Ad Code

សិក្ខាសាលា​ស្តី​ពី​ស្ថានភាព​ពាណិជ្ជកម្ម​នៃ​ផលិតផល​ដំណាំ​ម្រេច​នៅ​កម្ពុជា​

ភ្នំពេញ ៖ សិក្ខាសាលា ស្តីពី ស្ថានភាព​ពាណិជ្ជកម្ម នៃ​ផលិតផល​ដំណាំ​ម្រេច​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​វត្តមាន​លោក ច័ន្ទ ទិ​ត្យ​រ៉ា​ម៉ូ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន សហគមន៍​ម្រេច និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥។


នៅក្នុង​ឱកាស​នេះ​លោក ច័ន្ទ ទិ​ត្យ​រ៉ា​ម៉ូ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា វិស័យ​កសិកម្ម​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ប្រជាជន​កម្ពុជា​ភាគច្រើន ជា​កសិករ ប្រកបមុខរបរ​ធ្វើស្រែ ចំការ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ វិស័យ​កសិកម្ម​នៅ​កម្ពុជា នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត។


ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​អាណ​តិ្ត​ទី​៥​នេះ បាន​ដាក់​ចូល​វិស័យ​កសិកម្ម​ជា​អាទិភាព សម្រាប់​ការអភិវឌ្ឍន៍​មួយ​ចំណែក ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រក្រី​ជូន​ប្រជាពលរដ្ឋ។ ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល គឺ​លើកស្ទួយ​វិស័យ​កសិកម្ម សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ជាតិ តាមរយៈ​ការ​ធ្វើ​ភាវូបនីយកម្ម ពី​ការ​ធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី ឆ្ពោះទៅរក​ដំណាក់កាល​ថ្មី​មួយទៀត។


លោក ច័ន្ទ ទិ​ត្យ​រ៉ា​ម៉ូ ថ្លែង​បន្ត​ឲ្យ​ដឹង​ថា ការអភិវឌ្ឍន៍​លើ​វិស័យ​កសិឧស្សាហកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម គឺជា​ការ​បង្កើន​តម្លៃបន្ថែម ដើម្បី​ចូល​រួម​ចំណែក​នូវ​ការងារ​បន្ថែម​ថ្មីៗ​ទៀត និង​ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ។ ជា​មួយ​គ្នា​នេះដែរ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន​នានា ដើរ​តួនាទី​យ៉ាង​សំខាន់​លើកស្ទួយ​នូវ​វិស័យ​កសិកម្ម​នេះ​ផង​ដែរ។ ដំណាំ​ម្រេច ក៏​ត្រូវ​បាន​ចាត់ទុកជា​ដំណាំ​អាទិភាព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការនាំចេញ។


យោង​តាម​ទិន្នន័យ​សហគមន៍​ដំណាំ​ម្រេច​អន្តរជាតិ​ឆ្នាំ​២០១៤ កម្ពុជា​បាន​ផលិត​ម្រេច​ប្រមាណ ៨​ពាន់​ដើម សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ លុះ​រហូតដល់​ឆ្នាំ​២០១៥ ដំណាំ​ម្រេច​មានការ​កើនឡើង ប្រមាណ ៩​ពាន់​ដើម សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ​ផង​ដែរ។ តាម​ការ​ប៉ាន់ប្រមាណ​ផលិតផល​ដំណាំ​ម្រេច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ អាច​នឹង​កើនឡើង ១​ម៉ឺន​១​ពាន់​ដើម ដោយសារ​តម្រូវការ នៃ​ការប្រើប្រាស់​ទីផ្សារ​ម្រេច​ក្នុងស្រុក​មានការ​កើនឡើង ក៏ដូចជា​តម្រូវការ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​ផង​ដែរ។ ដោយ​មើលឃើញ​ពី​សក្ដានុពល​ទាំងនេះ ក្រសួងពាណិជ្ជកម្ម និង​ដៃគូ​ពាក់ព័ន្ធ​មួយចំនួន​បានសម្រេច​ដាក់បញ្ចូល​ដំណាំ​ម្រេច​នេះ ជាពិសេស​ម្រេច​ខេត្តកំពត ដែល​ការពារ​ដោយ​ច្បាប់​នៃ​ប្រទេស​កម្ពុជា៕


T-12-18-15-j-full



សិក្ខាសាលា​ស្តី​ពី​ស្ថានភាព​ពាណិជ្ជកម្ម​នៃ​ផលិតផល​ដំណាំ​ម្រេច​នៅ​កម្ពុជា​

Post a Comment

0 Comments

Close Menu