ក្នុងសម័យអង្គរមានប្រាង្គប្រាសាទមួយដ៏តូចច្រឡឹងប្រកបដោយគុណភាពថ្មពណ៌ផ្កាឈូក ដ៏កម្ររកបាន និងមានបំពាក់ដោយគ្រឿងអលង្ការផ្នែកក្បាច់ចម្លាក់ល្អឥតខ្ចោះដល់កំពូលនោះកសាងពីគ.ស ៩៦៧ ដោយព្រះមហាក្សត្រ២អង្គគឺ ព្រះបាទរាជិន្ទ្រាវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥ ក្នុងការឧទ្ទិសដល់ព្រហ្មញ្ញ សាសនា។ ប៉ុន្តែព្រះមហាក្សត្រទាំងពីរអង្គដែលបានកសាងប្រាសាទបន្ទាយស្រីគឺ ព្រះអង្គមានជំនឿខ្លាំងទៅលើព្រះឥសូរ ព្រោះគេបានដឹងថា តាមការកត់ត្រាប្រវត្តិសាស្ត្របានបញ្ជាក់នៅក្នុងព្រះបច្ឆាមរណនាមព្រះអង្គថា “សិវលោកា” និង”បរមសិវលោកា”។
អ្វីដែលធ្វើអោយភ្ញៀវទស្សនាប្រាសាទនេះមានការភ្ញាក់ផ្អើល និងមានការចាប់អារ្មមណ៍ក្នុងចិត្តដោយការស្ងើចសរសើរយ៉ាងខ្លាំងនោះគឺបញ្ហាចម្លាក់ថ្មប្រាសាទដែលគេនិយាយថា ស្ទើរតែរលាយសាច់មួយទៅហើយតាមរយៈគ្រឿងអលង្ការដែលគេបានធ្វើការប្រដូចទៅនឹងអលង្ការរបស់នារី ទើបស័ក្តិសមនឹងឈ្មោះថា ជាប្រាសាទបន្ទាយស្រីនោះ។ មានមតិអ្នកវិភាគដោយផ្អែកតាមរយៈសាសនាព្រាហ្មណ៍ ឬហិណ្ឌូសាសនានោះបានយល់ឃើញថា ប្រាសាទបន្ទាយស្រីជាមណ្ឌូលវប្បធម៌នៃការសំយោគព្រះអាទិទេពធំៗទាំងបីអង្គ ឬហៅថា ជាការបង្រួបបង្រួមនៃនិកាយទាំងបីអោយមានលក្ខណៈមូលត្រកូលជាមួយគ្នាឋិតក្នុងបូជនីយដ្ឋានតែមួយ។ ជាក់ស្តែងប្រាង្គប្រាសាទទាំងបីឋិតនៅត្រង់ជួរតែមួយពីខាងជើងទៅខាងត្បូងនោះគឺ ប្រាង្គខាងជើងជាការតម្កល់បដិមាព្រះវិស្ណុ ឬព្រះនារាយណ៍,ប្រាង្គកណ្តាលសម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ និងប្រាង្គខាងត្បូងសម្រាប់ឧទ្ទិសថ្វាយព្រះព្រហ្ម។ តាមរយៈសំណង់វប្បធម៌នៃប្រាសាទបន្ទាយស្រីគឺជាការផ្គុំបញ្ញាញាណរបស់សិល្បករឆ្លាក់ថ្មដ៏កំពូលៗក្នុងការរំលេចចេញជាស្នាដៃដ៏អស្ចារ្យបំផុត និងគួរអោយអ្នកទស្សនាមានការស្ងើចសរសើរយ៉ាងក្រៃលែង។ ភាពល្បីល្បាញនៃចម្លាក់ថ្មប្រាសាទបន្ទាយស្រី ដែលចាត់ទុកជាស្នាដៃកម្ររកបាននោះ បុព្វបុរស ឬអ្នកបុរាណវិត្ថុវិទ្យាបានប្រសិទ្ធនាមក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីទុកជាពុម្ពគំរូក្នុងការនិយមប្រើប្រាស់ទូទៅថា “ក្បាច់បន្ទាយស្រី” តមកទល់នឹងបច្ចុប្បន្ននេះ។ ជាពិសេសគេបានហៅថា ក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីគេចាត់ទុកជាគ្រឿងអលង្ការនៃសិល្បៈខ្មែរបន្តគ្រប់ជំនាន់ទាំងអស់ដែលតែងបន្តទាំងការសិក្សារៀនសូត្រ និងទាំងការត្រងត្រាប់ទុកជាគំរូពាក់ព័ន្ធទៅនឹងចម្លាក់ដទៃទៀតក្នុងសង្គមខ្មែរពិតប្រាកដ។
ជាក់ស្តែងដូចរូបថតនៃចម្លាក់មួយផ្ទាំងភ្ជាប់មកជាមួយនឹងអត្ថបទនេះ មានប្រភពពីប្រាសាទបន្ទាយស្រីដែលបច្ចុប្បន្ននេះមានការថែរក្សាដោយតម្កល់នៅសារមន្ទីរជាតិភ្នំពេញដែលចម្លាក់នេះមានអាយុជាងមួយពាន់ឆ្នាំមកហើយនៅតែរក្សាបានភាពរស់រវើក និងល្អឥតខ្ចោះហើយដែលពុំមានគូប្រៀបប្រដូចបានឡើយ។ តាមរយៈក្បាច់ចម្លាក់នេះចំពោះយើងដែលមិនមែនជាអ្នកមានអាជីពជាជាងចម្លាក់នោះមើលទៅហាក់ដូចជាធម្មតាប៉ុណ្ណោះ ដោយគ្រាន់តែគិតថា ល្អ និងមានលក្ខណៈច្បាស់ក្រឡែតដូចជាធម្មជាតិពិត។ ចំណែកឯចក្ខុវិស័យរបស់ជាងចម្លាក់វិញបានមើលឃើញថា ជាចម្លាក់ដ៏ល្អប្រណីតបំផុតហើយដែលស្តែងចេញពីការប្រើប្រាស់ពេលវេលាយ៉ាងយូរទៀតផងទម្រាំតែព្យាយាមឆ្លាក់បានចេញជារូបរាងយ៉ាងនេះ។ មើលចុះចំណិតនៃចម្លាក់បានបង្ហាញនូវក្បាច់មានសណ្ឋានស្តើងតាមរយៈការចៀរឬឆ្វៀលថ្ម ហាក់ដូចជាការចៀរឈើ ឬការដាប់ឈើយ៉ាងនោះដែរ។ ទន្ទឹមនឹងក្បាច់ដ៏ល្អប្រណីតគ្មានគូប្រៀបនេះគឺសិល្បករក៏ដូចជាបុព្វបុរសចង់បង្ហាញអំពីឥទ្ធិពលនៃការហោះហើរតាមរយៈការជិះគ្រុឌនៃព្រះវិស្ណុ(នារាយណ៍)លើអាកាសវេហា។ នៅអមសងខាងចម្លាក់ព្រះវិស្ណុជិះគ្រុឌក៏មានការឆ្លាក់ជាភ្ញីផ្កាតាមលំនាំនៃដងខ្លួននាគដែលមានក្បាលនាគចេញពីមាត់គ្រុឌទាំងសងខាងដែរ។
យើងមិនអាចយល់បានអស់អំពីអត្ថន័យនៃចម្លាក់នេះទេដោយគ្រាន់តែយល់ថា ជាការធ្វើដំណើរផ្លូវអាកាសរបស់វិស្ណុតាមការជិះគ្រុឌប៉ុណ្ណោះ។ ឯអ្វីដែលកម្ររកបានហើយដែលសិល្បករជំនាន់ក្រោយធ្វើមិនងាយដូចនោះគឺ ទឹកដៃនៃការឆ្លាក់ថ្មរបស់សិល្បករខ្មែរបុរាណតែម្តងដែលចាត់ទុកជាតម្លៃខ្ពស់ដល់កំពូលពិតប្រាកដ៕
ក្បាច់ចម្លាក់ ដ៏ល្អអស្ចារ្យនៃប្រាសាទបន្ទាយស្រី សម័យអង្គរ
0 Comments