្រូវនៅឡើយទេ។ ក្រសួងដដែលនេះបាននិយាយថា យ៉ាងហោចមនុស្ស១២នាក់ស្លាប់ដោយសារការផ្ទុះ ទាំងពេលដែលអ្នកនាំពាក្យ លោក Walid Louguini បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា យ៉ាងហោចក៏មានមនុស្ស១៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកនោះ។
ការវាយប្រហារនៅក្រុង Tunis កើតមានឡើងពេលដែលមានការប្រកាសអាសន្នកម្រិតខ្ពស់នៅទូទាំងទ្វីបអឺរ៉ុប ដោយសារតែមានការវាយប្រហារមរណៈនៅក្រុងប៉ារីស នៅថ្ងៃទី១៣ ខែវិច្ឆិកា ហើយបណ្ដាលឲ្យមនុស្សស្លាប់អស់១៣០នាក់៕
RT
ទុយនេស៊ី ប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្នបន្ទាន់
0 Comments