Ad Code

មន្ត្រី​នគរបាល ក្លាយ​ជា​មុខសញ្ញា​ប្រើប្រាស់ តើ​ត្រូវ​បញ្ឈប់​ពី​ក្រប​ខណ្ឌ​ដែរ​ឬទេ​?



បាត់ដំបង ៖ លោក​ឧត្ដមសេនីយ៍​ត្រី សៅ សាម៉ុន ស្នងការរង ទទួល​ផែន​ធនធានមនុស្ស បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ​ថា មន្ត្រីនគរបាល​មួយរូប ដែលមាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ហើយ​ត្រូវបាន​លោកស្នងការ​បញ្ជា​ឲ្យ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ពិភព ​នៃ​ក្តីសង្ឃឹម​ ដើម្បី​បន្សាប​ថ្នាំញៀន​នោះ គឺ​មិនទាន់​ដឹងថា​តើ​ត្រូវ​រក្សា​ឈ្មោះ​ឲ្យ​នៅ​ដដែល​ ឬក៏​ត្រូវ​លុប​ឈ្មោះ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​នោះទេ ដោយ​រង់ចាំ​ការសម្រេច​ពី​លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ អ៊ុច សុខុន។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង៤និង១០នាទីល្ងាច កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ប្រើប្រាស់​ថ្នាំញៀន​មួយកន្លែង ស្ថិត​ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលមាន​ ឈ្មោះ អ៊ា​ន កិ​ត្យា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​មាន​មុខងារ​ជា​មន្ត្រី​នគរបាលជាតិ ឋានៈ​ព្រឹន្ទបាលឯក នៅក្នុង​ផ្នែក​សេនាធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ ត្រូវជា​កូន​របស់​អតីត​អធិការ​ដែល​បាន​ចូលនិវត្តន៍ គឺ​លោក ប៊ុត ប៊ុនធឿន និង​អ្នកស្រី ឡាយ ច័ន្ទ​ណាត រស់នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។​

​បន្ទាប់ពី​បាន​នាំខ្លួន​មន្ត្រីនគរបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ថ្នាំញៀន​ និង​មិនដែល​មាន​មុខ ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព មកកាន់​អធិការដ្ឋាន រួចមក គេ​ក៏បាន​សារភាពថា រូបគេ​បាន​ប្រើប្រាស់​ថ្នាំញៀន​តាំងពី​អំឡុង​ឆ្នាំ​២០១៥ មកម្ល៉េះ​ ដោយ​ថ្នាំញៀន​ទាំងនេះ​គេ​បាន​ទិញ​ពីមុខ​សញ្ញា​ក្នុង​ក្រុង​បាត់ដំបង។​

​ក្រោយពេល​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៖​
១.កញ្ចប់​នៅ​ក្នុង​ហោប៉ៅ រួម​នឹង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថែមទៀត ដោយ​ភ្លាមៗ​នោះដែរ កម្លាំង​ជំនាញ​ស្រុក​បាន​ដកហូត​នូវ​របស់របរ​មួយចំនួន ដែល​ក្នុង​នោះ​មាន ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន X មួយ​គ្រឿង ខ្សែ ក​១​ខ្សែ និង ខ្សែដៃ​១​ខ្សែ​ ព្រមទាំង​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់នេះ ទៅ​ឲ្យ ​អ្នកស្រី​ ឡាយ ច័ន្ទ​ណាត ដែល​ត្រូវជា​ម្តាយ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​នោះ​ផង​ដែរ។​

​បន្ទាប់ពី​បានធ្វើ​តេស្ត​ទៅលើ​ទឹកនោមរ​បស់ជនស​ង្ស័​យ​រួចមក គឺ​ទទួលបាន​ជា​វិជ្ជមាន ដោយមាន​ផ្ទុក​នូវ​សារធាតុ​ញៀន ទើប​សមត្ថកិច្ច​បាន​សុំ​ការអនុញ្ញាត​ពី​លោកស្នងការ​ដើម្បី​បញ្ជូន​មន្ត្រីនគរបាល​រូប​នេះ ទៅកាន់​មជ្ឈមណ្ឌល ពិភព​ នៃ​ក្តីសង្ឃឹម ទាំងយប់។ ប៉ុន្តែ​បើ​តាម​ប្រភព​ជាច្រើន​បាន​អះអាង​ថា មន្ត្រីនគរបាល​រូបនេះ​មិនមែន​ត្រឹមតែ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គេ​ក៏​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​
យ៉ាង​សកម្ម​ផងដែរ នៅក្នុង​មូលដ្ឋាន​តែម្តង ដោយ​មិនសូវមាន​វត្តមាន​នៅក្នុង​អង្គភាព​នោះទេ។​

ផ្ទុយទៅវិញ រឿង​ដែល​សមត្ថកិច្ច​ស្រុក​ស្មាន​មិន​ដល់ គឺ​ស្អែក​ឡើង លោក ប៊ុត​ ប៊ុនធឿន អតីត អធិការ​នគរបាល​ស្រុក​សង្កែ ដែល​បាន​ចូលនិវត្តន៍ បាន​ទៅប្តឹង​នៅ​ការិយាល័យ​បុគ្គលិក ថា នគរបាល​ដែល​ចាប់ខ្លួន​កូនប្រុស​របស់លោក​បាន​ដកហូតយក​ទ្រព្យសម្បត្តិ​កូន​របស់លោក​អស់​រលីង​ទៅហើយ។​

​ពាក្យ​មួយ​ឃ្លា​របស់​អតីត​លោក​អធិការ​រូបនេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ជាច្រើន សំដែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​ការប្រគល់​ទ្រព្យសម្បត្តិ​ទាំងនេះ​សុទ្ធ​តែមាន​កំណត់ហេតុ​ត្រឹមត្រូវ បែរ​ជាមាន​ពាក្យ​បែបនេះ​ទៅវិញ។

បើទោះបីជា​មាន​ពាក្យ​ចោទប្រកាន់​បែបនេះ​ក្តី ក៏​ប្រភព​មួយចំនួន​បាន​លួច​បង្ហើប​ថា នេះ​គឺជា​ចរិត លក្ខណៈ​របស់​មនុស្ស​ទៅហើយ ព្រោះ​កាលដែល​លោក​ត្រូវបាន​ចូលនិវត្តន៍​ ក៏បាន​ប្រមូល​បញ្ជី​ខ្មៅ ដែល​សម្រាប់​កត់ត្រា​មុខសញ្ញា​នានា យកទៅ​ដុតចោល​គ្មាន​សល់ ដែលជា​ចេតនា​បំផ្លាញ​ភស្តុតាង​កុំ​ឲ្យ​អធិការ​ឡើង​ថ្មី ស្គាល់​ពី​ក្រុម​មុខសញ្ញា​នៅក្នុង​មូលដ្ឋាន នេះហើយ​ដែល​គេ​ហៅថា ចរិត លក្ខណៈ​របស់​មនុស្ស​។​

​ប៉ុន្តែ​បើតាម​មតិ​របស់​អ្នកច្បាប់​គេ​បាន​លើកឡើងថា មន្ត្រីនគរបាល​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សារ​ធាតុ​ញៀន គឺ​បានកំណត់​នៅក្នុង​វិន័យ​របស់​កងកម្លាំង​ថា​ អាចមាន​ទោស​រួច​បាត់​ទៅហើយ ដោយ​មិនចាំបាច់​បញ្ជូនទៅ​មណ្ឌល​កែប្រែ​នោះឡើយ ដូច្នេះ​ត្រង់​ពាក្យ​ថា​រង់ចាំ​ការសម្រេច​របស់ លោក​ស្នង​ការ គឺ​វា​ហាក់ដូចជា​ប្រើ​មនោសញ្ចេតនា​ខ្លាំងពេក ហើយក៏​អាច​ទុក​ឱកាស​ឲ្យ​គេ​ស្រង់​ដើម​សាជាថ្មី​ផងដែរ ប្រសិនបើ​លោកស្នងការ​មិន​ព្រម​បញ្ឈប់​បុគ្គល​រូបនេះ​ចេញពី​ក្របខណ្ឌ របស់​កង​កម្លាំង ទេនោះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu