មនុស្សយ៉ាងហោច ៦៣ នាក់ បានស្លាប់ក្រោយនាវាចម្លងមួយគ្រឿងបានលិចនៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន ខណៈដែលក្រុមការងារសង្គ្រោះ បានបន្តបេសកកម្មរុករករបស់ពួកគេ នាថ្ងៃសុក្រ សម្រាប់មនុស្ស ១៥ នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជួយសង្គ្រោះ បានរកឃើញសពមនុស្ស ៤០ នាក់ នៅតំបន់ឈូងសមុទ្របូន ស្ថិតនៅភាគខាងកើតកោះស៊ូឡាវេ៉ស៊ី ប្រទេសឥណ្ឌូនេស៊ី។
វីដេអូរបស់ស្ថានីយទូរទស្សន៍ TV One ឃើញក្រុមជួយសង្គ្រោះទាញសពមនុស្សចេញពីសមុទ្រ និងនាំយកដាក់លើនាវា មុនពេលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យក្នុងស្រុកសម្រាប់ការធ្វើកោសល្យវិច័យ។
លោក ព្រីដចេន អ៊ីវ៉ាន់ ប្រធានក្រុមប្រតិបត្តិការជួយសង្គ្រោះ បាននិយាយថា ក្រុមអាជ្ញាធរ បានចុះយុទ្ធនាការរបស់ខ្លួនអស់រយៈពេល ៧ ថ្ងៃរួចមកហើយ ដោយពួកគេនឹងបន្តការងារមួយនេះ រហូតដល់រកឃើញមនុស្សបាត់ខ្លួន ដែលនៅសេសសល់។
សូមបញ្ជាក់ថា នាវាចម្លងឈ្មោះ Marina Baru បានដឹកអ្នកដំណើរ និងក្រុមនាវិកចំនួន១១៨ នាក់ នៅពេលដែលជួបព្យុះ រួចក៏បានលិចបាត់ក្នុងតំបន់ឈូងសមុទ្របូន ស្ថិតនៅក្រៅតំបន់ឆ្នេរនៃកោះស៊ូឡាវ៉េស៊ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន៕
ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍លិចនាវានៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៦៣នាក់
0 Comments