ភ្នំពេញ ៖ តម្លៃសម្ភារៈសំណង់នានា ដូចជា ដែក ស៊ីម៉ងត៍ និងសម្ភារៈដទៃទៀតកំពុងធ្លាក់ថ្លៃនៅកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ ដោយសារតម្រូវការប្រើប្រាស់សម្ភារៈទាំងនោះបានធ្លាក់ចុះធៀបនឹងតម្រូវការនៅក្នុងទីផ្សារ។
បុគ្គលិកក្រុមហ៊ុន ISI Stell Co, Ltd បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា តម្លៃសម្ភារៈសំណង់ ដូចជា ដែក ស័ង្កសីប្រក់ដំបូល និងសម្ភារៈដទៃទៀត ពិតជាបានធ្លាក់ចុះតម្លៃនាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ ក៏បុគ្គលិករូបនោះមិនបញ្ជាក់ឲ្យដឹងពីមូលហេតុសម្ភារៈសំណង់ទាំងនោះធ្លាក់ថ្លៃនោះទេ។
លោក ហេង សុនឆាយ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃី ហ៊ួត ផ្គត់ផ្គង់សម្ភារៈសំណង់បានថ្លែងថា តម្លៃសម្ភារៈសំណង់នាឆ្នាំនេះ ពិតជាបានចុះថ្លៃ ប៉ុន្តែសម្ភារៈមួយចំនួនទៀតក៏បានឡើងថ្លៃផងដែរ ជាក់ស្ដែងឥដ្ឋការ៉ូបានឡើងថ្លៃខ្ពស់ធៀបនឹងឆ្នាំមុន ប៉ុន្តែសម្ភារៈសំណង់ផ្សេងទៀតដូចជា ដែក ក្បឿង ដំបូលស័ង្កសី ស៊ីម៉ងត៍ និងចានបង្គន់បានធ្លាក់ថ្លៃ។
លោកបន្តថា ការកើនឡើងនៃតម្លៃការ៉ូ បាននិងកំពុងឆ្លុះបញ្ចាំងពីកម្រិតយល់ដឹងរបស់អតិថិជនកាន់តែប្រសើរជាងមុន ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានរស់នៅខ្លួនឯង បាននិងកំពុងប្រើប្រាស់ការ៉ូប្រណីតដូចជាការ៉ូគ្រីស្តាល់ និងការ៉ូប្រភេទម៉ាបជាដើម។
លោកបន្តថា “តាមអ្វីដែលលោកដឹងគឺថា ការធ្លាក់ចុះតម្លៃដែកដោយសារការនាំចូលដែកច្រើនជាងតម្រូវការក្នុងទីផ្សារ និងមូលហេតុមួយទៀតគឺពេលធ្វើសមាហរណកម្មអាស៊ាន សម្ភារៈទាំងនេះនឹងរងផលប៉ះពាល់ ព្រោះការនាំចូលពីមុនមក គឺអ្នកនាំចូលត្រូវបង់ពន្ធជូនរដ្ឋាភិបាល ប៉ុន្តែក្រោយពេលធ្វើសមាហរណកម្ម សម្ភារៈទាំងនោះ នឹងលែងតម្រូវឲ្យបង់ពន្ធទៀតហើយ។
លោកបន្តថា “ក្រោយពេលធ្វើសមាហរណកម្ម អាស៊ាន ការនាំចូលសម្ភារៈសំណង់ ក៏ដូចជាផលិតផលនានាតម្រូវឲ្យបង់អាករ១០ភាគរយប៉ុណ្ណោះ។
មន្ត្រីទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន កំពត ស៊ីម៉ងត៍ ដែលបាននិងកំពុងផលិតស៊ីម៉ងត៍K CEMENT លោក ប្រាក់ សេរីវឌ្ឍ បានថ្លែងឲ្យដឹងផងដែរថា ការលក់ស៊ីម៉ងត៍ K Cement បានធ្លាក់ចុះតាំងពីខែតុលាកន្លងមកនេះ ធៀបនឹងឆ្នាំមុន ព្រោះក្នុងរដូវនេះឆ្នាំមុន ជាពេលដែលស៊ីម៉ងត៍ទទួលបានការកុម្ម៉ង់ច្រើន និងលក់ដាច់ខ្លាំង។
លោកបន្តថា ដោយសារតម្រូវការនៅមានកម្រិត បានធ្វើឲ្យរោងចក្រមិនធ្វើការផលិតពេញលេញសម្រាប់សង្វាក់ផលិតកម្មទី២របស់ខ្លួនឡើយ។
លោកបន្តថា “យើងមិនបានដឹងពីមូលហេតុ នៃការធ្លាក់ចុះចំនួនលក់នោះទេ ប៉ុន្តែយើងសង្កេតឃើញថា ការប្រកួតប្រជែងលើទីផ្សារមានសភាពតានតឹងជាងមុន តែទោះជាយ៉ាងណាក្រុមហ៊ុនមិនបានបញ្ចុះតម្លៃផលិតផលរបស់ ខ្លួនទេ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃសម្ភារៈសំណង់បានធ្លាក់ចុះយ៉ាងគំហុក ដោយសារប្រទេសផលិតសម្ភារៈសំណង់ដូចជាប្រទេសចិន និងប្រទេសនៅតំបន់អឺរ៉ុបបានធ្លាក់ចុះនូវការសាងសង់ ព្រោះការផ្គត់ផ្គង់លំនៅដ្ឋានបានលើសតម្រូវការ ដែលធ្វើឲ្យសកម្មភាពសាងសង់នានាធ្លាក់ចុះ។ លោកបន្តថា នេះជាពេលវេលាល្អ សម្រាប់ក្រុមហ៊ុនសាងសង់នានា ព្រោះការធ្លាក់ចុះតម្លៃសម្ភារៈសំណង់ នឹងធ្វើឲ្យតម្លៃថ្លៃដើមនៃសំណង់ថយចុះ។ លោកបន្តថា “នេះជានិន្នាការកំពុងកើតឡើងក្នុងទីផ្សារ ព្រោះពេលណាសកម្មភាពសាងសង់ធ្លាក់ចុះ និងធ្វើឲ្យតម្រូវការសម្ភារៈសំណង់ថយចុះផងដែរ។ នេះជានិន្នាការទូទៅនៅក្នុងទីផ្សារសេរី៕
តម្លៃសម្ភារៈសំណង់នានា បាននិងកំពុងធ្លាក់ចុះ
0 Comments