ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន អនុញ្ញាតឱ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ និងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះការចូលកាន់តំណែងរបស់ឯកឧត្ដមជាឯកអគ្គរដ្ឋទូត ហើយលោករដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវអំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ដោយរំលេចនូវចក្ខុវិស័យបេសកកម្ម និងទិសដៅការងារពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ក្រសួង ជាពិសេសការពង្រឹងតួនាទីអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាពបរិស្ថាន ការរក្សាបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព។
ជំនួបនេះជាការបើកទំព័រសករាជថ្មី នៃទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យបរិស្ថាន ដោយភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ជាពិសេសលើការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាការប្រើប្រាស់ថាមពល ដែលអាចធានាបាននូវការអភិវឌ្ឍដោយចីរភាព៕
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា ជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន



0 Comments