បាត់ដំបង ៖ ក្រោយពីករណីបាញ់ប្លន់អាជីវករលក់មាសនៅផ្សារណាត់យកគ្រឿងអលង្ការ និងលុយកាក់អស់ជាច្រើននៅក្រុងបាត់ដំបងមិនបានប៉ុន្មានម៉ោងផងនោះ នៅវេលាម៉ោង៧និង១០យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះប្រុស២នាក់ ស្រីម្នាក់ និងកំពុងឡោមព័ទ្ធបក្ខពួកផ្សេងទៀតនៅសណ្ឋាគារ«ឡេងសេងណា» ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ការឡោមព័ទ្ធផ្ទះសំណាក់ខាងលើ ដោយសមត្ថកិច្ចសង្ស័យថានៅសល់បក្ខពួកក្រុមចោរចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួននៅទីនោះ។ ដោយឡែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន កំពុងស្ថិតនៅក្រោមការសាកសួរពីសំណាក់សមត្ថកិច្ចដើម្បីចង្អុលបង្ហាញកន្លែងលាក់ខ្លួនបក្ខពួកផ្សេងទៀត។
សេចក្ដីរាយការណ៍នៅម៉ោង៨យប់ថ្ងៃដដែលនេះបានឲ្យដឹងថា បុរសជាសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈរត់ចុះពីផ្ទះសំណាក់ខាងលើចុះមកខាងក្រោម។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចក៏ឡើងទៅឆែកឆេរក្នុងបន្ទប់ ដែលគេរត់ចេញមកឃើញគ្រឿងញៀនមួយចំនួនផងដែរ។ ដូច្នេះករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ប្រុស៣ ស្រី១) ប៉ុន្តែសមត្ថកិច្ចមិនទាន់ហ៊ានអះអាងថា ពួកគេជាជនល្មើសក្នុងករណីខាងលើនោះឡើយ ដោយសារគ្មានភស្តុតាងណាមួយដើម្បីបញ្ជាក់។
គួរបញ្ជាក់ថា នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រុមចោរមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន៣ដើម បានតាមប្រមាញ់ប្ដីប្រពន្ធជាអាជីវករ២នាក់ ដោយវាយស្ត្រីជាប្រពន្ធ១ស្ដាប់កាំភ្លើង រួចប្រមូលយកគ្រឿងអលង្ការចំនួន៤ធុង កាបូបលុយ២ ខណៈម្ចាស់យកចេញពីរថយន្ត។ ចំណែកបុរសជាប្ដីក៏ត្រូវក្រុមចោរដោះយកនាឡិកាដែលធ្វើពីប្លាទីនផងដែរ។ ការបាញ់ប្លន់នេះកើតឡើងនៅចំណុចមុខផ្ទះជនរងគ្រោះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះ២នាក់ប្ដីប្រពន្ធប្រមូលគ្រឿងអលង្ការ លុយកាក់នៅផ្សារណាត់ រួចជិះរថយន្តចេញពីផ្សារសំដៅមកផ្ទះ លុះដល់មុខផ្ទះ ក៏ជួបករណីបែបនោះតែម្ដង៕
សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរប្លន់៣នាក់ និងកំពុងឡោមព័ទ្ធបក្ខពួកផ្សេងទៀត
0 Comments