សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកាមរីឆ្លាម បើកលឿន ក្នុងស្ថានភាពស្រវឹង ដល់ផ្លូវកោងរអិលក្រឡាប់បោកដើមឈើ ជ្រុលទៅបុករោងការ បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០២និង០០នាទី ថ្ងែទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅថ្ងៃទី១៩មករានេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍(បង្កដោយខ្លួនឯង) ត្រង់ចំណុចទល់មុខផ្ទះ ឈ្មោះ គឹម សួរ ស្ថិតនៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវលេខ៦។
លោកបន្តថា រថយន្តម៉ាក Camry (ឆ្លាម) ផលិតឆ្នាំ១៩៩៧ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2I-2360 ប្រភេទទេសចរណ៍អ្នកបើកបរ ឈ្មោះ អាន ស្រ៊ាង ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិអន្សងពង ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សមួយនាក់ឈ្មោះ អ៊ុក ជាន ត្រូវជាប្រពន្ធ មានទិសដៅពីលិច ទៅកើត។
លោកបន្តថា ករណីនេះ បណ្តាលឲ្យស្លាប់១នាក់ ឈ្មោះ អាន ស្រ៊ាង និងរបួសប្រពន្ធ និងខូចខាតរថយន្តមួយគ្រឿងធ្ងន់។
លោកបញ្ជាក់ថា មូលហេតុបើកស្ថិតក្នុងស្ថានភាពស្រវឹង។ លោកបញ្ជាក់ទៀតថា ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងវាស់វែងកន្លែងកើតហេតុយកវត្ថុតាងពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអង្គភាព ហើយសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments