ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានចេញលិខិតចំហជូនសម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរចាត់វិធានការសមស្រប ចំពោះការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែបន្ថែមរបស់កម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ និងមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ រហូតបង្កជាហិង្សាខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ។
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ស្ថានភាពកុបកម្ម ដែលបង្កដោយក្រុមកុបករ ដែលផ្ដើមចេញពៅរោងចក្រ Kingmaker (Cambodia) footwear នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញ មកដល់ពេលនេះ បាននឹងកំពុងបន្តក្នុងគោលដៅដើម្បីទាមទារដំឡើងប្រាក់ឈ្នួលលើសពីការកំណត់របស់គណៈកម្មការប្រឹក្សាការងារបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ របស់បណ្ដារោងចក្រសហគ្រាសនៅក្នុងតំបន់ ព្រមទាំងបង្កគ្រោះថ្នាក់ដល់និយោជក និងនិយោជិក ដែលមិនមែនជាកុបករផងដែរ។
GMAC បានលើកឡើងទៀតថា “សកម្មភាពហិង្សា ដែលបានកើតឡើងជាដដែលជារៀងរាល់ឆ្នាំបែបនេះ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ និងទស្សនវិស័យរយៈពេលវែង របស់អ្នកវិនិយោគ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ សកម្មភាពផលិតកម្ម នៅក្នុងតំបន់សេដ្ឋកិច្ច មេហាតធេនទាំងមូល ត្រូវបានបញ្ឈប់ទាំងស្រុង ហើយការខាតបង់មានទំហំរាប់លានដុល្លារ។
ជាមួយគ្នានោះ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលតំណាងឲ្យនិយោជកក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងបានអំពាវនាវ ទី១, អំពាវនាវដល់ដល់រាជរដ្ឋាភិបាលជាពិសេសស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមេត្តាចាត់វិធានការណ៍សមស្រប និងមានប្រសិទ្ធភាព ក្នុងការពារសន្តិសុខ និងសុវត្ថិភាពរបស់អ្នកវិនិយោគ និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងទប់ស្កាត់ឲ្យខាងតែបាននូវរាល់សកម្មភាពហិង្សាផ្សេងៗ ដែលល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ចំណាត់ការដែលឆ្លើយតបទៅ និងសកម្មភាពហិង្សាខាងលើគ្រាន់តែជាគោលការណ៍មូលដ្ឋានរបស់រដ្ឋមួយក្នុងការអនុវត្តន៍ច្បាប់ និងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។
ទី២, ចំពោះបងប្អូនកម្មករ និយោជិក សហជីព សមាគមទទួលស្គាល់សិទ្ធិក្នុងការទាមទារ តែរាល់សកម្មភាពទាំងឡាយត្រូវតែធ្វើឡើងប្រកបដោយសន្តិវិធី និងអនុលោមទៅតាមនីតិវិធីច្បាប់ជាធរមាន។ សកម្មភាពហិង្សាខាងលើ មិនបានឆ្លុះបញ្ចាំងពីអត្តពលិក ដែលប្រកបដោយពិចារណា និងសេចក្ដីថ្លៃថ្នូរនោះទេ៕
សមាគមរោងចក្រកាត់ដេរកម្ពុជាស្នើឱ្យអាជ្ញាធរចាត់វិធានការ ចំពោះការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែបង្កហិង្សា
0 Comments