ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការ Cambodia Outreach នៅក្នុងគម្រោង Children@Risk ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៣បានជួយឧបត្ថម្ភសម្រាប់ការសិក្សាអប់រំរបស់កុមារដែលមកពីគ្រួសារក្រខ្សត់ដើម្បីឲ្យពួកគេមានលទ្ធភាពទទួលបាននូវការសិក្សាពេញលេញដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
យោងទៅតាមរបាយការណ៍ស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាដែលបានបោះផ្សាយក្នុងពេលថ្មីៗនេះ មានប្រជាជន ១១,៨% ប៉ុណ្ណោះ នៃចំនួនប្រជាជនកម្ពុជាសរុបអាយុ២៥ឆ្នាំ និងលើសពីនេះ បានបញ្ចប់មធ្យមសិក្សាបឋមភូមិ។
លោក Wayne Hester នាយកប្រតិបត្តិអង្គការ Cambodia Outreach បានធ្វើការកត់សម្គាល់ថា មូលហេ តុចម្បងមួយក្នុងចំណោមមូលហេតុជាច្រើននៃការបោះបង់ការសិក្សាដ៏ខ្ពស់នេះ គឺបណ្តាលពីបញ្ហាហិរញវត្ថុ។
លោកបានបន្តថា “ឪពុកម្តាយ ចង់ឲ្យកូនៗរបស់ពួកគេរកការងារធ្វើនៅខាងក្រៅ ឬធ្វើស្រែចម្ការដើម្បីរកប្រាក់ចំណូលមកទ្រទ្រង់ជីវភាពគ្រួសារ។ ស្ថានភាពនេះ នៅតែជាឧបសគ្គចម្បងដែលរារាំងកុមារមិនឲ្យទទួលបានការសិក្សាអប់រំក្នុងប្រទេសកម្ពុជា”។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ការសហការនេះ នឹងជួយកុមារក្រីក្រឲ្យទទួលបានការអប់រំដូចកុមារដទៃ។ យើងមានមោទនភាពដែលបុគ្គលិករបស់យើងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះបន្ថែមទៅលើការឧបត្ថម្ភរបស់ក្រុមហ៊ុន។
ថវិកានេះ នឹងជួយធ្វើឲ្យកុមារក្រីក្រដែលគួរឲ្យអាណិតរបស់យើងបញ្ចប់ការសិក្សារបស់ពួកគេ ហើយយើងសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងដើម្បីរកការងារធ្វើ និងចាកឆ្ងាយពីភាពក្រីក្រ ហើយពួកគេនឹងផ្តល់ផលប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយថែមទៀតផង”។
ថវិកាដែលបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ នឹងត្រូវ ឧបត្ថម្ភដល់សិស្សានុសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ សម្រាប់បង់ថ្លៃសិក្សា សម្ភារៈសិក្សា អាហារ ឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតសម្រាប់រយៈពេល៣ឆ្នាំ។ វឌ្ឍនភាព នៃការសិក្សារបស់សិស្សកម្សត់ទាំងនេះ នឹងត្រូវតាមដានយ៉ាងទៀងទាត់។ សិស្សដែលមានសមត្ថភាព នឹងទទួលបានការបណ្តុះបណ្តាល និងក្លាយជាបុគ្គលិកហាត់ការនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែរៀបចំសកម្មភាពលើកកម្ពស់ការអប់រំយ៉ាងទៀងទាត់ រួមមានការចែកសៀវភៅអាន និងសម្ភារសិក្សាដល់សិស្សបឋមសិក្សា ជាដើម។ មិនតែប៉ុណ្ណោះ បុគ្គលិកសុវត្ថិភាពអគ្គីភ័យរបស់ណាហ្គាវើលដ៍ តែងតែផ្តល់ការបណ្តុះបណ្តាលស្តីអំពីវិធីបង្ការអគ្គីភ័យដល់សិស្ស និងប្រជាជននៅតាមសហគមន៍ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យយ៉ាងទៀងទាត់ផងដែរ។
ចំណែកសកម្មភាពចុះទៅតាមសហគមន៍ គឺណាហ្គាវើលដ៍បានបង្កើតនូវកម្មវិធីប្រកួតប្រជែងសាលារៀនស្អាតនៅតាមអនុវិទ្យាល័យចំនួន៣០ ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្សរក្សាសាលារៀនរបស់ពួកគេឲ្យមានអនាម័យស្អាត និងបរិស្ថានល្អ។
សាលារៀនដែលស្អាតជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ដើម្បីយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសាលារៀនរបស់ទាំងអស់គ្នា។
គួរបញ្ជាក់ថាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។
ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ ដែលមានគោលបំណងផ្តោតទៅលើសសរស្ដម្ភ៤ គឺ លើកកម្ពស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង១៦០.០០០នាក់ បានទទួលផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមនេះ៕
Source: Kampuchea Thmey Daily
0 Comments