ភ្នំពេញ ៖ បុរសម្នាក់ ដែលបានបម្រើការងារផ្នែកបើកបររថយន្តអោយថៅកែក្រុមហ៊ុនរបស់ខ្លួន ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់យកលុយថៅកែក្រុមហ៊ុនរបស់ខ្លួនបានជិត១០ម៉ឺនដុល្លារ រួចរត់គេចខ្លួនបានមួយរយៈខ្លីរួចមក។
អ្នកបើកបរដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះ អុង សុគន្ឋ អាយុ៤៣ឆ្នាំ មានស្នាក់នៅផ្ទះជួលចល័តក្នុងភ្នំពេញ ប៉ុន្តែមានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ស្នាក់នៅផ្ទះលេខ៥៦អឺ១ ផ្លូវលេខ១១៨ ភូមិ៩ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក មានស្រុកកំណើត នៅ ឃុំស្នាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលិសនិយាយថា ៖ មុនពេលកើតហេតុ កាលពីដើមខែមករា ឆ្នាំ២០១៩ ខាងក្រុមហ៊ុន ស៊ីវសេង រកស៊ីខាងក្រឡុកស៊ីម៉ងត៍បេតុង បានទទួលអោយឈ្មោះ អុង សុគន្ឋ (ជនជាប់ចោទខាងលើចូលធ្វើការ) ផ្នែកបើកបររថយន្តជូនថៅកែ និងបុគ្គលិក ប្រចាំក្រុមហ៊ុន។ ក្រោយមកនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹកខាងក្រុមហ៊ុនបានអោយឈ្មោះ អុង សុគន្ឋ បើកឡានម៉ាកព្រូសពាក់ស្លាកលេខ AW 1763 ដឹកស្ត្រីឈ្មោះ លីវ លីន អាយុ៥៣ឆ្នាំ ជនជាតិចិន ជា ប្រពន្ធថៅកែក្រុមហ៊ុនផ្នែកគណនេយ្យ ទៅបើកលុយនៅ"ធនាគារ ហុងកុង" ដែលមានទីតាំង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នៅពេលទៅដល់ធនាគារឈ្មោះ អុង សុគន្ធ អង្គុយចាំនៅក្នុងរថយន្ត លុះពេលស្ត្រីឈ្មោះ លីវ លីន បើកលុយរួចបានចំនួន៩៩៦៧៩,២៥ដុល្លារអាមេរិក ក៏បានចូលមកក្នុងរថយន្តត្រឡប់មកក្រុមហ៊ុនវិញមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយដាក់លុយនោះនៅក្នុងកាបូប និងដាក់នៅលើកៅអីរថយន្ត ដែលនាងជិះនៅកៅអីខាងមុខទន្ទឹមអ្នកបើកបរ។
មកដល់ចំណុចកើតហេតុត្រង់ម្តុំផ្លូវចូលទៅមណ្ឌលកែប្រែឱកាសខ្ញុំ សង្កាត់ឃ្មួញ អ្នកបើកបរបានបើករថយន្តអែមខាងស្តាំដៃ រួចឈប់ដោយដកយកពិលឆក់មកកាន់ ឆក់មកលើនាង លីវ លីន អោយសន្លប់ ប៉ុន្តែមិនសន្លប់ នាងក៏ប្រតាយប្រតប់បើកទ្វាររត់ចេញពីឡាន។ នៅពេលនោះឈ្មោះ អុង សុគន្ឋ ក៏បានដណ្តើមយកកាបូបលុយ រត់បើកឡានរត់គេចខ្លួនបាត់តែម្តង។
ក្រោយមកប៉ូលិសស្នងការក្រុងភ្នំពេញសហការជាមួយកម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃចុះមកសាកសួរស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ឈ្មោះ អុង សុគន្ឋ បាន នៅវេលាម៉ោង១១ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅភូមិប្រជុំអង្គ ឃុំឈើកាច់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនជាប់ចោទបានសារភាពនូវទង្វើរបស់ខ្លួនថា ពិតជាបានធ្វើសកម្មភាពប្រើពិលឆក់ មកលើស្ត្រីឈ្មោះ លីវ លីន ដើម្បីដណ្ដើមយកលុយនោះមែន ប៉ុន្តែលុយនោះខ្លួនបានចាយវាយអស់មួយចំនួនធំទៅហើយមុនពេលប៉ូលិសចាប់ខ្លួន។
ប៉ូលិសបានចាត់ទុកថា ពិលឆក់ជាអាវុធខុសច្បាប់ ប៉ុន្តែមិនដឹងថា ហេតុអីបានជាមិនចាត់វិធានការបង្ក្រាបទៅលើអ្នកលក់ពិលឆក់ទាំងនោះ ដែលសព្វថ្ងៃកំពុងតែដាក់តាំងលក់នៅផ្សារថ្មី និងនៅតាមបណ្តាញសង្គម facebook យ៉ាងសេរី៕
Source: Kampuchea Thmey Daily
0 Comments