សៀមរាប ៖ ដីព្រៃលិចទឹកចំនួន៣ហិកតា ត្រូវបានឈ្មួញកាយដីទាំងយប់ទាំងថ្ងៃ កាយជម្រៅដល់ក្បាលប្រេត តែពុំត្រូវបានសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ជាហេតុធ្វើឲ្យឈ្មួញមានលេសកាយដីយកមកចាក់នៅទីតាំងដើម្បីសាងសង់សាលាបឋមសិក្សារបស់កូរ៉េ។ ផ្ទុយទៅវិញគឺកាយដីនេះរាប់ សិបឆ្នាំមកហើយ តែពុំត្រូវបានយកដីទាំងនេះទៅចាក់នៅទីតាំងសាលានោះទេ បែរជាយកដីទាំងនោះទៅលក់តាមផ្ទះទៅវិញ។
សកម្មភាពដឹកដីចេញពីរណ្ដៅ ក្នុងមួយថ្ងៃមិនតិចពី៣៥០ទៅ៤០០ឡាន ក្នុងមួយថ្ងៃ រថយន្តបែនដឹកដីបន្តកន្ទុយគ្នាចេញពីរណ្តៅយក្យស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ជាក់ស្តែង ទិដ្ឋភាពកាយដីព្រៃលិចទឹក នៅតំបន់ហាមឃាត់នេះ រថយន្តមិនតិចពី៥០គ្រឿង បានដឹកដីលក់នៅក្នុងក្រុង សៀមរាប។
គួរបញ្ជាក់ថា កន្លងមកទូរទស្សន៍ កាសែត បានធ្វើការចុះផ្សាយម្ដងរួចមកហើយ កាលនោះម្ចាស់ដី បានអះអាងថាកាយដីនេះដើម្បីធ្វើផ្លូវអភិវឌ្ឍន៍ឃុំ តែដីដែលបានដឹកចេញពីរណ្តៅទាំងប៉ុន្មាន ពុំត្រូវបានចាក់ ធ្វើផ្លូវនោះទេ ទើបអភិបាលក្រុងបញ្ជាឲ្យផ្អាក និងហាមដាច់ខាតមិនឲ្យកាយដីនេះ។ ប៉ុន្តែក្រោយមកម្ចាស់ដីបានកាយដីម្ដងទៀត ដោយយកលេសក្នុងគម្រោងចាក់ដីសាងសង់សាលារៀន។
ប្រភពពីប្រជាពលរដ្ឋបានអះអាងថា នៅទីតាំងចាក់ដីសម្រាប់សាងសង់សាលារៀន ក្រោមការឧបត្ថម្ភរបស់កូរ៉េនេះ មិនសូវមានការចាក់ដីនោះទេ ៥ថ្ងៃឃើញចាក់៣ឡាន ជួនថ្ងៃខ្លះអត់ឃើញមកចាក់សោះ កន្លះខែចាក់៥ឡាន ហើយឃើញចាក់ដីនេះអស់រយៈពេល ៥ខែមកហើយ មិនទាន់បានពេញទៀត ហើយក៏មិនដឹងថាថ្ងៃណានឹងបានចាក់ពេញអស់ទេ បើចាក់ខានៗ ហើយក៏សូមសំណូមពរ ឲ្យមានការចាក់ដីឲ្យពេញឆាប់ៗ ដោយសារតែ ទទឹងរង់ចាំជាច្រើនឆ្នាំហើយ មិនឃើញពេញសោះ ហើយស្មើណាទៅទើបបានសាងសង់សាលារៀន។
លោក រ៉ានី រ៉ែថាមពលខេត្តសៀមរាប បាននិយាយថា លោកមិនបានដឹងទេ រឿងការកាយដីនៅតំបន់ភ្នំក្រោមនេះចាំឲ្យមន្ត្រី ចុះទៅមើល ព្រោះលោកមិនបានដឹងទាល់តែសោះ ចំណែកសាលាក្រុងពុំបានផ្តល់ដំណឹង ហើយក៏ពុំមានច្បាប់ណាបញ្ជូនមកខ្ញុំដែរ។
លោក ស៊ូ ផ្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងកាយដីនេះ គឺមានក្រុមហ៊ុនមួយ គាត់បានធ្វើកិច្ចសន្យាកាយដីដើម្បីចាក់ធ្វើសាលារវាង ក្រុងសៀមរាប និងក្រុងស៊ូវន់ របស់កូរ៉េ ដែលមានដីចំនួន ៥ម៉ឺនទៅ៦ម៉ឺនម៉ែត្រគូបទើបពេញ។ ចំណែកការដឹកដីយកមកចាក់នេះ គឺពុំបានជួលគាត់ទេ គឺគាត់បានដឹកយកទៅលក់ខ្លះ ហើយឆ្លៀតពេលដឹកមកចាក់ឲ្យសាលាខ្លះ។ ការដឹកនេះគឺគ្មានកំណត់ទេ តែទោះជាយ៉ាង ណាគឺជំរុញឲ្យគាត់ចាក់ឲ្យពេញដើម្បីសាងសង់សាលារៀន តែការដឹកចេញទៅលក់នេះគឺលោក ត្រូវតែហៅមកណែនាំគឺមិនឲ្យដឹកទៅលក់ទាំងស្រុងនោះទេ គឺត្រូវអាទិភាពដឹកដីចាក់សាលារៀន បើដឹកដីមកលក់ទាំងស្រុងអញ្ចឹងគឺមិនបានជាដាច់ខាត៕
ឈ្មួញកាយដីលក់ក្រោមរូបភាពគម្រោងចាក់ដីសាលារៀនភូមិភ្នំក្រោម សំណូមពរអភិបាលក្រុងជួយមើល







0 Comments