ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ក្នុងព្រឹត្តិការណ៍ទី១ ដែលមានឈ្មោះថា GLF Open នៃ ITF Men’Futures លើកទី៥ ឆ្នាំ២០១៥ បានបញ្ចប់ហើយនាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅទីលានមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់កម្ពុជា។ GLF Open នេះ សម្រាប់វិញ្ញាសាវាយជាឯកត្តជននោះ មានកីឡាករចូលរួមចំនួន៣២នាក់មកពីកម្ពុជា១ រូប ក្រៅពីនោះមានជប៉ុន កូរ៉េ នូវែលហ្សេឡង់ អាមេរិក អាហ្សង់ទីន ចិនតៃប៉ិ ស្រីលង្កា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន អាល្លឺម៉ង់ និងអ៊ូបេគីស្ថាន។
ក្នុងការប្រកួតវិញ្ញាសាឯកត្តជននេះ កីឡាករកម្ពុជា ម៉ម ផល្គុណ ប្រកួតចាញ់ កីឡាករមកពីហ្វីលីពីននៅជុំទី១ក្នុង ពិន្ទុ៣ទល់៦ និង១ទល់ ៦។ កីឡាក រSon,Ji Hoon និង កីឡាករ Kwon,Soon Woo ដែលជាជនជាតិកូរ៉េទាំងពីរនាក់នោះ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសានេះ បន្ទាប់ពីពួកគេទាំងពីរលេងឈ្នះ៤ប្រកួតជាប់ៗគ្នានោះ។ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ កីឡាករKwon,Soon Woo បានយកឈ្នះកីឡាករកូរ៉េ Son,Ji Hoon ក្នុងលទ្ធផល៧-៥ និង ៦-១ ធ្វើឲ្យកីឡាករកូរ៉េ Kwon Soon Woo ក្លាយជាជើងឯកឯកត្តជនក្នុងព្រឹត្តិការណ៍ទី១ GLF Open នៃ ITF Men’Futures ឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ថា កីឡាករ Kwon,Soon Woo នេះ មានអាយុ១៧ឆ្នាំ។ បច្ចុប្បន្នកីឡាកររូបនេះ មានចំណាត់ថ្នាក់ពិភពលោក (World Ranking)១០៩២ ខណៈដែលពីមុនគេមានចំណាត់ថ្នាក់ត្រឹម១០៧១នោះ។ ចំណែក កីឡាករ Son,Ji Hoon វិញ គេមានចំណាត់ថ្នាក់ពិភពលោក១៦៣៤ ហើយជាលើកដំបូងរបស់គេ ដែលបានឡើងមកប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។
ចំពោះការប្រកួតវាយគូបុរសវិញ ចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ GLF Openនេះ គឺបានទៅលើកីឡាករចិនតៃប៉ិ LEE,Kuan-Yi និង LIU,Shao-Fan ក្រោយពីពួកគេទាំងពីរបានយកឈ្នះកីឡាករជនជាតិកូរ៉េ KWON,Soon Woo និង SON Ji Hoon ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៦-៣ និង៦- ៤ នោះ។នៅក្នុងវិញ្ញាសាវាយគូនេះ កីឡាករកម្ពុជា២រូបបានចូលលេង គឺកីឡាករ ឌឿម សុជាភារុន និងកីឡាករ ឡុង សំនៀង ប៉ុន្តែបានលេងចាញ់កីឡាករអាល្លឺម៉ង់ដែលចាប់ដៃគូជាមួយកីឡាករ ស៊ុយអែតតាំងពីជុំដំបូងម្ល៉េះ។ ហើយកីឡាករកម្ពុជាកូនកាត់ខ្មែរបារាំង ម៉ន ផល្គុណ ដែលបានចាប់ដៃគូជាមួយហ្វីលីពីននោះ ក៏លេងចាញ់ក្នុងវគ្គជម្រុះដំបូងដែរ ដោយចាញ់កីឡាករចិនតៃប៉ិទាំងពីរនាក់។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ទី១ GLF Open នេះទៅ ITF Men’Futures នឹងបន្តការប្រកួតព្រឹត្តិការណ៍ទី២មានឈ្មោះថា GLF ចម ប្រសិទ្ធOpen ដែលចាប់ផ្តើមថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី០៥ ខែធ្នូ៕
ព្រឹត្តិការណ៍ទី១ GLF Open ITF Men’Futures២០១៥ បានបញ្ចប់ហើយ
0 Comments