ភ្នំពេញ ៖ តារាសម្តែងស្រីកំពុងទទួលបានការគាំទ្រតាមរយៈរឿង កូនក្រក កញ្ញា សួង សាខារ៉ានីតស្របពេលដែលថ្មីៗនេះមានការទម្លាយផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្កការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលដល់មហាជនលើករណីដែលត្រូវបានគេចោទប្រកាន់ថាខ្លួនជំពាក់លុយមិនព្រមសងហើយថែមទាំងជាតារាឆ្កួតនឹងប្រាក់នោះ ភ្លាមៗនេះសាមីខ្លួនបានបញ្ចេញប្រតិកម្មឆ្លើយតបភ្ជាប់ជាមួយសម្តីអស់សំណើចខ្លាំង។
ការបញ្ចេញប្រតិកម្មរបស់តារាសម្តែងចង្កាស្រួចកញ្ញា សួង សាខារ៉ានីត បានធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់បានធ្វើការសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពរបស់នាងក្នុងន័យបង្ខូច កិត្តិយសនិងបំភ្លៃលើសពីការពិតបង្កឲ្យមហាជនមានចម្ងល់គ្រប់គ្នា។ ក្នុងន័យដែលត្រូវបានគេបង្ហោះភ្ជាប់ជាមួយរូបភាពរបស់កញ្ញា សួង សាខារ៉ានីត នោះ បានលើកឡើងបែបនេះថា តារាសម្តែងវ័យក្មេងកម្ពុជាឆ្កួតលីលាប្រាក់។
ជាការឆ្លើយតបរបស់កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ឆ្លើយតបបែបនេះថា ចង់តែសើចឲ្យបែកផែនដីទេ ខ្ញុំសូមសួរបងប្អូនតាមត្រង់ តើពេលបងប្អូនឃើញគេសរសេរពាក្យខាងក្រោមនេះ តើបងប្អូនទាយត្រូវអត់ថា ខ្ញុំជាអ្នកយកលុយគេឬគេជាអ្នកយកលុយខ្ញុំ?កោតចិត្តខ្លាំងតែម្ដងវាផ្ញើអោយខ្ញុំតែខ្ញុំចង់ផុសអោយបងប្អូនជួយសើចជាមួយ…។
តារាសម្តែងកញ្ញា សួង សាខារ៉ានីត បានបន្ថែមទៀតថា ខ្ញុំចង់ប្រាប់ថាលុយ៤៤០ដុល្លារប៉ុណ្ណឹងសម្រាប់នាងឯងប្រហែលជាច្រើនណាស់បានជាខ្ញុំទារឡើងចង់អស់ទឹកមាត់នៅតែនាងឯងមិនសង មួយទៀតចង់ផ្ដាំថាខ្ញុំមិនស្គាល់ពួកអ្នកលេងញៀនថ្នាំអ្វីនោះទេគឺខ្ញុំស្គាល់តែប៉ូលិសលុយ៤៤០ដុល្លារបើយកទៅចែកអំណោយគឺមិនស្ដាយតែបើចំណាយអោយមនុស្សដូចនាងឯងវិញសូម្បីតែមួយរៀលពុះជាបួនក៏មិនចង់ដែរយល់?។
ជុំវិញករណីនេះបានធ្វើឲ្យមហាជនមួយចំនួនលើកចោទជាសំនួរលើតារាស្រីកញ្ញា សួង សាខារ៉ានីតថាបុគ្គលរូបនោះជាអ្នកសិល្បៈដូចគ្នាឬមួយយ៉ាងណា?។ប៉ុន្តែជាចម្លើយពុំត្រូវបានស្រីស្រស់រូបនេះចេញមុខបង្ហើបប្រាប់ពីអត្តសញ្ញាណនៅឡើយទេ ខណៈកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ក៏មិនអាចទំនាក់ទំនងសូមការសួរបាននៅឡើយផងនោះ៕
Source: Kampuchea Thmey Daily
0 Comments