Ad Code

រឹត​បន្តឹង​ការ​ដឹក​លើស​ទម្ងន់​កំណត់​ ធ្វើ​ឲ្យ​រថយន្ត​រាប់​សិប​គ្រឿង​កកស្ទះ​

ស្ទឹងត្រែង ៖ រថយន្ត​រាប់​សិប​គ្រឿង​បាន​កកស្ទះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ ខណៈ​ដែល​ក្រុម​ជញ្ជីង​ដឹក​លើស​ទម្ងន់​កំណត់​បាន​ធ្វើការ​រឹត​បន្តឹង។ តែ​ការ​​រឹត​បន្តឹង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថា​ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​តែប៉ុណ្ណោះ ខណៈ​ផ្លូវជាតិ​លេខ​៧​មួយ​ខ្សែ​បាន​រលាយ​បាត់​អស់។​ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៧​បាន​សាងសង់​ថ្មី​ជិត​រួចរាល់​ហើយ។​


ករណី​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​រថយន្ត​រាប់​សិប​គ្រឿង​ក្នុង​ការ​រឹត​បន្តឹង​ពី​ការ​ដឹក​លើស​ទម្ងន់​កំណត់​នេះ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ជិត​អូរ​ពងមាន់ ប្រហែល​១​គីឡូ ស្ថិត​ក្នុង​ភូមិ​រាជានុកូ​ សង្កាត់/ក្រុង/ខេត្ត​ស្ទឹងត្រែង។​ ផ្លូវជាតិ​លេខ​៧​ បាន​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ​២០០៦ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ​ក្រោម​អធិបតេយ្យភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។


ក្នុង​រយៈ​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​នោះ ក៏​មាន​ការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់​កំណត់​នៅ​ចំណុច​អូរ​ពងមាន់​ឲ្យ​ត្រូវ​ស្តង់ដារ​ទម្ងន់​រថយន្ត​ និង​ផ្លូវថ្នល់​ផង​ដែរ។


តែ​ទោះជា​យ៉ាងណា​ ការ​ដាក់​នេះ ពេលខ្លះ ​បាន​ថ្លឹង​ និង​ពេលខ្លះ​បាន​ផាក​ពិន័យ តែ​ការ​ថ្លឹង​បាន​តិចតួច​បំផុត រីឯ​ការ​បង់​លុយ​ឲ្យ​ក្រុម​ជញ្ជីង​វា​ច្រើនជាង ទើប​ធ្វើឲ្យ​ផ្លូវជាតិ​មួយ​នេះ​រង​ការ​ខូច​ខាត​ទាំងស្រុង។​


ក្នុង​រយៈពេលនោះ ​ផ្លូវបាន​រង​ការខូចខាត​ ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់​កំណត់​នៅ​ចំណុច​អូរ​ពងមាន់​បាន​ផ្អាក​មួយ​រយៈ និង​បាន​ស្ថាបនា​កន្លែង​ថ្លឹង​រថយន្ត​ថ្មី​នៅ​ចំណុច​ខាងលើ​។​ ក្រោយពី​ក្រុម​ជញ្ជីង​ដាក់​អស់​ពេល​ជាច្រើន​ខែ​រួចមក ប្រជាពលរដ្ឋ​ថា មិនដែល​ឃើញ​មានការ​រឹត​បន្តឹង​ដូច​ថ្ងៃនេះ​ទេ ឃើញ​តែ​រថយន្ត​ធុន​យក្ស​ដឹកទំនិញ​ និង​ដឹក​ឈើ​លេចៗ​ទ្រង់​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន ពេលនេះ​សង្ស័យ​ថា​អាច​មកពី​ការ​ចរចា​គ្នា​មិន​ត្រូវ​ហើយ​មើល​ទៅ​?​ ទើប​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​រថយន្ត​ច្រើន​បែបនេះ។​


ការ​រឹត​បន្តឹង​រថយន្ត​ដឹក​លើ​ទម្ងន់​កំណត់​ធ្វើឲ្យ​រថយន្ត​រាប់​សិប​គ្រឿង​បាន​កកស្ទះ និង​បាន​ធ្វើឲ្យ​ម្ចាស់​រថយន្ត​ខ្លះ​ដាច់​បាយ រហូត​មានការ​ប្រតិកម្ម ហើយ​ពួកគាត់​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​កសិផល​ទៅមក​រហូត និង​បាន​បង់លុយ​ទៅ​ឲ្យ​ក្រុម​ជញ្ជីង​ចាប់ពី​៥​ម៉ឺន ​រហូត​១៥​ម៉ឺន​រៀល ​ទៅ​តាម​រថយន្ត​តូច​ធំ មិន​ដែល​មាន​បញ្ហា​អី​ទេ តែ​ពេលនេះ​ បែរជា​កាក់​រថយន្ត​ដើម្បី​ថ្លឹង និង​ធ្វើ​ការ​ពិន័យ​ទៀត​ផង ទើប​ធ្វើឲ្យ​ម្ចាស់​រថយន្ត​ខឹង ខ្លះ​បាន​យក​រថយន្ត​ដាក់​កាត់​ផ្លូវ​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ទៀត​ផង។​


ក្រោយពី​មាន​បញ្ហា​នេះ​បាន​កើតឡើង​ពិបាក​ក្នុង​ការ​ដោះស្រាយ អភិបាលខេត្ត​ស្ទឹងត្រែង​លោក ​កុល ស​អុល ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ចុះ​មក​ធ្វើការ​អន្តរាគមន៍​ដើម្បី​ធ្វើការ​សម្របសម្រួល​ឲ្យ​ស្ថានការណ៍​នេះ​ល្អ​ប្រសើរ​ឡើងវិញ និង​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កុំ​ផាក​ពិន័យ​ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ចំពោះ​រថយន្ត​ណា​ដែល​ដឹក​លើស​ទម្ងន់ បញ្ឈប់​ការ​ដឹក​លើស​បន្ត​ទៀត បើសិនជា​នៅតែ​ល្មើស​នោះ ​ជំនាញ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។​


ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​លើកឡើងថា ​បើសិន​ជាការ​អនុវត្ត​ច្បាប់​វិញ​នោះ កុំ​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​តែមួយ​ភ្លែត ​រួច​បាត់​ឈឹង​ទៅ​នោះ ផ្លូវជាតិ​ពិតជា​មិនបាន​យូរអង្វែង​ទេ វា​ងាយ​នឹង​រង​ការខូចខាត​ណាស់ ហើយ​ពួកគាត់​ត្រូវ​ចំណាយ​ពេលវេលា​យូរ ថវិកាជាតិ​ជាច្រើន​ត្រូវ​ខាតបង់​អត់​ប្រយោជន៍ ​ចំណេញ​តែ​បុគ្គល​ខិលខូច​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ៕


Pisey-2015-12-17-full-G50


Pisey-2015-12-17-full-G51


Pisey-2015-12-17-full-G54


Pisey-2015-12-17-full-G56


Pisey-2015-12-17-full-G58
Pisey-2015-12-17-full-G570




រឹត​បន្តឹង​ការ​ដឹក​លើស​ទម្ងន់​កំណត់​ ធ្វើ​ឲ្យ​រថយន្ត​រាប់​សិប​គ្រឿង​កកស្ទះ​

Post a Comment

0 Comments

Close Menu