Ad Code

ឡៅ ចិ​ត្រា ផ្ដួល ​ផេ​ត ង៉ា​ម វ៉​.​ស៊ូ​ង​នឺ​ន ទឹក​១ ខណៈ ​ឡៅ ចន្ទ្រា​ ផ្ដួល គ្រៀង ក្រៃ​ ទឹក​៥



អ្នក​ប្រដាល់​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម វ៉​.​ស៊ូ​ង​នឺ​ន (Phat Ngam Wor.Souneun) ក្នុង​ទឹក​ទី​១ ហើយ​ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កង​ពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដែរនោះ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ​(Krieng Krai) ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី កាលពី​យប់​ថ្ងៃ​សុក្រ ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។

ឡៅ ចិ​ត្រា បានធ្វើឲ្យ​ ផេ​ត ង៉ា​ម វ៉​.​ស៊ូ​ង​នឺ​ន ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ នៅក្នុង​ទឹក​ទី​១ ដោយ​ការ​ទាត់​ឲ្យ​ជើង​ខាងស្តាំ​របស់ ​ផេ​ត ង៉ា​ម ឈឺ ​និង​ដួល ហើយ​ក្រោយ​ងើប​បន្ត​ការប្រកួត​ទៀត ផេ​ត ង៉ា​ម ក៏ត្រូវ​ចិ​ត្រា ទាត់​ជើង​ឈឺ​ដដែល​នោះ ឲ្យ​ដួល​មិនអាច​ក្រោក​រួច ហើយ​អាជ្ញាកណ្ដាល​ក៏​បញ្ឈប់​លែងឲ្យ​ប្រកួត និង​ផ្តល់​ជ័យជម្នះ​ឲ្យ ឡៅ ចិ​ត្រា ​ក្នុង​ទឹក​ទី​១​នោះ។

សូម​រម្លឹកថា ផេ​ត ង៉ា​ម វ៉​.​ស៊ូ​ង​នឺ​ន អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​១-២ ដង​ហើយ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៧៤​លើក ចាញ់​១៤​លើក​ និង​ស្មើ​០១​លើក។ បើ​ធៀប​ជាមួយ​ ឡៅ ចិ​ត្រា គឺ​ប្រហាក់ប្រហែលគ្នា ដោយ​ ចិ​ត្រា​ គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨០​លើក ក្នុងនោះ​ឈ្នះ​៧៣​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។

ចំពោះ ឡៅ ចន្ទ្រា ដែល​ត្រូវបាន​គេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ គ្រៀង ក្រៃ​នោះ បាន​យកឈ្នះ​គ្រៀង ក្រៃ នៅ​ដើម​ទឹក​ទី​៥ បន្ទាប់ពី​នៅ​ចុង​ទឹក​ទី​៤ គ្រៀង ក្រៃ ត្រូវ​ឡៅ ចន្ទ្រា វាយ​កែង​ត្រូវចំ​ចិញ្ចើម​ឆ្វេង​មួយ​កែង​ពេញ ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ ស្រុត​ដួល​លើ​រេញ តែ​ក្រោយពី​អាជ្ញាកណ្ដាល​រាប់​ដល់​៨ គ្រៀង ក្រៃ​ គេ​បន្ត​ការប្រកួត​ទៀត។ មួយ​កែង​ឆ្វេង​របស់ ​ចន្ទ្រា​ នេះ បានធ្វើឲ្យ​គ្រៀង ក្រៃ បែក​រយះ​ចេញឈាម​ខ្លាំង និង​រំខាន​ដល់​ការប្រកួត​របស់គេ ទើប​គេ​សុំ​បោះបង់​ការប្រកួត​មុន​ចូល​ប្រកួត​ទឹក​៥​នោះ។

នៅក្នុង​ការប្រកួត​ដែលមាន​ស្ថានភាព​ប្រយ័ត្នប្រយែង​រៀងខ្លួន​នោះ ឃើញថា ឡៅ ចន្ទ្រា គេ​មាន​ប្រៀប​ឈ្នះ​លើ​ថៃ ដោយ​គេ​ដេញ​វាយ​មុន​ជានិច្ច។​ ចំណែក​គ្រៀង ក្រៃ វិញ គេ​ព្យាយាម​ទាត់​កាត់ និង​ដាល់​មកលើ​ចន្ទ្រា ដើម្បី​ទប់​ដំណើរ​សម្រុក​របស់​ចន្ទ្រា​ដែរ ប៉ុន្តែ​មិន​ទប់​ជាប់​នឹង​ការ​សម្រុក​របស់​ចន្ទ្រា​បាន ធ្វើ​ឲ្យ​ចន្ទ្រា​ចូល​កៀក​ចាប់​អោប រួច​ចន្ទ្រា​ដែលមាន​កែង​រហ័ស​នោះ បាន​វាយ​ទៅលើ​គ្រៀង ក្រៃ​មួយ​កែង​ឆ្វេង ត្រូវបាន​សម្រេច រហូតដល់​បោះបង់​ការ​ប្រកួត​នេះ។​
​គួរ​បញ្ជាក់ថា គ្រៀង ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កាលពីពេល​កន្លងមក។ គ្រៀង ក្រៃ​នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះ​ទេ ប៉ុន្តែ​ពេលនេះ​ ត្រូវ​ ឡៅ ចន្ទ្រា​ ដែលមាន​ប្រវត្តិ​ប្រកួត​១០៣​ប្រកួត ផ្តួល​ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៥។​

ចំណែក ការប្រកួត​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ​ ឡេង ម៉ៅ អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី ក្រាំង​យ៉ូ​វ ក្នុង​ទឹក​ទី​៤ ហើយ ​ឯម ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប ថ្មគោល​ពោធិ៍​សែន​ជ័យ ក៏​ផ្ដួល ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៤ ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu