កំពង់ស្ពឺ ៖ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំពិធីបុណ្យប្រអុំទូក ខេត្តកំពង់ស្ពឺ បានអះអាងនៅម៉ោង១៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋចូលមកទស្សនា និងកម្សាន្តមានការកើនឡើងច្រើនជាងម្សិលមិញ បើតាមការប៉ាន់ស្មានអាចជាង១០ម៉ឺននាក់ក្នុងតប់នេះ។
លោកវរសេនីយ៍ឯកចាន់ ដាមេបញ្ជារងប៉េអិម ខេត្តកំពង់ស្ពឺ បានប្រាប់ថា ការពារសន្តិសុខសណ្តាប់ធ្នាប់កម្លាំងអាវុធហត្ថបានដាក់តាមគោលដៅសំខាន់ ដែលបានកំណត់ក្នុងផែនការ។ លោកបន្តថា ប្រជាពលរដ្ឋដែលចូលរួមមកលេងពិធីបុណ្យអុំទូកសម្រាប់ថ្ងៃទី២ហាក់មានការកើនឡើងតាំងពីរសៀល ហើយក្នុងយប់នេះតាមការប៉ាន់ស្មាន អាចឡើងដល់១០ម៉ឺននាក់ មកពីគ្រប់ទិសទី។
លោកបន្តថា ចំពោះសន្តិសុខដូចជាអំពើចោរកម្មលួចឆក់ ឬបាត់បង់នោះទេ ប៉ុន្តែមានករណីបាត់ក្មេងខ្លះ ហើយក្រុមការងារបានប្រកាស និង ស្វែងរកអាណាព្យាបាលឃើញអស់ហើយដែរ។
សូមរំលឹកថា ជាច្រើនទសវត្សរ៍មកហើយពុំធ្លាប់មានព្រឹត្តិការណ៍បែបនេះឡើយ ហើយនេះជាប្រវត្តិសាស្ត្រលើកទី១របស់ខេត្តបានរៀបចំបុណ្យអុំទូកយ៉ាងអធិកអធមបែបនេះ មិនចាញ់នៅភ្នំពេញទេ គឺមានការប្រណាំងទូក ការប្រគំតន្ត្រី បាញ់កាំជ្រួច តាំងពិព័រណ៍ពាណិជ្ជកម្ម ល្បែងកំសាន្តផ្សេងៗជាច្រើនទៀត។
គណៈកម្មការរៀបចំបុណ្យអុំទូក ខេត្តកំពង់ស្ពឺបានប្រាប់ថា ចំនួនទូកដែលចូលរួមប្រណាំងនាពេលនេះសរុប ៥៣ទូក ប្រភេទចំប៉ាចា ៥១ទូក ស្ត្រី១ទូក និងទូកកិត្តិយស២គ្រឿងផងដែរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកគឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត នឹងត្រូវបានកំណត់នៅក្នុងព្រះរាជពិធី ទ្វាទសមាសប្រចាំឆ្នាំ ដែលព្រះរាជពិធីនេះពុំមានកំណត់ ឬ ប្រកាន់ឈ្មោះថ្ងៃណាមួយតាមសុរិយគតិទេ គឺកំណត់យកថ្ងៃ ១៤, ១៥ កើត និងថ្ងៃ ១ រោច ខែកត្តិក ជាទៀងទាត់រៀងរាល់ឆ្នាំតាមប្រតិទិនចន្ទគតិ។
គួររំឭកថា ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ពិធីបុណ្យអុំទូក ត្រូវបានខកខានប្រារព្ធចំនួន ៣ លើក គឺនៅ ឆ្នាំ ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត និងនៅឆ្នាំ ២០១៣ ដោយគ្រោះទឹកជំនន់ តែបានបង្វែរទៅរៀបចំនៅតាមបណ្តាខេត្ត។
លោកអ៊ូ សំអួនបានបញ្ជាក់នៅថ្ងៃនេះដែរថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ នឹងមានរៀបចំអុំទូកដើម្បីអបអរបែបនេះ៕
បុណ្យអុំទូកថ្ងៃទី២នៅកំពង់ស្ពឺអ្នកចូលរួមក្នុងយប់ជាងអាចកើនជាង១០ម៉ឺននាក់
0 Comments