បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងនឹងការជួញដូរគ្រឿងញៀននៃស្នងការនគរបាលខេត្តបានចុះសហការ ជាមួយនឹង កម្លាំងនគរបាលប៉ុស្តិ៍ព្រះពន្លា បានចុះបង្ក្រាបករណីប្រើប្រាស់ និង ជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែងនៅចំណុចរ៉ារថភ្លើង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៤នាក់ និងដកហូតវត្ថុតាងថង់សម្រាប់ដាក់ថ្នាំ២៣ថង់តូច ទូរស័ព្ទ២គ្រឿង ដែកកេះ សម្រាប់ជក់២ បញ្ជូនមកស្នងការ ដើម្បីសួរចំលើយ។
មន្ត្រីនគរបាលប្រឆាំង និង បទល្មើសគ្រឿងញៀនបាននិយាយថា ពេលដែលកំពុងធ្វើការសាកសួរជនសង្ស័យទាំង៤នាក់នោះ ស្រាប់តែទូរស័ព្ទជនសង្ស័យរោទ៍ឡើងមានអ្នកកុម្ម៉ង់ទិញថ្នាំញៀនជាបន្តបន្ទាប់ បើទោះបីជនសង្ស័យទាំង៤នាក់នោះ គ្មានគ្រឿងញៀនជាប់នៅក្នុងខ្លួនយ៉ាងណាក៏ដោយក៏សមត្ថកិច្ចសន្មតថា ជនសង្ស័យទាំង៤នាក់នេះ ប្រាកដជាអ្នកជួញដូរគ្រឿងញៀនពិតជាមិនខានឡើយ។
ជនសង្ស័យទាំង៤នាក់នោះ ទី១មានឈ្មោះឡា សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ទី២មានឈ្មោះឡា ស្រីណេត ភេទស្រី អាយុ២៩ឆ្នាំ ទី៣ឈ្មោះទឹម ទុន ភេទប្រុស អាយុ២២ឆ្នាំ ទី៤ឈ្មោះកែម សុខេង ភេទស្រី អាយុ៣១ឆ្នាំ អ្នកទាំង៤រស់នៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
នគរបាលជំនាញគ្រឿងញៀនបាននិយាយថា ជនសង្ស័យទាំង៤នាក់ នេះបើទោះបីគ្មានគ្រឿងញៀនជាប់ខ្លួនក៏ដោយ នគរបាលជំនាញផ្នែកខាងគ្រឿងញៀនកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់បក្ខពួកបន្ត ដែលទូរស័ព្ទមកទិញគ្រឿងញៀនពីជនសង្ស័យទាំង៤នាក់នេះបន្តបន្ទាប់៕
ជនសង្ស័យប្រុសស្រីចំនួន៤នាក់ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
0 Comments