ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដី-ប្រពន្ធ ដោយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំ និងសម្ភារៈពាក់ព័ន្ធនឹងបទល្មើសមួយចំនួនធំ។
ការចុះបង្ក្រាប និងឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលរហូតដល់ម៉ោង៥និង៤៦នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចបន្ទប់ជួលលេខA២ ស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា និងបន្ទប់លេខA៩ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យជួញដូរគ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ពៅ សំអេង នាយរងប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ។
នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួនកញ្ចប់ធំ (២ជី) និងជញ្ជីងថ្លឹងកាំបិតបុ័ងតោចំនួន២ សម្ភារៈពាក់ព័ន្ធមួយចំនួនធំ និងមានស្លាកលេខម៉ូតូមានកាតគ្រីម៉ូតូជាច្រើន ព្រមទាំងម៉ូតូចំនួន៣គ្រឿងផងដែរ ដែលសុទ្ធសឹងតែជាស៊េរីទំនើបៗ។
ជនសង្ស័យទាំង២នេះ ម្នាក់ឈ្មោះ ស៊ូ សុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ទាំង២ខាងលើនេះ និងម្នាក់ទៀតឈ្មោះ លន់ ស៊ីណា ភេទស្រី អាយុ៣១ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា មុខសញ្ញាឈ្មោះ ស៊ូ សុង នេះជាមុខសញ្ញាចាស់ធ្លាប់ជាប់គុក ទើបតែចេញបាន២ខែប៉ុណ្ណោះគេជាមុខសញ្ញា ប្លន់ កាច់.កម៉ូត និងលក់ថ្នាំញៀនយ៉ាងសកម្មផងដែរ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
២នាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
0 Comments