ភ្នំពេញ ៖ បុគ្គលិកសន្តិសុខឯកជន(ហ្គារ៉ូដា)ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនដោយយោងទៅតាមបណ្តឹងរបស់ជនជាតិវៀតណាមម្នាក់ ដែលបានចោទបុរសជាសន្តិសុខរូបនោះថា បានល្បួងកូនស្រីរបស់គាត់ ដែលជាអនីតិជនក្រោមអាយុ១៥ឆ្នាំ ចូលផ្ទះសំណាក់រំលោភបានសម្រេច។
ជាក់ស្តែង នៅថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ នៅចំណុចផ្ទះសំណាក់យីហោលីលី ផ្ទះលេខបេ៦ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី។
សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ជុំ សៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនហ្គារ៉ូដា ស្នាក់នៅក្នុង ក្រុមហ៊ុនសន្តិសុខយីហោហ្គារ៉ូដា ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ជនរងគ្រោះ ឈ្មោះ ច ធ ត ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៤៧ ក្រុម១៥៨ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ត្រូវជាកូនស្រីបង្កើតរបស់ ឈ្មោះ ចាន់ វី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម)។
សមត្ថកិច្ចបានបន្តថា ដំណើររឿងហេតុនោះ គឺនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី ជនរងគ្រោះ ឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ (ជាកូនបង្កើតរបស់ឈ្មោះ ចាន់ វី) បានចេញពីផ្ទះជួបជាមួយជនសង្ស័យ ឈ្មោះ ជុំ សៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ក៏នាំគ្នាដើរលេង រហូតដល់វេលាម៉ោង២៣និង៣០នាទី នាថ្ងៃខែឆ្នាំដដែលក៏នាំគ្នាទៅដេកផ្ទះសំណាក់ យីហោលីលី ផ្ទះលេខ៦បេ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបាននាំគ្នារួមភេទរហូតបានសម្រេច លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ឪពុកជនរងគ្រោះបានជួបកូនស្រី និងឈ្មោះ ជុំ សៅ នៅចំណុចសួនកុមារវត្តភ្នំផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សួរនាំដឹងរឿងហេតុ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរតែម្តង។
ពេលនៅនឹងប៉ុស្តិ៍រដ្ឋបាលស្រះចក ជនសង្ស័យ ឈ្មោះ ជុំ សៅ ភេទប្រុស អាយុ២៧ឆ្នាំ សារភាពថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះ ឈ្មោះ ចាន់ ធីតា ពិតប្រាកដមែន ព្រោះតែរូបគេ និងជនរងគ្រោះបានទំនាក់ទំនងស្រលាញ់គ្នាមានរយៈពេលជិត១ខែមកហើយ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments