ប្រទេសប្រេស៊ីល កំពុងព្រមានស្ដ្រីមានផ្ទៃពោះទាំងឡាយ ឲ្យស្ថិតនៅក្នុងទីកន្លែងសុវត្ថិភាព ហើយចៀសវាងកុំឲ្យមូសខាំ នៅក្នុងរដូវក្ដៅ ដែលជិតឈានមកដល់ខាងមុខនេះ ដោយសារតែអាចបង្ហាញឲ្យឃើញពីការមានជាប់ទាក់ទងរវាងការរាលដាលនៃវីរុសដែលកើតមកពីសត្វមូស និងទារកប្រសូតមករងបញ្ហា។
ក្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីល រាយការណ៍ នៅសប្ដាហ៍នេះថា ខាងក្រសួងបានកត់ត្រាឃើញមានដល់ទៅ ២,៧៨២ករណីនៃខួរក្បាលរួមតូចកើតមានចំពោះកុមារ ឬលលាដ៍ក្បាលតូចខុសពីប្រក្រតីនៅឆ្នាំនេះ បើប្រៀបទៅនឹងឆ្នាំកន្លងមកនោះ គឺមានតែ ១៤៧ ករណីប៉ុណ្ណោះ។
ស្ថានភាពអាចបណ្ដាលមកពីការវិវឌ្ឍនៃមូលហេតុដូចខាងលើ ហើយពេលខ្លះក៏បានបណ្ដាលឲ្យទារកបាត់បង់ជីវិត ទាំងនៅពេលទើបតែប្រសូតមកនោះទៀតផង។
ក្រុមវេជ្ជបណ្ឌិតក៏កំពុងតែអង្កេតស្រាវជ្រាវករណីបាត់បង់ជីវិតកុមារដល់ទៅ ២៩ នាក់នៅឆ្នាំនេះ បណ្ដាលមកពីករណីខួរក្បាលរួមតូចហៅថា microencephaly។
ករណីទាំងនេះត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធទៅនឹងការឆ្លងវីរុសម្យ៉ាងហៅថា Zika Virus ពីម្ដាយ តាំងពីពេលមានផ្ទៃពោះ។ វីរុសនោះចម្លងរាលដាលដោយសារតែមូសខាំ ហើយបណ្ដាលឲ្យចេញកន្ដួលរលាក ដោយដំបូងឡើយមិនមើលឃើញថា ធ្ងន់នោះទេ ព្រមពេលដែលរូបកាយក៏មិនរងការឈឺចាប់នោះផងដែរ។
ប្រទេសប្រេស៊ីល បានរកឃើញករណីនៃអាការៈខួរក្បាលរួមតូចនេះ នៅ ២០ រដ្ឋក្នុងចំណោម ២៧ រដ្ឋ ហើយជាការកត់សម្គាល់ឃើញធ្ងន់ជាងគេ គឺនៅរដ្ឋ Permanbuco ដែលមានដល់ទៅ ១,០៣១ករណី ព្រមទាំងមានទារកស្លាប់ ៣ នាក់ទៀតផង។
នៅរដ្ឋ Paraiba កំណត់ត្រាឃើញមានដល់ទៅ ៤២៩ ករណី ក្នុងនោះមានទារកស្លាប់ ៥ នាក់។ ដោយឡែក មាន ៦ រដ្ឋ ក្នុងនោះមានទាំងរដ្ឋ Pernambuco បានប្រកាសពីសភាពអាសន្នបន្ទាន់។
ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ដ្រ កាលពីខែវិច្ឆិកា បានប្រកាសថា គេបានរកឃើញវីរុស Zika នេះ នៅក្នុងខ្លួនរបស់ទារកម្នាក់ ដែលមានអាការៈខួរក្បាលរួមតូច ដែលនោះហើយជាការធ្វើនិទស្សន៍ឲ្យឃើញពីការជាប់ពាក់ព័ន្ធរវាងវីរុស និងស្ថានភាព នៅពេលប្រសូត។
រដូវក្ដៅបានចាប់ផ្ដើមហើយ នៅថ្ងៃអង្គារ ក្នុងតំបន់អឌ្ឍគោលខាងត្បូង ដោយមានការឡើងកម្ដៅអាកាសធាតុ ហើយក្រុមមន្ដ្រីកំពុងតែបញ្ជូនភ្នាក់ងារសុខាភិបាលឲ្យធ្វើការពិនិត្យតាមដានពីផ្ទះមួយទៅផ្ទះមួយ ព្រមទាំងធ្វើការបាញ់ថ្នាំមូសដើម្បីជួយដល់ពលរដ្ឋក្នុងការលុបបំបាត់ការកើនឡើងនៃសត្វមូស។ ជាបន្ថែមទៀតនោះ ក្រុមមន្ដ្រីក៏បានប្រាប់ដល់ពលរដ្ឋ សូមឲ្យបញ្ឈប់ផែនការមានផ្ទៃពោះ ប្រសិនបើគេអាចធ្វើទៅបាន៕
ប្រេស៊ីល កំពុងរកវិធីដោះស្រាយតទល់ជាមួយវីរុស ដែលមានប្រភពមកពីសត្វមូស
0 Comments