Ad Code

អតីត​សកម្មជន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រលាយ ដោយសារតែ​ជំហរ​មិន​ច្បាស់លាស់​របស់​មេដឹកនាំ

ភ្នំពេញ ៖ នេះ​ជា ការ​បញ្ជាក់​របស់​លោក អ៊ុក សុ​យ អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ដែល​ទើប​ត្រូវ​បាន​ចាកចេញ ​កាល​ពីពេល​ថ្មីៗ​នេះ ដោយសារតែ​ជួប​បញ្ហា​អយុត្តិធម៌ អំពើពុករលួយ និង​បក្សពួកនិយម។


លោក អ៊ុក ស៊ុយ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា មូលហេតុ​ដែល​លោក​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គឺ​ដោយសារតែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​លោក សម រង្ស៊ី​, លោក កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ប្រព្រឹត្ត​ឆ្គាំឆ្គង​មក​លើ​មន្ត្រី​នៅ​ក្នុង​បក្ស​ចាប់តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​មូលដ្ឋាន​។ ចំណុច​ដែល​ឆ្គាំឆ្គង និង​គ្មាន​សីលធម៌​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កាលពី​ដើមឡើយ​មាន​គោលជំហរ​ច្បាស់លាស់ ប្រកាន់​ភ្ជាប់​គុណធម៌ និង​សីលធម៌ ប៉ុន្តែ​ក្រោយពេល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ដែល​ទទួល​បាន​៥៥ អាសនៈ​បែរជា​ភ្លេចខ្លួន ផ្គើន​ជាមួយ និង​ឆ​ន្ទះ​ប្រជាពលរដ្ឋ ក៏ដូចជា​តំណាង​គណបក្សនយោបាយ​ក្នុង​នឹង​ក្រៅប្រទេស។


លោក អ៊ុក ស៊ុយ លើកឡើង​ទៀត​ថា អំពើ​ឆ្គាំឆ្គង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន សម រង្ស៊ី​, កឹម សុខា , អេង ឆៃអ៊ាង​, យឹម សុវណ្ណ​, ជូ​ឡុង សូ​មូរ៉ា វា​នឹង​បណ្ដាល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រលាយ​បន្តិច​ម្តងៗ ទៅ​តាមរយៈ​សកម្មភាព​ដឹកនាំ​របស់​មេដឹកនាំ​ទាំងនោះ​។ លោក​បញ្ជាក់​ថា “​អំពើ​ឆ្គាំឆ្គង​ទាំង​អស់​នោះ ដែល​ធ្វើឡើង​ដោយ​លោក សម រង្ស៊ី លោក​កឹម សុខា លោកស្រី​ជូ​ឡុង សូ​មួ​រ៉ា និង​លោក អេង ឆៃអ៊ាង ជាដើម​អាច​នឹងធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រលំរលាយ​ជាក់​ជាមិនខាន ហើយ​ការ​រលំរលាយ​ក៏ដូចជា​ការ​បាត់​ជំនឿ​ទុកចិត្ត​ទាំងអស់ គឺ​ផ្តើមចេញពី​ការដឹកនាំ​របស់​មេដឹកនាំ​គណបក្ស​នីមួយៗ។


លោក​អ៊ុក ស៊ុយ បាន​លើកឡើង​ទៀត​ថា កន្លងមក​លោក​បាន​ប្រាប់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​និង​គុណធម៌ ដោយ​កុំ​ប្រើ​មនុស្ស​ចាត់ទុកជា​ស្លឹកចេក ជា​ក្រូចឆ្មា ឬ​ជា​កាក​អំពៅ​។ លោក​អះអាងថា កាលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​អាសនៈ​មកដល់​៥៥​នេះ ក៏ដោយ​សារ តែ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ ប៉ុន្តែ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ចាកចេញ​នេះ គឺ​ដោយសារតែ​ថ្នាក់ដឹកនាំ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សកម្មភាព​បែប​អយុត្តិធម៌ និង​ពុករលួយ ដោយ​ដក​អ្នក​ចាស់​ដាក់​អ្នកថ្មី តាមរយៈ​បក្ខពួកនិយម គ្រួសារនិយម លុយ​និយម ហើយ​អ្នក​ស្មោះត្រង់​ពិតប្រាកដ បែរជា​ត្រូវ​បោះបង់ចោល​ដោយ​មិន​នឹកនា​នោះឡើយ ហើយ​នៅ​ពេល​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ម្ត​ងៗ ថ្នាក់ដឹកនាំ​ទាំងនោះ​ចាត់ទុក​កិច្ចប្រជុំ​ជា​បាល់ទាត់​លេង​តាមចិត្ត ដោយ​មិន​ចាត់ទុក​មតិ​របស់​សមាជិក​ជា​រឿង​សំខាន់​ឡើយ​។


លោក​អ៊ុក ស៊ុយ​បាន​លើកឡើង​ទៀត​ថា មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​មកដល់ពេលនេះ បាន​នឹង​កំពុង​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដែលជា​អ្នកគាំទ្រ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ពីព្រោះ​ក្រោយពី​ការបោះឆ្នោត ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ម្តង​ថា ​ទទួល​បាន​៦៣ ម្តង​ថា​ ៦២ ហើយ​លោក​ខ្លួនឯង​ ដែល​ជា​អ្នក​កាន់​កិច្ចការ​បោះឆ្នោត ក្រោយពី​បូកសរុប​មិន​ឃើញ​ទទួល​បាន​ដូច​ការប្រកាស​នោះ​ទេ ហើយ​មេ​ដឹក​នាម​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​ការប្រកាស​បែបនេះ ថែមទាំង​ទៅ​ស្បថ​នៅ​សៀមរាប​ទៀត​ផង ថា ​នឹង​មិន​ចូល​សភា​ជាដាច់ខាត​។ ប៉ុន្តែ​ពេលនោះ​លោក​បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ឲ្យ​ច្បាស់លាស់ ហើយ​ត្រូវ​រក​ឲ្យ​ឃើញ​អ្វី​ដែល​ខ្លួន​និយាយ​ថា ទទួល​បាន​៦២ ឬ​៦៣​អាសនៈ តែ​ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ​បែរជា​បង្កើត​គណៈកម្មការ​ធ្វើបាតុកម្ម​អហិង្សា​ទៅវិញ ក្នុង​ន័យ​មួយ​គឺ​ដើម្បី​ដុត​កម្ដៅ​ប្រជារាស្ត្រ​ឲ្យ​ធ្វើបាតុកម្ម​កាន់តែខ្លាំង​ក្លា ដើម្បី​តថ្លៃ​ចូល​រដ្ឋសភា ។


លោក អ៊ុក ស៊ុយ បាន​លើក​ឡើង​ទៀត​ថា នៅ​ពេលនោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​សកម្ម​ដើម្បី​បង្កើត​គណៈកម្មការ​ស្វែងរក​ការពិត ដើម្បី​រាប់​សន្លឹកឆ្នោត ប៉ុន្តែ​នៅ​ពេល​អ្នកចូលរួម​ឡើង​ដល់​១​លាន​នាក់ ស្រាប់តែ​មេដឹកនាំ​ប្រកាស​ឲ្យ​ផ្អាក​សិន តាមពិត​ការ​បំផុស​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដើម្បី​បង្កើត​គណៈកម្មការ​ស្វែងរក​ការពិត​នោះ គឺ​គ្មាន​ទាល់តែសោះ ហើយ​មិនបាច់​និយាយ​ទៅដល់​ការ​ធ្វើសកម្មភាព​រាប់​ស​ន្លឹ​ក​ឆ្នោត​នោះទេ ដែល​សូម្បីតែ​បង្កើត​មិន​ចេញ​ផង​។ លោក​លើកឡើង​ដែរ​ថា នៅ​ពេលដែល​ថ្នាក់ដឹកនាំ​សម្រេច​ចូល​សភា លោក​ក៏បាន​សួរ​ទៀត ថា​ហេតុ​អី​ក៏​សម្រេច​ចូល​សភា​ខុស​ពី​ជំហរ​កាលពីមុន​។ នៅ​ពេលនោះ​លោក​សម រង្ស៊ី​បាន​ថ្លែង​ថា អ្នកនយោបាយ​ត្រូវតែ​ផ្លាស់ប្ដូរ​ជំហរ ហើយ​ការចូល​សភា​គឺ​ដើម្បី​កែទម្រង់​ច្បាប់ កែទម្រង់​ផ្ទៃក្នុង​រដ្ឋសភា និង​កែ​ច្បាប់បោះឆ្នោត។


អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ទៀត​នោះ ជាធម្មតា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​គ្រប់​បក្ស​ន​យោ បាយ​មុន​ចូល​រដ្ឋសភា គឺ​កែ​បទ​ផ្ទៃក្នុង​នៃ​រដ្ឋសភា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​កែ​ទេ ហើយ​ដើរចូល​ទាំង​ញញឹមញញែម​ដើម្បី​តំណែង ដែល​ក្នុង​នោះ​ក៏បាន​ស្នើ​សំ​ុ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​បន្ថែមទៀត​ដើម្បី​ចែក​តំណែង ហើយ​នៅ​ពេល​មាន​សំណួរ​ពី​ថ្នាក់ដឹកនាំ​នៅក្នុង​គណបក្ស លោក​សម រង្ស៊ី​ក៏ដូចជា​លោក​កឹម សុខា បាន​ឆ្លើយ​ថា ចាំ​មើល​សិន កុំ​ទាន់​អាល​និយាយ។ តាម​លោក​អ៊ុក ស៊ុយ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​នៅ​ខ្វះ​តែ​៧​អាសនៈ​ប៉ុណ្ណោះ​នឹង​ឈ្នះ​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​ជំហរ​មេដឹកនាំ មិន​ច្បាស់លាស់ គឺ​មិន​អាច​ធ្វើ​អ្វី​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។ លោក​សម រង្ស៊ី​និយាយ​ថា ចាកចេញ​១០​ឬ​២០​ក៏​មិន​អី​ដែរ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ដើរចេញ​មែន គឺ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​អាសនៈ​យ៉ាង​ពិត​ប្រាកដ​។


ជាមួយគ្នា​នោះ លោក​អ៊ុក ស៊ុយ បាន​បញ្ជាក់​ដែរ​ថា មកដល់ពេលនេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ប្រើ​វិធីសាស្ត្រ​លាប​ពណ៌​ទៅ​ឲ្យ​សកម្ម​ជន​ណា​ម្នាក់​ដែល​ចង់​ចាក​ចេញពី​គណបក្ស ថា​បានទទួល​ផលប្រយោជន៍​លុយកាក់​ឬ​ជា​អ្វីមួយ​ពី​គណបក្ស​ផ្សេង ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់​ចាប់ផ្តើម​ពី​ចូល​ជីវភាព​នយោបាយ​មិន​ ដែល​មាន​អ្នកណា​នៅ ពីក្រោយ​ខ្នង​នោះទេ ហើយ​លោក​ក៏​មិនដែល​ចង់បាន​តួនាទី​ឬ​បុណ្យស័ក្ដិ​ណាមួយ​នោះ​ឡើយ​។ លោក​អះអាង​ថា ប្រសិនបើ​ចង់បាន​បុណ្យស័ក្តិ តួនាទី នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ គ្រាន់តែ​និយាយ​តាម​មេដឹកនាំ កុំ​ប្រឆាំង​ជាមួយ គេ​ទៅ គេ​នឹង​ឲ្យ​ហើយ ប៉ុន្តែ​លោក​មិន​រវល់​ហើយ​ការ​ចូល​មក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ក៏​គ្មានអ្វី​ទាំងអស់ សូម្បីតែ​សៀវភៅ​ក៏​រ៉ៃអង្គាសប្រាក់​ពី​សមាជិក ដើម្បី​បោះពុម្ព​ដែរ ដូច្នេះ​លោក​គ្រាន់តែ​ស្រឡាញ់​គោលជំហរ​នៃ​ការដឹកនាំ​តែប៉ុណ្ណោះ​។


សូម​បញ្ជាក់​ថា លោក អ៊ុក ស៊ុយ បាន​ប្រកាស​លាលែង​ ពី​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​បាន​លិខិត​បាន​បញ្ជាក់​ថា ការ​សុំ​លាលែង​នេះ ដោយ​សារ​តែ ថ្នាក់ដឹកនាំ​កំពូល​នៅ​ក្នុង​បក្ស គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​ថ្នាក់​ដឹកនាំ​មួយ​ចំនួនទៀត ដឹកនាំ​បែប​គ្មាន​សីលធម៌ និង​គ្មាន​គុណធម៌។


លោក អ៊ុក ស៊ុយ សរសេរ​យ៉ាង​នេះ​ថា “​ខ្ញុំបាទ អ៊ុក ស៊ុយ សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ សូម​គោរព​ជូន ឯក​ឧត្តម​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ (​បច្ចុប្បន្ន​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​) សុំលាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។


លិខិត​លោក អ៊ុក ស៊ុយ លើក​មូល​ហេតុ​ថា “​ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ចំនួន​បួន​រូប​ទៀត​ដឹកនាំ​បក្ស​គ្មាន​សីលធម៌ និង​គ្មាន​គុណធម៌​មក​លើ​ថ្នាក់ដឹកនាំ​ក្នុង​បក្ស ជាពិសេស​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​លោក​បាន​ខិតខំ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។ សេចក្តី​ដូច​បាន​បញ្ជាក់​ក្នុង​កម្មវត្ថុ និង​មូលហេតុ​ខាងលើ ខ្ញុំ​ជម្រាប​ជូន​ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន​ថា ការដឹកនាំ​គណបក្ស​សព្វថ្ងៃ​នេះ ឯកឧត្ដម​ប្រធាន ឯកឧត្តម​អនុប្រធាន​បាន​ឃុបឃិត​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ចំនួន​៤​រូប​ទៀត ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ផ្ទៃក្នុង​បក្ស​តែងតាំង​មនុស្ស​ចាប់ពី​ថ្នាក់ជាតិ​រហូតមកដល់​ថ្នាក់​រាជធានី​/​ខេត្ត​-​ក្រុង ស្រុក​/​ខណ្ឌ​-​ឃុំ​/​សង្កាត់ ហើយ​ខ្ញុំ​ក៏បាន​ស្នើសុំ​ឲ្យ​កែ​ច​រឹត​ដឹកនាំ​ក្នុង​ពេល​ប្រជុំ​គណៈកម្មាធិការ​នាយ​កម្ត​ងៗ ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន​យក​អង្គប្រជុំ​របស់​គណៈកម្មាធិការ​នាយក​គណបក្ស ទាត់​លេង​ដូច​បាល់ ជាពិសេស​មិន​គោរព​សំដី​របស់​ខ្លួន ដែល​សន្យា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ថា មិន​ចូល​រដ្ឋសភា តែ​ទីបញ្ចប់​ចូល​ដើម្បី​យក​តំណែង រី​ឯថា​សំឡុត​មិន​ខ្លាច គេ​មិនទាន់​នឹងធ្វើ​អី​ផង គ្រាន់តែ​ចេញ​ដីកាកោះ​រត់​បាត់អស់។


ទាក់ទង​និង​ការ​លើកឡើង​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា “​ជាធម្មតា​នៅ​ពេល​មានការ​ចាកចេញ តែងតែមាន​ការលើកឡើង​ពី​ហេតុផល​នោះ​ខ្លះ​ហើយ ដែលជា​រឿង​ធម្មតា​”​។ ដោយឡែក​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នេះ នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក៍​បាន​ធ្វើការ​កោះ​ប្រជុំ​តំណាងរាស្ត្រ និង​សកម្មជន​ទូរ​ទាំង​រាជធានី ខេត្ត ជាបន្ទាន់​ក្រោម​អធិបតី លោក កឹម សុខា ប្រធានស្តីទី​គណបក្ស ហើយ​តាម​ខ្លឹមសារ គឺ​លោក កឹម សុខា បាន​ប្រាប់​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​ធ្វើការ​ពង្រឹង​សកម្មករ​ជន​គណបក្ស​របស់ខ្លួន​អោយបាន​ល្អ ដោយ​លើកឡើង​ពី​ករណី​ពាក់ព័ន្ធ​រឿង​សមាជិក​សកម្ម​មួយ​នៅ​ខេត្ត​ឩ​ត្ត​រ​មានជ័យ បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕



អតីត​សកម្មជន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រលាយ ដោយសារតែ​ជំហរ​មិន​ច្បាស់លាស់​របស់​មេដឹកនាំ

Post a Comment

0 Comments

Close Menu