Ad Code

សារភាព​ពី​គម្រោង​ប្លន់​សម្លាប់​សង្សារ​យក​ម៉ូតូ ​ហើយ​សុំ​សមត្ថកិច្ច​ទៅ​រៀបការ​នៅ​ថ្ងៃ​ទី​២០ធ្នូ

ភ្នំពេញ​ ៖​​ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​បង្ហាញ​មុខ​ក្រុម​ជនសង្ស័យ ដែល​រៀបចំ​គម្រោង​វាយ​សម្លាប់​មនុស្ស​ប្លន់​យក​ម៉ូតូ​កាលពី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ រួម​នឹង​វត្ថុតាង​ដំបង​វាយ​សម្លាប់ និង​ម៉ូតូ។ ប៉ុន្តែ​អ្វី​ដែល​សមត្ថកិច្ច​ហួស​ចិត្ត​នោះ ​គឺ​ក្រោយ​ពេល​សារភាព​​ពី​គម្រោង​ប្លន់​សម្លាប់​សង្សារ​យក​ម៉ូតូ​ហើយ​នោះ ​នាង​បាន​សុំ​សមត្ថកិច្ច​ទៅ​រៀបការ​​នៅ​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ ​ដោយ​មិន​ដឹង​ថា​ខ្លួន​មានទោស​​កម្រិត​ណា​ឡើយ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​វាយ​សម្លាប់​នេះ ពួកគេ​បាន​រៀបចំ​គម្រោង​ទុកជាមុន ដោយ​ជនសង្ស័យ​ឈ្មោះ​ធឿន គីម ជា​សន្តិសុខ​ឯកជន​ISA​មាន​ស្រុកកំណើត​នៅ​ភូមិ​សា​ម្កាក់ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានរៀបចំ​គម្រោង​តាំងពី​១០​ថ្ងៃមុន​ដោយសារ​គេ​ខឹង​នឹង​បុរស​ជា​សង្សារ​ថ្មី​មក​ដណ្តើម​ស្រី​ស្នេហ៍​របស់​គេ។ ប្រភព​បន្ត​ថា ស្ត្រី​ចិត្ត​ស្លុយ​រូប​នោះ ​គ្រា​ដែល​ដឹង​ថា សង្សារ​ចាស់​ខឹង​នឹង​សង្សារ​ថ្មី នាង​រឹតតែ​បញ្ឈឺចិត្ត​រហូត​ដើម្បី​ឈាន​ដល់​ការ​រៀប​គម្រោង​សម្លាប់​យក​ម៉ូតូ​ពី​ជនរងគ្រោះ។


សមត្ថកិច្ច​បាន​បន្តថា ខណៈពេល​សាកសួរ ក៏​បែកធ្លាយ​រឿង​នាង​ជា​ស្ត្រី​មេម៉ាយ​កូន​១ មាន​សង្សារ​ចាស់​ជា​សន្តិសុខ និង​មាន​គូ​ដណ្ដឹង​១​ទៀត ដែល​នឹង​ត្រូវ​រៀបការ​នៅ​ថ្ងៃទី​២០ ខែធ្នូ នៅ​ខេត្តកំពត ហើយ​នេះ​ជា​ការ​រៀបចំ​គម្រោង​ដើម្បី​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​រៀបការ។ ចំណែក​ជនសង្ស័យ​ជា​សន្តិសុខ មិន​មាន​គម្រោង​ប្លន់​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ឈឺចិត្ត​នឹង​សង្សារ​ចាស់ ដែល​មាន​ថ្មី​ហើយ​តេ​បញ្ឈឺ​រាល់ថ្ងៃ​ ​ដោយ​រាល់ពេល​ឲ្យ​តែ​គេ​ខ​ល​ទៅ នាង​តែងតែ​និយាយ​ថា​កំពុង​ដេក​ជាមួយ​សង្សារ​ថ្មី។


ដូច្នេះ​គោលបំណង​របស់​បុរស​ជា​សន្តិសុខ​នេះ​គឺ​សម្លាប់​ជនរងគ្រោះ​តែម្ដង ព្រោះតែ​គំនុំ ហើយ​ស្ត្រី​សង្ស័យ​ថា​សម្លាប់​ក៏​សម្លាប់​ចុះ តែ​នាង​សូម​យក​ម៉ូតូ​ដើម្បី​លក់​យក​លុយ​ទៅ​រៀបការ។


សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ខែ​ធ្នូ ស្ត្រី​សង្ស័យ​នោះ​បាន​មក​ជួប​សង្សារ​ចាស់​ជា​សន្តិសុខ នៅ​កន្លែង​សន្តិសុខ​យាម​នោះ ហើយ​គេ​ក៏​រៀបចំ​គម្រោង​ថា​ត្រូវ​ឲ្យ​ដឹក​សង្សារ​ថ្មី​មក​កន្លែងកើតហេតុ​ដើម្បី​ឲ្យ​គេ​សម្លាប់ចោល​។ តាម​ការគ្រោងទុក នៅ​យប់​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ស្ត្រី​សង្ស័យ បាន​ដឹក​គ្នា​ពី​ស្ទឹងមានជ័យ​មក​ច្រៀង​ខារ៉ាអូខេ​«​ឌ្រី​ម​វើ​ល​» ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ក្រោយពី​ចេញពី​ខារ៉ាអូខេ​វេលា​នៅ​ម៉ោង​ប្រហែល​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែធ្នូ នាង​ក៏​ឲ្យ​សង្សារ​ថ្មី​នោះ​ឌុប​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ដើម្បី​បង្ហាញ​សង្សារ​ចាស់​ជា​សន្តិសុខ​ថា គេ​បាន​ដឹក​សង្សារ​ថ្មី​នោះមក​ហើយ​។


ចំណែក​សង្សារ​ចាស់​វិញ​បាន​យក​ដំបង ដែល​ខ្លួន​កាប់​ទុក​កាលពី​១០​ថ្ងៃមុន​ជា​អាវុធ​សម្លាប់​ជនរងគ្រោះ លាក់ទុក​នៅ​ម្តុំ​កន្លែងកើតហេតុ​តាំងពី​ម៉ោង​១០​យប់​ម្ល៉េះ​។ លុះ​ពេល​ស្ត្រី​ និង​ជនរងគ្រោះ​មកដល់​កន្លែង​នោះ ក៏​ឈប់​ឱប​ថើប គ្នា​រួច​ក៏​បបួលគ្នា​រួមភេទ​នៅក្នុង​ព្រៃត្រែង​។ ខណៈពេល​កំពុង​ឱបថើប​ញី​ញក់​យ៉ាង​ត្រេកត្រអាល​នោះ និង​បម្រុង​ឡើងឋានសួគ៌ ស្រាប់​សង្សារ​ចាស់​ក៏​យក​ដំបង ដែល​លាក់ទុក​នោះ​វាយ​ពីក្រោយ​រហូត​ទាល់តែ​ផុង​លលាដ៍ក្បាល​ស្លាប់​តែម្ដង​។​


សមត្ថកិច្ច​បញ្ជាក់​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​អ៊ូច ស្រីរ័ត្ន ហៅ​រ័ត្ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ​ខេត្តកំពត បាន​ស្គាល់គ្នា​ជាមួយ​ជា​ជនសង្ស័យ​ជា​សន្តិសុខ​នោះ​រយៈពេល​៣​ខែ​មកហើយ​។ ចំណែក​សង្សារ​ថ្មី ដែល​ត្រូវ​នាង​រួម​នឹង​សន្តិសុខ​ជា​សង្សារ​ចាស់​រៀបចំ​គម្រោង​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​នោះ ឈ្មោះ​យ៉ុ​ន តុលា ហៅ​យូ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាជាង​ម៉ាស៊ីន​កិនស្រូវ មាន​ស្រុកកំណើត​ភូមិ​តា​គៀត​ ឃុំ​ព្នៅ​ទី​១​ ស្រុក​ស៊ីធរ​កណ្តាល​ ខេត្តព្រៃវែង ត្រូវ​នាង​អះអាង​ថា​ទើបនឹង​ស្គាល់គ្នា​បាន​កន្លះ​ខែ​​ប៉ុណ្ណោះ។


បើតាម​ស្ត្រី​សង្ស័យ​បាន​សារភាព​បន្ថែមថា នាង​ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​១​អាយុ​២​ឆ្នាំ ហើយ​នាង​និយាយ​ថា​ដោយសារតែ​ប្តី​នាង​វាយ​ធ្វើបាប​ពេក​ក៏បាន​លែងលះគ្នា​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ រួច​ក៏​បាន​មក​ចូលធ្វើការ​នៅក្នុង​ហាង​មនោរម្យ​នៅ​សង្កាត់​ស្ទឹងមានជ័យ។ ទី​នោះ​ហើយ​ដែល​នាង​បាន​​ស្គាល់​មនុស្ស​ប្រុស​ជា​បន្តបន្ទាប់ ចុងក្រោយ​ក៏បាន​ស្គាល់​ជនជាតិ​ចិន​ម្នាក់ ធ្វើការ​ជា​បុគ្គលិក​នៅ​បុរី​ប៉េង​ហួត ​ចូល​ដណ្តឹង​នាង​ ហើយ​ពួកគេ​នឹង​ចូល​រោងការ​នៅ​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៥​នេះ នៅ​ស្រុកកំណើត​នាងស្ថិតក្នុង​ភូមិ​ប្រា​ល ​ឃុំ​តានី​ស្រុក​អង្គរជ័យ​ ខេត្តកំពត។


អ្វីដែល​ហួសចិត្ត​នោះ​ស្ត្រី​សង្ស័យ​បាន​សុំ​សមត្ថកិច្ច​ទៅ​រៀបការ​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​នេះ ដោយ​មិនដឹងថា​នាង​មានទោស​កម្រិត​ណា​ឡើយ។


គួរ​បញ្ជាក់​ថា បុរស​ម្នាក់​ត្រូវ​ឃាតក​វាយ​ចំក្បាល​ផុង​លលា​ដ៏​ក្បាល​ស្លាប់​បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុក​ឈាម ខណៈ​ដឹក​ស្រី​ស្នេហ៍​ដែល​ស្គាល់​គ្នា​កន្លះ​ខែ​ដើរ​លេង​ មកដល់​កន្លែង​ស្ងាត់​ក៏បាន​ឱប​ថើប​ញី​ញក់ ក៏ត្រូវ​សង្សារ​ចាស់​ជា​សន្តិសុខ​យាម​នៅក្បែរ​នោះមក​វាយ​សម្លាប់​តាម​គម្រោង​ដែល​រៀបចំ​ទុក​មុន។


បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច សមត្ថកិច្ច​ល្បាត​ឃើញ​ជនសង្ស័យ​២​នាក់​នោះ​ដើរ​ចេញពី​កន្លែងកើតហេតុ​មាន​ប្រឡាក់​សុទ្ធតែ​ឈាម​ក៏​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ។


ករណី​វាយ​សម្លាប់​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ជិត​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ខាងកើត​ស្ថិតក្នុង​ភូមិ​ដើម​គរ ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។


បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕


M5-12-15-f


M5-12-15-f1


M5-12-15-f2




សារភាព​ពី​គម្រោង​ប្លន់​សម្លាប់​សង្សារ​យក​ម៉ូតូ ​ហើយ​សុំ​សមត្ថកិច្ច​ទៅ​រៀបការ​នៅ​ថ្ងៃ​ទី​២០ធ្នូ

Post a Comment

0 Comments

Close Menu