Ad Code

វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៩(ASEAN Tourism Forum 2019 ) ក្រោម​ប្រធានបទ អាស៊ាន​អានុភាព​តែមួយ (ASEAN: The Power of One)



ភ្នំពេញ ៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទេសចរណ៍ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) លើក​ទី​១៨ នៅ​ទីក្រុង​ហា​ឡុង ប្រទេស​វៀតណាម​ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នាឱកាស ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ​ឆ្នាំ​២០១៩ (ASEAN Tourism Forum 2019 ) ក្រោម​ប្រធានបទ អាស៊ាន​ ៖ អានុភាព​តែមួយ (ASEAN: The Power of One)​។​

ប្រភព​ព័ត៌មាន​ពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្នុងការ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៩​នេះ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែង​អំណរគុណ​ដល់​ប្រទេស​បូក​បី រួមមាន ចិន ជប៉ុន និង​កូរ៉េ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដ៏​ល្អ​កន្លងមក​ចំពោះ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ត​ទៅមុខទៀត​។​

លោក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​ការជួយ​គាំទ្រ​ការអនុវត្ត​សៀវភៅ​ស ស្តីពី China Ready និង​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​ផ្សេងៗ​ទៀត ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង​។​

ក្នុងនោះ​ផងដែរ លោក​បណ្ឌិត​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ អំពី​ការអញ្ជើញ លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣១ ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ហើយ​ក្រសួងទេសចរណ៍​កម្ពុជា​ នឹង​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ភាគី​ចិន រៀប​ចំ​ទិវា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ ជា​លើកដំបូង បន្ទាប់ពី​ចិន​បាន​បង្កើត​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​របស់ខ្លួន​។​

លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​អញ្ជើញ​ប្រទេស​បូក​បី ចូលរួម ​និង​សហការ​រៀបចំ​សន្និសីទ​អន្តរជាតិ​អាស៊ាន​បូក​បី ស្តីអំពី​ការសម្រួល​ការធ្វើដំណើរ និង​ទិដ្ឋាការ ដោយ​គ្រោង​នឹង​រៀបចំឡើង​នៅ​កម្ពុជា អំឡុង​ខែមិថុនា ឆ្នាំ​២០១៩​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី​បាន​អបអរសាទរ ចំពោះ​កំណើន​ទេសចរ​មក​ទស្សនា​តំបន់​អាស៊ាន​បូក​បី ឆ្នាំ​២០១៨ មាន​ចំនួន ១៩១.៥​លាន​នាក់ (​តាម​ទិន្នន័យបឋម​)​។ កិច្ចប្រជុំ​ ក៏បាន​ពិនិត្យ​អំពី​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​បូក​បី ជាពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិការ​ទេសចរ​ណ៍​អាស៊ាន​បូក​បី ២០១៨ -២០២០ ដោយ​សម្រេចបាន​លទ្ធផល​ចម្បង​ដូចខាងក្រោម ​៖
១.អបអរសាទរ​ចំពោះ​លទ្ធផល នៃ​សន្និសីទ​អាស៊ាន​បូក​បី ស្ដីអំពី​ការបកស្រាយ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ សំដៅ​ពង្រឹងគុណភាព​សេវា​នាំ​ភ្ញៀវ និង​សេចក្ដី​ពេញចិត្ត​របស់​ទេសចរ ដែល​បាន​រៀបចំឡើង កាលពី​ថ្ងៃទី​៦-៨ ខែមីនា ឆ្នាំ​២០១៨ នៅ​សៀមរាប​អង្គរ ប្រទេស​កម្ពុជា​។
២.អបអរសាទរ​សិក្ខាសាលា​វិនិយោគ​ទេសចរណ៍​អាស៊ាន​-​កូរ៉េ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េ​។
៣.កិច្ចប្រជុំ​កំពូល​យុវជន​ទេសចរណ៍​អាស៊ាន​បូក​បី កាលពី​ថ្ងៃទី​១៨-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​ហ្វីលីពីន​។​

ជាងនេះទៅទៀត​ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​គាំទ្រ​ដល់​សមាជិក​អាស៊ាន តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​ចិន​នានា​ជា​ច្រើន ក្នុងអំឡុង​ឆ្នាំ​២០១៨​កន្លងមក ជាពិសេស​ការរៀបចំ​តាំងពិព័ណ៌​អាស៊ាន​-​ចិន នា​ថ្ងៃទី​១២-១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង ព្រមទាំង​បាន​គាំទ្រ​ដល់​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ចូលរួម​វា​ពិ​ព័ណ៌​ទេសចរណ៍​អន្តរ​ជាតិចិន (CITM) ឆ្នាំ​២០១៨​។​

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ​ក៏បាន​សំដែង​ការ​អរគុណ​ផងដែរ ដល់​ប្រទេស​ជប៉ុន​ចំពោះ​សកម្មភាព​ជាច្រើន​ក្នុង​ក្របខណ្ឌ​ នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន នា​ឆ្នាំ​២០១៨​កន្លងមក ក្នុងនោះ​រួមមាន ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ការជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​នាវា​សមុទ្រ (Cruise Tourism) ព្រមទាំង​ការតាំង​ពិ​ព័ណ៌​ទេសចរណ៍​អាស៊ាន​-​ជប៉ុន​ផ្សេងៗ​។​

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ ក៏បាន​សំដែង​អំណរគុណ​ដល់​ប្រទេស​កូរ៉េ ចំពោះ​ការគាំទ្រ​ផ្សព្វផ្សាយ ពិធី​បុណ្យ​ទេសចរណ៍វប្បធម៌​ក្នុង​ប្រទេស​អាស៊ាន និង​ជំរុញ​គាំទ្រ​ទេសចរណ៍​សហគមន៍ តាមរយៈ​កម្មវិធី​អភិវឌ្ឍ​ធនធានមនុស្ស និង​ការរៀបចំ​សិក្ខាសាលា​នានា​។

សូម​ជម្រាបជូន​ផងដែរ​ថា ឆ្នាំ​២០១៨ កម្ពុជា ​បានទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៦.២​លាន​នាក់ កើនឡើង​១១% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ ១.៩​លាន​នាក់ កើនឡើង ៧០%, ទេសចរ​កូរ៉េ​មាន​ចំនួន​៣០​ម៉ឺន​នាក់ និង​ទេសចរ​ជប៉ុន​ចំនួន​២១​ម៉ឺន​នាក់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu