ភ្នំពេញ ៖ ស្ថាប័ន IDPគ្រោងនឹងដាក់ឲ្យដំណើរការការធ្វើតេស្ត IELTS តាមកុំព្យូទ័រជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី26 ខែមករា ឆ្នាំ2019ខាងមុខនេះ នៅបន្ទប់កុំព្យូទ័រសម្រាប់ធ្វើតេស្តរបស់ស្ថាប័ន IDPដែល នឹងផ្តល់ឲ្យអ្នកធ្វើតេស្តទទួលបាននូវលទ្ធផលតេស្តបានលឿនរហ័សក្នុងរយៈពេល 5-7 ថ្ងៃនិងមានជម្រើសកាលបរិច្ឆេទធ្វើតេស្តច្រើនជាងមុន។
ទោះបីជាអ្នកធ្វើតេស្តនៅពេលនេះមានជម្រើសរវាងការធ្វើតេស្ត IELTS លើកុំព្យូទ័រ ឬលើក្រដាសក៏ពិតមែន ក៏ប៉ុន្តែខ្លឹមសារនៃការធ្វើតេស្តលើការស្តាប់ ការអាន និងការសរសេរនៅតែមានលក្ខណៈដូចគ្នាដដែល ហើយការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើឡើងដោយផ្ទាល់ជាមួយមេប្រយោគធ្វើតេស្ត IELTS ដែលមានបទពិសោធន៍ និងមានការបញ្ជាក់ត្រឹមត្រូវ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានមានប្រសាសន៍ថា “បពិសោធន៍ ធ្វើតេស្តថ្មីនេះផ្តោតជាចម្បងទៅលើអ្នកធ្វើតេស្ត ដោយផ្តល់ជូននូវកាលប្រឡងច្រើនជាងមុនក្នុងមួយសប្តាហ៍ និងលទ្ធផលចេញឆាប់រហ័សជាងមុន ដោយបន្តរក្សាបាននូវទំនុកចិត្ត សុចរិតភាព និងសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់ស្ថាប័ននានាដែលទទួលស្គាល់លទ្ធផលនេះ។”
លោក ម៉ៅ ស្រេង មានប្រសាសន៍បន្ថែមទៀតថា “មតិកែលម្អរបស់អតិថិជនយើងចំពោះការអនុវត្តការធ្វើតេស្តលើកដំបូងរបស់យើងនៅក្នុងប្រទេសដ៏ទៃទៀតបង្ហាញថា ការធ្វើតេស្ត IELTS លើកុំព្យូទ័រក្នុងមជ្ឈដ្ឋានធ្វើតេស្តស្ងប់ស្ងាត់នៅក្នុងបន្ទប់កុំព្យូទ័រដែលប្រើសម្រាប់ការធ្វើតេស្តនេះ ជួយពួកគេឲ្យមានអារម្មណ៍ងាយស្រួលសម្រាប់ការធ្វើតេស្ត”។
លោកបានលើកឡើងថា “តាមរយៈតេស្ត IELTS អ្នកធ្វើតេស្តកំពុងទទួលបានការធ្វើតេស្តភាសាអង់គ្លេសដែលល្អបំផុត។ ពិន្ទុតេស្ត IELTS នេះ គឺជាឱកាសមួយក្នុងការបង្ហាញដោយមោទនភាពចំពោះសមត្ថភាពភាសាអង់គ្លេសរបស់អ្នកធ្វើតេស្តនៅក្នុងការធ្វើតេស្តយ៉ាងតឹងរ៉ឹងបំផុត និងអាចដណ្តើមជ័យលាភីលើការប្រកួតប្រជែងនានា មិនថាតាមរយៈការដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យដែលមានកិត្យានុភាពណាមួយ ឬនៅពេលអ្នកព្យាយាមស្វែងរកអាជីពការងារមួយដែលអ្នកប្រាថ្នាចង់បាននោះទេ។ “
ស្ថាប័ន IDP Education គឺជាស្ថាប័នអប់រំអន្តរជាតិ និងបណ្តុះបណ្តាលភាសាអង់គ្លេសឈានមុខគេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 25 ឆ្នាំមកហើយ។ យើងមានក្តីសោមនស្សរីករាយក្នុងការត្រួសត្រាយផ្លូវនាំមុខគេសារជាថ្មីម្តងទៀតតាមរយៈការណែនាំនូវជម្រើសនៃការធ្វើតេស្តនេះជូនដល់អតិថិជនរបស់យើងដែលមានបំណងចង់ធ្វើតេស្តជាសាកលនេះ។
តេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រ អាចស្វែងរកបាននៅមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education ដែលមានអាស័យដ្ឋានស្ថិតនៅទីតាំងមជ្ឈមណ្ឌល ACE សាខាទួលគោក អាគារ 08 ផ្លូវ 600 កែងផ្លូវ 307 សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាដើម្បីកក់កន្លែងធ្វើតេស្ត សូមចូលទៅកាន់https://www.idp.com/cambodia/ielts/computer/
ឬទំនាក់ទំនងជាមួយឈ្មោះង៉ោ ប៉េងសៀង (Pengsieng Ngor)អ៊ីម៉ែល៖ pengsieng.ngor@idp.comនិងហ្គ្រេស៊ី ដានីញែល (Gracie Daniel)អ៊ីម៉ែល៖ gracie.daniel@idp.com ។
សូមរំលឹកថាតេស្ត IELTS ផ្តល់ជូនតាមកុំព្យូទ័រដំណើរជាលើកដំបូងនៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ 2017 មក ការធ្វើតេស្ត IELTS លើកុំព្យូទ័រកំពុងត្រូវបានដាក់ឲ្យដំណើរការនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ រួមបញ្ចូលនូវការស្តាប់ ការអាន និងការសរសេរ។ ការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើដោយផ្ទាល់ទល់មុខគ្នាដដែល ដោយសារវាជាកត្តាបង្ហាញដែលអាចទុកចិត្តបានលើផ្នែកនៃការប្រាស្រ័យទាក់ទងគ្នា ហើយវាជាចំណុចដែលអតិថិជនរបស់យើងបញ្ជាក់ថាមានលក្ខណៈប្រកដប្រជានិងមានភាពជាក់ ស្តែងសម្រាប់ពួកគេ។
ការធ្វើតេស្ត IELTS លើកុំព្យូទ័រ នឹងមិនជំនួសឲ្យការធ្វើតេស្តលើក្រដាសទេ ផ្ទុយទៅវិញវាផ្តល់នូវជម្រើសក្នុងការធ្វើតេស្ត និងលទ្ធភាពទទួលបានការធ្វើតេស្តច្រើនជាងមុនបន្ថែមទៀត។
លទ្ធផលតេស្ត IELTS លើកុំព្យូទ័រ អាចទទួលបានចន្លោះពី 5-7 ថ្ងៃ ក្រោយការធ្វើតេស្តទាំងបួនផ្នែករួច។
ដៃគូរបស់ IELTS ប្តេជ្ញាចិត្តវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍតេស្តដើម្បីលើកកម្ពស់បទពិសោធន៍នៃការធ្វើតេស្ត IELTS ឲ្យបានកាន់តែល្អប្រសើរ។
IELTS គឺជាកម្មសិទ្ធិរួមរបស់ស្ថាប័ន British Council, IDP៖ ស្ថានប័ន IELTS Australia និងស្ថាប័នវាយតម្លៃភាសាអង់គ្លេស Cambridge Assessment English៕
Source: Kampuchea Thmey Daily
0 Comments