Ad Code

ទីក្រុង​បា​ដា​ដ ​ទាមទារ​ឲ្យ​ទួរគី​ដក​កងទ័ព​“​បណ្តុះបណ្តាល​”​ចេញពី​ភាគ​ខាងជើង​អ៊ីរ៉ាក់​

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ទីក្រុង ​អង់កា​រ៉ា ​ដកចេញ​នូវ​កងកម្លាំង​ទួរគី​ជាង​១០០​នាក់ ​ដែល​បាន​ចូលក្នុង​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​រថក្រោះ ​និង​កាំភ្លើង​ធំ​ដោយ​ចោទ​ប្រកាន់​ថា “​កំពុង​បណ្តុះបណ្តាល​” កងទ័ព​នៅ​ក្បែរ​តំបន់ Mosul ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។ ទីក្រុង​បា​ដា​ដ​បាន​សង្កត់​ធ្ងន់​ថា វា​គឺជា​ការរំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​។​



ក្រសួងការបរទេស​អ៊ីរ៉ាក់​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​ថា កងទ័ព​ទួរគី​កំពុ​ង​ធ្វើ​សកម្មភាព​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ ហើយ​ទាមទារ​ឲ្យ​ដក​កងកម្លាំង​ចេញ​ភ្លាម​។



សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ត​ថា​ “​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទួរគី​គោរព ​ដល់​ទំនាក់​ទំនងជា​អ្នកជិតខាង​ល្អ ​ហើយ​ដក​ជាបន្ទាន់​ចេញពី​ទឹកដី​អ៊ីរ៉ាក់​”​។ ​សេចក្ដីថ្លែងការណ៍​នេះ​បាន​សង្កត់​ធ្ងន់​ថា “​កងទ័ព​ទួរគី​បាន​ចូល​ដោយ​គ្មាន​ការ​ស្នើ​សុំ​ ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​អ៊ីរ៉ាក់ ដែល​នេះ​ជា​ការ​រំ​លោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ីរ៉ាក់​យ៉ាងធ្ងន់ធ្ងរ​”។​



ជាមួយគ្នា​នោះ ក្រសួងការបរទេស​បាន​ហៅ​ទង្វើ​របស់​ទួរគី​នេះ​ថា​ជា “​ការ​លុកលុយ​មួយ​” ។​



យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បានដឹង​អំពី​សកម្មភាព​របស់​ទួរគី​នេះ​។​



ប្រភព​បាន​ប្រាប់​រ៉​យ​ទ័​រថា “​ទាហាន​ទួរគី​បាន​ចូល​ដល់​តំបន់ Mosul Bashiqa។ ពួកគេ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ការ​ហ្វឹកហាត់​។ កងវរសេនាតូច​មួយ​បាន​ឆ្លងកាត់​ចូល​ទៅ​ក្នុង​តំបន់​នេះ​”​។​ ទោះបីជា​យ៉ាង​ណា​ក៏ដោយ រ៉​យ​ទ័​រ​ មិនបាន​បញ្ជាក់​ពី​ចំនួន​ទាហាន​ពិតប្រាកដ​នោះ​ទេ​។​



ដោយឡែក បើ​យោង​តាម​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ពីរ​នាក់​ ដែល​បាន​ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ បា​ន​និយាយ​ថា ការ​ដាក់​ពង្រាយ​របស់​ទួរគី​នេះ​គឺ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ឡើយ​។​



បើ​យោង​តាម​កាសែត Daily Sabah បាន​រាយការណ៍​ថា​ កាលពី​ថ្ងៃ​សុក្រ​ទាហាន​ទួរគី​ចំនួន​១៣០ នាក់​បំពាក់​ដោយ​អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ជាយក្រុង Mosul ដែល​បច្ចុប្បន្ន​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម IS។​



តំបន់ Bashiqa មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​១០​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង Mosul ។​



ទីក្រុង Mosul ដែល​ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បាន​រឹបអូស​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ខែមិថុនា ​ឆ្នាំ​២០១៤​ ហើយ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ពេញលេញ​ដោយ​ពួក​សកម្មប្រយុទ្ធ​នេះ ចាប់​តាំង​ពី​ពេលនោះ​មក​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ជ្រុលនិយម​មួយ​នេះ​បាន​រឹបអូស​យក​ឃ្លាំង​ស្តុក​អាវុធ​និង​គ្រាប់កាំភ្លើង​ដ៏​ធំ​នៅក្នុង​ទីក្រុង​នេះ​៕ RT




ទីក្រុង​បា​ដា​ដ ​ទាមទារ​ឲ្យ​ទួរគី​ដក​កងទ័ព​“​បណ្តុះបណ្តាល​”​ចេញពី​ភាគ​ខាងជើង​អ៊ីរ៉ាក់​

Post a Comment

0 Comments

Close Menu