ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន១១ចំណុចដល់ម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានការងារទាំងអស់ ពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ដើម្បីការពារពីហានិភ័យណាមួយ ខណៈមានការព្យាករណ៍ថា នៅរដូវប្រាំងនេះ កម្ពុជានឹងទទួលរងអាកាសធាតុក្ដៅខ្លាំង។
ការដាក់ចេញវិធានការទាំងនេះបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយឲ្យដឹងថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូត «អែលនីណូ» ដោយប្រយោល។
ឥទ្ធិពលនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជានារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងខែឧសភា មានសភាពក្ដៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចឡើងដល់៤០-៤២អង្សា មានភ្លៀងកក់ខែតិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ឯរដូវវស្សាក៏មកដល់យឺតជាងឆ្នាំកន្លងទៅ។
នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ក្នុងចំណោមវិធានការទាំង១១ចំណុចនោះរួមមាន ត្រូវបានរក្សាទឹកសម្រាប់ប្រើប្រាស់ និងទឹកស្អាតសម្រាប់បរិភោគឲ្យបានគ្រប់គ្រាន់។ ត្រូវដាក់ឧបករណ៍វាស់ស្តង់កម្ដៅ ដើម្បីងាយស្រួលក្នុងការតាមដានការវិវត្តន៍ នៃកម្ដៅ។
លើសពីនេះទៀត ត្រូវត្រួតពិនិត្យជាប្រចាំ និងបើកឲ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ក្នុងអគារផលិតកម្មយ៉ាងហោចណាស់ឲ្យបានមុន១ម៉ោងមុនពេលកម្មករចូលធ្វើការ ទប់ស្កាត់កុំឲ្យមានក្លិនសារធាតុគីមីឬ ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅជុំវិញចូលក្នុងអគារផលិតកម្ម និងត្រូវបើកបង្អួច ឬបន្ថែមកង្ហារបឺតបញ្ចេញខ្យល់នៅពេលមានអាកាសធាតុក្តៅ ដើម្បីឲ្យរោងចក្រមានបរិយាកាសល្អ។
បន្ថែមពីនេះត្រូវរៀបចំឲ្យមានប្រព័ន្ធស្រោចទឹកនៅលើដំបូលអគារផលិតកម្មយ៉ាងហោចណាស់ឲ្យបាន២ដងក្នុង១ថ្ងៃឬបន្ថែមសំណាញ់នៅលើកដំបូលអគារដើម្បីកាត់បន្ថយកំដៅ។ ក្រៅពីនេះ ត្រូវរៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើមឲ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពដើម្បីកុំឲ្យបាំងច្រកខ្យល់ចេញចូល និងទ្វាអាសន្នក្នុងអគារផលិតកម្ម។ ត្រូវរៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើម និងកំទីចក្រណាត់ដាច់ដោយឡែកឲ្យនៅឆ្ងាយពីអគារផលិតកម្ម ឬក្នុងឃ្លាំងសហគ្រាសគ្រឹះស្ថាន ដើម្បីកុំឲ្យមានក្លិនសាយភាយទៅកន្លែងប៉ុស្តិ៍ការងារកម្មករនិយោជិត។
ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យ និងថែទាំប្រព័ន្ធបង្ការអគ្គិភ័យ និងសម្ភារៈការពារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយត្រូវធានាថាប្រព័ន្ធ និងសម្ភារៈទាំងនោះអាចប្រើប្រាស់បានដោយរលូននៅពេលមានគ្រាអាសន្ន និងត្រូវអនុវត្តទៅតាមអធិការកិច្ចការងារ។
ត្រូវមានរៀបចំឲ្យមានប្លង់ជម្លៀសខ្លួន ឬមានគិលានសង្គ្រោះនៅតាមរោងចក្រសហគ្រាស ដើម្បីជួយសង្គ្រោះបឋមដល់កម្មករនៅពេលមានបញ្ហាសុខភាព។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះរោងចក្រសហគ្រាសដែលប្រើប្រាស់សារធាតុងាយឆាបឆេះត្រូវមានប្រព័ន្ធឆ្លើយតបគ្រាអាសន្ន និងរក្សាទុកដាក់សម្ភារៈទាំងនោះឲ្យបានដាច់ដោយឡែក និងឆ្ងាយពីអគារផលិតកម្ម។
ចំណែករោងចក្រសហគ្រាសណាដែលប្រើប្រាស់ឡចំណាយទឹកត្រូវរៀបចំឡចំហាយទឹកស្របទៅតាមបទដ្ឋានបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងមានការអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ហើយអ្នកទទួលការខុសត្រូវប្រព័ន្ធឡចំហាយទឹកត្រូវមានការបណ្ដុះបណ្ដាលត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments