ទឹកអំបិល ឬទឹកប្រៃ ល្អប្រសើរជាងការប្រើទឹក និងទឹកសាប៊ូ សម្រាប់លាងសម្អាតមុខរបួសផ្សេងៗ ដែលនេះជាការលើកឡើងដោយការសិក្សាស្រាវជ្រាវថ្មីមួយ។
ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ McMaster University ប្រទេសកាណាដា បានសរសេរអធិប្បាយនៅក្នុងព្រឹត្ដិបត្រវេជ្ជសាស្ដ្រ New England Journal of Medicine ថា ទឹកប្រៃ ឬទឹកអំបិលមានលក្ខណៈល្អប្រសើរជាងក្នុងការលាងមុខរបួស ហើយក៏មានតម្លៃថោកជាងទៅទៀត ដែលនេះគឺជាព័ត៌មានដ៏ល្អសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ពិសេសពេលបើកមុខរបួស ដែលរងការបាក់ដៃ បាក់ជើងជាដើម។
ចំពោះការសិក្សាស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យដោយផ្ទាល់ ទៅលើមនុស្សចំនួន ២,៤០០ នាក់ ដែលរងការឈឺចាប់ ពេលបើកមុខរបួសដោយសារគ្រោះថ្នាក់បាក់ដៃ-ជើង ទាំងនៅពេលត្រូវលាងសម្អាតដោយប្រើសាប៊ូ ដោយទឹក ឬក៏ទឹកអំបិល ហៅថា saline solution ដោយពិនិត្យតាមដានទៅលើសម្ពាធទឹក ៣ ផ្សេងពីគ្នា។ គេបានរកឃើញថា ទឹកអំបិលនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការបានទាំងករណីចម្លងមេរោគ ហើយជាលទ្ធផលវាអាចកាត់បន្ថយបាននូវភាពចាំបាច់ ដែលតម្រូវឲ្យធ្វើការវះកាត់នោះទៅទៀត។
យោងតាមការលើកឡើងពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ករណីបាត់បង់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ រមែងតែងតែកើតមាននៅក្នុងបណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម៕
VOA
ទឹកអំបិល ល្អជាងទឹកសាប៊ូ សម្រាប់ការលាងសម្អាតមុខរបួស
0 Comments